វ៉ាស៊ីនតោន​និង​សេអ៊ូល បារម្ភ​ពី​កូរ៉េ​ខាង​ជើង ​ប្រហារ​ជីវិត​ពូ​ថ្លៃ​របស់ គីម ជុងអ៊ុន

បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានប្រកាសនៅថ្ងៃសុក្រទី១៣ខែធ្នូនេះ ការប្រហារជីវិតមេដឹកនាំដ៏សំខាន់មួយរូប ដែលត្រូវជា​ឪពុកមាថ្លៃរបស់អគ្គមគ្គុទេស គីម ជុនអ៊ុន ដ៏មហិមា ពីបទ«ក្បត់ជាតិ»នោះ សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​មិត្ត​កូរ៉េខាងត្បូងបានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួន នៅចំពោះការ«បោសសម្អាត»ដ៏ទាន់ហន់ របស់ប្រទេស​កុម្មុយនីស​ចុងក្រោយមួយនេះ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: December 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានប្រកាសនៅថ្ងៃសុក្រទី១៣ខែធ្នូនេះ ការប្រហារជីវិតមេដឹកនាំដ៏សំខាន់មួយរូប ដែលត្រូវជា​ឪពុកមាថ្លៃរបស់អគ្គមគ្គុទេស គីម ជុនអ៊ុន ដ៏មហិមា ពីបទ«ក្បត់ជាតិ»នោះ សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​មិត្ត​កូរ៉េខាងត្បូងបានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួន នៅចំពោះការ«បោសសម្អាត»ដ៏ទាន់ហន់ របស់ប្រទេស​កុម្មុយនីស​ចុងក្រោយមួយនេះ។


លោក ជាង ស៊ុងថេក នៅពេលចូលរួមប្រជុំពិភាក្សាជាមួយប្រទេសចិន ស្ដីពីការអភិវឌ្ឍន៍តំបន់ព្រំដែនសេដ្ឋកិច្ចក្នុង​ប្រទេស​កូរ៉េខាងជើង នាទីក្រុងប៉េកាំងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២។ (រូបថត Xinhua)

កូរ៉េខាងជើង - អតីត សមមិត្ត ជាង ស៊ុងថេក អាយុ៦៧ឆ្នាំ ធ្លាប់ត្រូវបានចាត់ទុកជាបុរសខ្លាំងទី២នៃរបបកុម្មុយនីស និងជាជន្ទល់ដ៏រឹងមាំរបស់ក្មួយថ្លៃរបស់លោក តាំងពីពេល«ក្មួយ»ដ៏មហិមារូបនេះ ឡើងមកកាន់អំណាចជំនួសឪពុក​របស់​ខ្លួននៅឆ្នាំ២០១១។ ទីភ្នាក់ងារផ្លូវការរបស់របបកុម្មុយនីស (KCNA) បានរាយការណ៍ថា អតីតសមមិត្តរូបនេះ​ដែលត្រូវគេឃាត់ខ្លួនភ្លាម កាលពីសប្ដាហ៍កន្លងទៅ នៅក្នុងអង្គប្រជុំដ៏ធំមួយនោះ ត្រូវបានតុលាការយោធា​ពិសេស​​របស់ប្រទេសកូរ៉េខាងជើង កាត់ទោសប្រហារជីវិត នៅថ្ងៃព្រហស្បត្តិ៍ទី១២ខែធ្នូ។ ទោសនេះត្រូវបានអនុវត្តន៍ នៅថ្ងៃ​បន្ទាប់ជាសាធារណៈ និង​នៅ​ក្នុងចំណោមហ្វូងមនុស្ស។

ទីភ្នាក់ងារនោះបានសរសេរថា «ជនជាប់ចោទ ជាជនក្បត់ជាតិ ដែលបានប្រព្រឹត្តិអំពើមិនគប្បី ប្រឆាំងបក្ស ប្រឆាំង​បដិវត្តន៍ ដើម្បីផ្ដួលរំលំថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋរបស់យើង ព្រមទាំងប្រព័ន្ធសង្គមនិយម»។ នៅក្នុងសវនាការ ជាង ស៊ុងថេក បានទទួលស្គាល់ថាខ្លួនបានព្យាយាមធ្វើរដ្ឋប្រហារ ដោយបានបង្កើតចលនាកងទ័ពមួយ ជាមួយនឹង​ក្រុម​អ្នកឃុបឃិតផ្សេងទៀត។ អតីតកម្មាភិបាលជាន់ខ្ពស់រូបនេះ ថែមទាំងត្រូវបានចោទប្រកាន់ ថាបានក្បត់ទំនុកចិត្ត ដែលក្មួយដ៏មហិមារបស់ខ្លួន (គីម ជុងអ៊ុន) បានផ្ដល់ឲ្យ បានទះដៃមិនខ្លាំង នៅពេលមានកិច្ចប្រជុំនយោបាយម្ដងៗ និងបានធ្វើឲ្យរាំងស្ទះនៅក្នុងរោងចក្រ នូវការផលិតផ្លាកសម្គាល់មួយ ដែលផ្ដល់កិត្តិយសឲ្យមេដឹកនាំប្រទេស នោះ​ទៀតផង។

ទីភ្នាក់ងារផ្លូវការដដែលនេះ បានដកស្រង់សម្ដីទទួលទោសរបស់ សមមិត្ត ជាង ស៊ុងថេក មកបញ្ជាក់ថា «ខ្ញុំបាន​សាកល្បង បង្កើតឲ្យមានការមិនពេញចិត្តពីប្រជាជន និងពីកងទ័ព ប្រឆាំងនឹងបរាជ័យនៃរបបសព្វថ្ងៃ ដែលបានធ្វើ​ឲ្យស្ថានភាពសេដ្ឋកិច្ច និងមធ្យោបាយចិញ្ចឹមជីវិតរបស់ប្រជាជន មានលក្ខណៈអាក្រក់ដូច្នេះ»។ ប៉ុន្តែអ្វីដែល​ប្រព័ន្ធ​ផ្សព្វផ្សាយកូរ៉េខាងជើងនេះ យកមកសរសេរនៅក្នុងអត្ថបទរបស់ខ្លួន ហាក់បីដូចជាបានទទួលស្គាល់ ពីភាពលំបាក​យ៉ាងខ្លាំង ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសដូច្នេះដែរ។

ការប្រហារជីវិតនេះបានធ្វើ បន្ទាប់ពីភ្នាក់ងារព័ត៌មានរបស់ប្រទេសកូរ៉េខាងត្បូង កាលពីប៉ុន្មានថ្ងៃមុន បានលើក​ដូច​គ្នា​ពីការប្រហារជីវិត មនុស្សជិតដិតពីរនាក់ផ្សេងទៀត នៃរបបកុម្មុយនីស។

ចំណែកទីក្រុងវ៉ាស៊ីនតោនឯណោះ បានលើកឡើង ថាខ្លួនមិនអាចបញ្ជាក់បាន ពីការប្រហារជីវិត លោក ជាង ស៊ុងថេក តាមប្រភពឯករាជ្យណាមួយនោះទេ។ អ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក ម៉ែរី ហាហ្វ (Marie Harf) បានថ្លែងថា «យើងគ្មានមូលហេតុ ដើម្បីសង្ស័យពីការផ្សព្វផ្សាយព័ត៌មានរបស់ ទីភ្នាក់ងារ KCNA នោះទេ។ តែ​បើសិនវាជារឿងពិតនោះ វាធ្វើឲ្យយើងមានគំរូមួយទៀតហើយ ដែល ឆ្លុះបញ្ចាំងពីភាពឃោឃៅរបស់របបនេះ។ យើងតាមដានយ៉ាងជិតដិត នូវការវិវត្តន៍ទៅមុខរបស់ប្រទេសកូរ៉េខាងជើង ហើយពិគ្រោះយោបល់ជាមួយ រាល់​សម្ព័ន្ធមិត្ត​របស់យើងនៅក្នុងតំបន់។»

«ទុកមិនចំណេញ»

នៅទីក្រុងសេអ៊ូលវិញ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសសត្រូវសួរពូជ របស់របបកុម្មុយនីស បាន​សម្ដែងការព្រួយបារម្ភរបស់ខ្លួន ទាក់ទងនឹងការវិវត្តន៍ ទៅមុខនាពេលថ្មីៗនេះ។ អ្នកជំនាញនានាបាននិយាយថា របប​កុម្មុយនីសអាចនឹងមានយុទ្ធានាការដ៏ធំមួយ ដើម្បីបោសម្អាតចោល នូវមនុស្សដែលធ្លាប់ជិតដិតជាមួយលោក ជាង ស៊ុងថេក។ អ្នកវិភាគទាំងនោះ បាននិយាយទៀតថា «យើងអាចគិតថា គីម ជុងអ៊ុន មានអារម្មណ៍ភ័យខ្លាច ជាង ស៊ុងថេក ទៅជាការគម្រាមមួយ ដោយសារតែបក្សបានចាត់ទុក មាថ្លៃរូបនេះ ថាជា​បុរសដែលមានឥទ្ធិពល​មួយរូប ទាំងនៅក្នុងនយោបាយ ទាំងនៅក្នុងជួរកងទ័ព ឬគេអាចនិយាយបានថា ប្រព័ន្ធគ្រប់គ្រងអំណាចមួយផ្សេង​ទៀត បានកើតឡើង»។

អ្នកវិភាគម្នាក់ពីទីក្រុងវ៉ាស៊ីនតោន បានពន្យល់ថា «ការបកស្រាយមួយទៀត ដោយសារតែ គីម ជុងអ៊ុន លែងត្រូវ​​ការ​លោក ជាង ស៊ុងថេក ទៀតហើយនិងមិនចង់ឃើញអំណាចរបស់បុរសនេះ ចេះតែកើនឡើង ដូច្នេះទុកមិន​​ចំណេញ។ តែទាំងនេះជាការយល់ឃើញ ទៅតាមសភាពការណ៍ជាក់ស្ដែងរបស់របបនេះតែប៉ុណ្ណោះ។»

សូមបញ្ជាក់ថា លោក ជាង ស៊ុងថេក ជាស្វាមីរបស់ប្អូនស្រីរបស់ គីម ជុងអ៊ីល (Kim Jong-Il) ឪពុក គីម ជុងអ៊ុន ដែលជាមេដឹកនាំវ័យជាង៣០ឆ្នាំសព្វថ្ងៃ។ លោក ជាង ជាអនុប្រធានគណកម្មាធិការការពារជាតិ ដែលត្រូវបាន​ចាត់​ទុក​ជាអ្នក​សម្រេចចិត្តមួយដ៏មានអំណាច នៃរបប។ បុរសនេះត្រូវបានគេដឹងថា បានពង្រីកឥទ្ធិពលរបស់ខ្លួន បន្ទាប់ពី គីម ជុងអ៊ីល ធ្លាក់ខ្លួនឈឺនៅឆ្នាំ២០០៨ ហើយធ្វើមរណភាព នៅបីឆ្នាំក្រោយមក ជាពិសេសលោកជាជន្ទល់ដ៏ធំ​របស់ គីម ជុងអ៊ុន នៅពេលដែលយុវជនអាយុ៣០ផ្លាយ រូបនេះ មកកាន់អំណាចដំបូង៕

------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...