ហ៊ីឡារី គ្លីនតុន និង បារ៉ាក់ អូបាម៉ា ចង់មកទស្សនា កម្ពុជា
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: May 28, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមទីភ្នាក់ងារពត៌មាន ស៊ីនហ៊ួ xinhua របស់ចិន បានធ្វើរបាយការណ៍ ពីសេចក្ដីជូនដំណឹងរបស់ រដ្ឋលេខាធិការ នៃក្រសួងការបរទេសអាមេរិច ទទូលបន្ទុកខាងអាស៊ីបូព៌ា និងតំបន់មហាសាគរប៉ាស៊ីភិច លោក ឃើត ខាំប៊ែល Kurt Campbell ដែលបានអោយដឹងថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី ហ៊ីឡារី គ្លីនតុន និងប្រធានាធិបតី អាមេរិក លោកបារ៉ាក់ អូបាម៉ា មានបំណងយ៉ាងខ្លាំង ចង់មកទស្សនាប្រទេសកម្ពុជា ក្នុងឱកាសនៃការជួបប្រជុំ របស់ប្រជាជាតិ នៅតំបន់ អាស៊ីអាគ្នេយ៍នាឆ្នាំនេះ ។
លោក អៀង សុផាឡែត Eang Sophallet អ្នកនាំពាក្យរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់ទៅបណ្ដា អ្នកសារពត៌មានថា៖ លោក ឃើត ខាំប៊ែល បាននិយាយបកស្រាយអោយដឹងពីដំណឹងនេះ ខណៈពេលដែលលោក បាន ជួបប្រជុំជាមួយ នាយករដ្ឋមន្ដ្រី នៅឯវិមានសន្ដិភាព។
រដ្ឋលេខាធិការ នៃក្រសួងការបរទេសអាមេរិច បានជូនដំណឹងថា លោកស្រី គ្លីនតុន នឹងមកចូលរួមក្នុងវេទិការតំបន់ របស់ អាស៊ាន ក្នុងអំឡុងខែកក្កដា ហើយលោក អូបាម៉ា នឹងមកចូលរួមក្នុង កិច្ចប្រជុំកំពូលរបស់ បណ្ដាប្រទេសអាស៊ីបូព៌ា ក្នុងអំឡុងខែវិច្ឆិការ ខាងមុខ។
នៅក្នុងជំនួបជាមួយ នាយករដ្ឋមន្ដ្រីកម្ពុជានេះ លោក ឃើត ខាំប៊ែល បានសន្យា នឹងជួយលើកទឹកចិត្ត ដល់អ្នកធ្វើ វិនិយោគ ទុនបរទេស នៅប្រទេសកម្ពុជា និងនៅក្នុងបណ្ដាប្រទេសប្រជាជាតិ អាស៊ីអាគ្នេយ៍ ដើម្បីអោយចំណងទាក់ទងរវាង អាមេរិក និងប្រទេសទាំងនេះ កាន់តែមានភាពរឹងមាំ។
ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ដ្រីហ៊ុនសែន បានបញ្ជាក់តបវិញថា ការអញ្ជើញមកដល់នៃ ប្រមុខការទូត និង ប្រធានាធិបតីអាមេរិក នឹងពង្រឹក ទំនាក់ទំនង់ រវាងកម្ពុជា អាមេរិក និងជាសក្ខីភាពនៃការជឿជាក់សំរាប់ អ្នកធ្វើវិនិយោគទុន អាមេរិកាំង នៅលើស្ថានភាពសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសកម្ពុជា។
សហរដ្ឋអាមេរិក ស្ថិតនៅលំដាប់ថ្នាក់ ជាប្រទេសទី៥ នៃការបណ្ដាក់ទុន នៅប្រទេសកម្ពុជា។ បើតាមតួលេខបញ្ជាក់ដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពីឆ្នាំ១៩៩៤ដល់២០១១ បានអោយដឹងថា ប្រទេសកម្ពុជា បានទទួលកិច្ចសន្យាធ្វើវិនិយោគទុន មានចំនួនជាទឹកប្រាក់ ប្រមាណជា ១,៣កោដដុល្លាអាមេរិក ពីសហរដ្ឋអាមេរិក៕
----------------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១២
ប្រភពពត៌មាន៖ ទីភ្នាក់ងារពត៌មាន ស៊ីនហ៊ួ xinhua
Crédit Photo : wikimedia.org