សម រង្ស៊ី-កឹម សុខា៖ គណបក្សសង្គ្រោះជាតិឈ្នះ និងទទួលបានយ៉ាងតិច៦៣កៅអី
ថ្លែងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងពេលចុងក្រោយនេះ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា បានអះអាងឡើងវិញ ពីជ័យជំនះរបស់ខ្លួន លើគណបក្សប្រជាជនកម្ពុជា របស់នាយករដ្ឋមន្ត្រីចាំផ្ទះលោក ហ៊ុន សែន ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៥ឆ្នាំ២០១៣នេះ។
លោក សម រង្ស៊ី និងកឹម សុខា ធ្វើសន្និសិទរួមគ្នា នៅទីស្នាក់ការកណ្ដាលគណបក្ស។ (រូបថត MONOROOM.info/ O.Vary)
ប្រធានគណបក្សលោក សម រង្សី បានប្រកាសថា គណបក្សសង្គ្រោះជាតិរបស់លោក បានឈ្នះយ៉ាងហោចណាស់ ៦៣កៅអី ពីក្នុងចំណោមអសនៈទាំង១២៣កៅអី នៅក្នុងរដ្ឋសភា ហើយថាលោក និងគណបក្សរបស់លោក កំពុងត្រៀមខ្លួនដឹកនាំរដ្ឋាភិបាលថ្មី ដែលមានរូបលោកជានាយករដ្ឋមន្ត្រី។ លោកថែមទាំងនិយាយថា អ្វីដែលលោកបាននិយាយក្នុងពេលនេះ ជាការបញ្ជាក់ឡើងវិញជាមួយនឹងតួលេខច្បាស់លាស់ នូវអ្វីដែលគណបក្សរបស់លោក បានចេញសេចក្ដីថ្លែងការណ៍ភ្លាមមួយ ក្រោយពីការបោះឆ្នោតនៅថ្ងៃអាទិត្យទី២៨ ខែកក្កដា។
ប្រភពដែលឈានទៅដល់ការអះអាងនេះ លោក សម រង្សី បានបញ្ជាក់តាមកិច្ចសម្ភាសមួយ ក្នុងវិទ្យុអាស៊ីសេរីថា ដោយសារភ្នាក់ងារគណបក្សរបស់លោក បានផ្ដល់ពីតាមខេត្តមកជាបណ្ដើរៗ។ ប្រធានគណបក្សប្រឆាំងរូបនេះថ្លែងថា «យើងបានទទួលតួលេខជាបណ្ដើរៗ ពីគ្រប់ខេត្តក្រុមទាំងអស់ ជាពិសេសទម្រង់ ១១០៤ យើងបូកសរុបបញ្ចូលទៅ មកទល់នឹងម៉ោងនេះ យើងបាន៦៣កៅអី។ ហើយខ្ញុំជឿថា នឹងឡើងបានច្រើនជាងនេះ។ (...) គណបក្សប្រជាជនបាន៦០ យើង (គណបក្សសង្គ្រោះជាតិ) បាន៦៣។»
ទាក់ទងនឹងតួលេខដែលផ្ដល់ដោយអង្គការសង្គមស៊ីវិល ដែលមានជំនាញខាងការឃ្លាំមើលការបោះឆ្នោត ខមហ្វ្រែល លោក សម រង្ស៊ី បានពន្យល់ថា នឹងធ្វើការផ្ទៀងផ្ទាត់គ្នា នៅពេលបានតួលេខមករួមគ្នាទាំងអស់។ អង្គការនេះ បានប្រកាសកាលពីថ្ងៃច័ន្ទទី២៩ខែកក្កដា ថាគណបក្សសង្គ្រោះជាតិបានទទួល៥៦កៅអី ទល់នឹងគណបក្សប្រជាជន៦៧អសនៈ ដែលខុសបន្ដិចពីការផ្សាយរបស់គ.ជ.ប ដែលថា គណបក្សសង្គ្រោះជាតិបានតែ ៥៥កៅអី។
ចំណែកលោកកឹម សុខា វិញ បានសង្កត់ធ្ងន់ពីការលួចបន្លំ បានកើតមានយ៉ាងខ្លាំង ក្នុងដំណើរការនៃការបោះឆ្នោត ទាក់ទងនឹងឈ្មោះស្ទួន បាត់ឈ្មោះ បោះឆ្នោតជំនួស និងបញ្ហាទឹកខ្មៅជ្រលក់ដៃនោះជាដើម ដោយទាមទារអោយបង្កើតជាគណៈកម្មការចម្រុះ និងឯករាជ្យមួយ ដែលមានការចូលរួមពីអង្គការសហប្រជាជាតិផង ដើម្បីធ្វើការអង្កេតលើករណីទាំងនេះ។ អនុប្រធានគណបក្សប្រឆាំងរូបនេះ បានអះអាងថា រវាងគណបក្សទាំងពីរ (ប្រជាជន និងសង្គ្រោះជាតិ) មានគម្លាតគ្នាតែជាង២សែនសម្លេងប៉ុណ្ណោះ។ ដូច្នេះជាងពីរសែនសម្លេងនេះ បានបាត់បង់ដោយសារការលួចបន្លំ និងភាពមិនប្រក្រតីទាំងឡាយក្នុងពេលបោះឆ្នោត ដែលបើតាមលោក អាចមានសម្លេងរាប់សិបលាន ច្រើនជាងឆ្ងាយពីភាពខុសគ្នាតែ២សែនសម្លេងនេះទៅទៀត ដែលសុទ្ធតែជាសម្លេងគាំទ្ររបស់គណបក្សសង្គ្រោះជាតិ។
ជាមួយនឹងប្រធានគណបក្ស ដែលជាដៃគូរ«ស្លាប់រស់មួយជីវិត»របស់លោក លោក កឹម សុខា បានអំពាវនាវឲ្យគណបក្សប្រជាជន ទទួលស្គាល់ជ័យជំនះរបស់គណបក្សសង្គ្រោះជាតិ ដើម្បីដោះស្រាយបញ្ហាជាតិទៅមុខទាំងអស់គ្នា។ លោកបានបកស្រាយថា «ទោះបីមានការលួចបន្លំសន្លឹកឆ្នោតប៉ុណ្ណេះហើយ មណ្ឌលដែលមេដឹកនាំគណបក្សប្រជាជនទាំងបីនាក់ឈរឈ្មោះ សុទ្ធតែចាញ់គណបក្សសង្គ្រោះជាតិទាំងអស់។ មេបក្សប្រជាជន (លោក ជា ស៊ីម) ឈរនៅភ្នំពេញ ចាញ់គណបក្សសង្គ្រោះជាតិ។ មេមួយទៀត (លោក ហ៊ុន សែន) នៅខេត្តកណ្ដាល ចាញ់សង្គ្រោះជាតិ និងមេមួយទៀតនៅខេត្តកំពង់ចាម (លោក ហេង សំរិន) ចាញ់សង្គ្រោះជាតិ។ ចាញ់មេទាំងបី ដូចជាចាញ់ទៅហើយ។»
ការចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោតខាងលើ ត្រូវបានច្រានចោលដោយរដ្ឋាភិបាលនៅថ្ងៃអង្គារទី៣០ខែកក្កដានេះ ហើយក៏បានបដិសេធផងដែរ ការស្នើសុំរបស់គណបក្សប្រឆាំង ទាក់ទងនឹងការបង្កើតគណៈកម្មការចម្រុះ ដើម្បីអង្កេតលើភាពមិនប្រក្រតីទាំងនេះ។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ លោក អ៊ុច បូរិទ្ធ បានអះអាងថា «មានអ្នកសង្កេតការណ៍ជាតិច្រើនជាង ១០ ពាន់នាក់ និងអន្តរជាតិ ច្រើនជាង១០០នាក់ បានចាត់ទុកការបោះឆ្នោតរបស់យើង ថាបានប្រព្រឹត្តិទៅដោយអហឹង្សា បញ្ជៀសបានពីគ្រប់ហឹង្សា សេរី និងយុត្តិធម៌»។ លោក អ៊ុច បូរិទ្ធ បានបន្ថែមថា «យើងនឹងសុំឲ្យគណបក្សប្រឆាំង ផ្ដល់មកឲ្យយើងនូវភស្ដុតាង ពីការលើកឡើងទាក់ទងនឹងភាពមិនប្រក្រតីទាំងនោះ»។
ផ្ទុយពីការអះអាងរបស់រដ្ឋាភិបាល ទាក់ទងនឹងអ្នកសង្កេតការណ៍អន្តរជាតិនោះ សហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុបដែលតំណាងឲ្យប្រទេសទាំង២៧នៅទ្វីបអ៊ឺរ៉ុប បានចេញសេចក្ដីថ្លែងការណ៍ សម្តែងការព្រួយបារម្ភរបស់ផងខ្លួន ពីរបាយការណ៍ទាំងឡាយ ស្ដីពីភាពមិនប្រក្រតីជាច្រើននៅពេលបោះឆ្នោត។ ក្រុមប្រទេសលោកខាងលិចទាំងនេះ បានស្នើឱ្យមានការស៊ើបអង្កេត ដោយពេញលេញនិងតម្លាភាពមួយ លើភាពមិនប្រក្រតីទាំងនោះ៕
--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ