ឈិន សុធារី៖ កុំរំលឹកពីព័ត៌មានបងស្រី ធ្វើអត្តឃាតព្រោះស្នេហា
ជីវិតតារា - មិនត្រឹមតែសាច់ញាតិនោះទេ ប៉ុន្តែរាល់បណ្ដាភ្ញៀវដែលបានចូលរួមរំលែកទុក្ខនោះ ម្នាក់ៗសម្តែងនូវភាពរន្ឋត់ស្រក់ទឹកភ្នែកគ្រប់គ្នា នៅពេលគេអានជីវប្រវត្តិរបស់សព កាលពីនៅរស់រានមានជីវិត។ មុនពេលពិធីដង្ហែសពចេញទៅបូជា កញ្ញាឈិន សុធារី ដែលគេស្គាល់ច្បាស់ជាពិធីការិនីល្បី និងនៅមានស្មារតីល្អ មិនទាន់ស្រែកទ្រហោយំស្តាយបងស្រីពេលបូជានោះ បានប្រាប់អ្នកយកព័ត៌មាន ទាំងសំដីមួយៗស្អក កខ្លះៗថា នាងមិនសប្បាយចិត្តទេ ដែលកន្លងមក ក្នុងពេលដែលបងស្រីនាងលាចាកលោកនេះហើយ បែរជានៅតែលេចឮថាគាត់សម្លាប់ខ្លួនព្រោះស្នេហា។
នាងឈិន សុធាវីបន្តថា ទោះជាបែបនេះក្តី ក៏នាងមិនចង់ឲ្យរំលឹករឿងណ្នឹងទៀតទេ ព្រោះគាត់ទៅបាត់ហើយ យ៉ាងណានាងសុំចិត្ត ឈប់លើកយកមកនិយាយទៅទៀត។ កញ្ញា ឈិន សុធាវី បានបកស្រាយទាក់ទងនឹងព័ត៌មានមួយចំនួន ដែលបានលើកឡើងពីរូបនាង ជាអ្នកនិយាយថាបងស្រីរបស់នាងបានស្លាប់ ដោយសារស្នេហាត្រីកោណឬវិបត្តិស្នេហ៍។ នាងបញ្ជាក់ឡើងវិញថា នាងបានមិនដឹងអ្វីទេ ហើយបងប្អូនរបស់ពួកនាងក៏មិនសប្បាយចិត្តដែរ។ «នាងខ្ញុំសុំតែម្យ៉ាងទេ គឺកុំលើកឡើងពីព័ត៌មានអីតទៅទៀត ទាក់ទិននឹងបងស្រីនាងខ្ញុំ ព្រោះក្រុមគ្រួសារកំពុងតែមានទុក្ខ ហើយក៏មិនចង់កើតមានព័ត៌មានអីទៀតដែរ»។
ដំណឹងចុងក្រោយដែលបានធ្លាយចេញឲ្យដឹង ពីប្រភពមន្ត្រីប៉ូលីស បានឲ្យដឹងថា សំណុំរឿងមរណភាពរបស់តារាចម្រៀង ឈិន សុរ៉ាវី បានត្រូវក្រុមសាច់ញាតិរបស់តារាចម្រៀង ស្នើបញ្ចប់ការតាមដានពីករណីនេះជាផ្លូវការ។ កាបញ្ជប់នេះ គឺបងប្រុសរបស់តារាចម្រៀង លោកឈិន កុសល ខ្លួនលោក ជាអ្នកប្រាប់ទៅសមត្ថកិច្ចថា មិនបាច់ស្រាវជ្រាវទៀតទេ ដោយសារតែលោកដឹងច្បាស់ថា ប្អូនស្រីលោកនាង ឈិត សុរ៉ាវី ពិតជាធ្វើអត្តឃាតពិតប្រាកដមែន។
លោក ឈិន កុសល បានលើកឡើងថា មុនពេលដែលនាងសម្លាប់ខ្លួន នាងបានបិទទ្វាផ្ទះចាក់សោយ៉ាងជិតឈឹង មិនមានអ្នកណាម្នាក់ អាចទៅជួយនៅពេលនាងធ្វើអត្តឃាតនោះបានទេ។ លោកឈិន កុសល ហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ ដោយបញ្ជាក់ថា ប្អូនស្រីរបស់លោកពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតមែន។ ប្រភពមន្ត្រីនគរបាលនោះ បានលើកសម្ដីរបស់លោក ឈិន កុសល មកថ្លែងថា «មិនមានអ្នកណាសម្លាប់ទេ លោកសុំធានាអះអាងអ៊ីចឹង ដើម្បីកុំឲ្យវែងឆ្ងាយ»។ ដោយសារតែការធានាអះអាង របស់លោកឈិន កុសល ដែលជាបងប្រុសបង្កើតដូច្នេះហើយ ទើបនគរបាលបានដកថយពីសំណុំរឿង ហើយឥឡូវនេះបានបិទបញ្ចប់ ជាមួយនឹងសេចក្ដីសន្និដ្ឋានចុងក្រោយថា ជាករណីធ្វើឃាតខ្លួនឯង។
ស្វាមីដែលមិនមកជូនដំណើរប្រពន្ធចុងក្រោយ ...
សូមបញ្ជាក់ថា ក្នុងពិធីបុណ្យសពតារាចម្រៀងឈិន សុរ៉ាវី ដែលឈានដល់កិច្ចបញ្ចប់ការបូជារួចនោះ គេឃើញវត្តមានតារាសិល្បៈ និងអ្នកមិនមែនជាអ្នកសិល្បៈ មិនសូវជាច្រើនណាស់ណាទេ បានមកចូលរួមថ្ងៃរំលត់កាយនោះ ដោយសារតែអ្នកសិល្បៈជាច្រើនបានអះអាងថា មកពីពួកគេរវល់ប៉ះចំថ្ងៃមានការដើរច្រៀង សម្ដែងនិងធ្វើការងារដូចគ្នា។ ជាពិសេស បុរសដែលជាស្វាមីលាក់មុខរបស់តារាចម្រៀង ក៏មិនបានបង្ហាញមុខសូម្បីបន្តិចឡើយ រាប់ពីពេលមរណភាពរបស់នាង នៅថ្ងៃដំបូង។ «ស្វាមី»លាក់មុខ ដែលត្រូវបានសង្ស័យថាជាដើមចម នៃការធ្វើអត្តឃាតរបស់តារាចម្រៀង។
ក្នុងចំណោមតារាសិល្បៈ ដែលមានតិចតួចក្នុងការដង្ហែសពឈិន សុរ៉ាវីយកទៅបូជានោះ មានដូចជាលោកសាពូន មីដាដា លោកឡេង ប៊ុនណាត លោក សុវណ្ណ មករា លោកស៊ិន ច័ន្ទវាសនា លោក យក់ ដួងតារា លោកបញ្ញា សិទ្ឋិនិងកញ្ញាទេព សម្ជស្ស ជាដើម។ តែអ្វីដែលបានធ្វើឲ្យបណ្ដាជនទូទៅ ជាពិសេសអ្នករស់នៅជិតវត្តតាំងកសាងខាងជើង ទប់មិនស្រក់ទឹកភ្នែកមិនបាននោះ ដោយសារតែទិដ្ឋភាព សង្រោងសង្រេងនៃពិធីបុណ្យសព ដែលម្នាក់ៗ ស្រែកយំទន់ដៃទន់ជើងគ្រប់គ្នា និងអ្នកខ្លះរកដួលសន្លប់ ត្រូវគេគ្រារកកន្លែងសម្រាកនោះថែមទៀត។ ដោយឡែកកញ្ញាឈិន សុធារី វិញ ក៏មានអាការៈយំឡើងទន់ខ្លួន ត្រូវគេចាប់ទប់ខ្លួន ជាពិសេសនៅក្រោយពេលបើកមុខ មើលសពបងស្រីបង្កើតជាចុងក្រោយ។ ទ្រាំមិនយំមិនបាន ព្រោះនឹកស្តាយអនុស្សាវរីយ៍ទាំងឡាយ ជាពិសេសនៅពេលដែលបងស្រីនាង នៅមានជីវិត បងស្រីស្រស់សោភា តែងតែបានផ្តល់នូវការទូន្មានប្រៀនប្រដៅនាង ជានិច្ចជាកាល៕
---------------------------------------------------------
ដោយ៖ សំ នៀង ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់ដោយ៖ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ