ការងារបណ្ណារក្ខ និងបណ្ណាល័យ នៅប្រទេសកម្ពុជា

Loading...
  • ដោយ: គល់រាំង
  • កែប្រែចុងក្រោយ: May 18, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅតាម បណ្តាប្រទេសជឿនលឿន នានាក្នុងពិភពលោក គេបានមើលឃើញថា វិស័យអំណាន មានការរីកចម្រើន ខ្លាំងបំផុត។ ប្រទេសទាំងអស់នេះ សំបូរទៅដោយបណ្ណាល័យ មិនថាតែ បណ្ណាល័យសហគមន៍ បណ្ណាល័យសាលារៀន បណ្ណាល័យជាតិ បណ្ណាល័យថ្នាក់ដឹកនាំរដ្ឋ បណ្ណាល័យឯកជន បណ្ណាល័យស្ថាប័នមន្ទីរ បណ្ណាល័យចល័ត បណ្ណាល័យ ក្រុមអ្នកឯកទេសស្រាវជ្រាវ...។ល។ រីឯរោងពុម្ព និងបណ្ណាគាររបស់គេ ក៏មានការរីកដុះដាលដូចផ្សិត គ្រប់ច្រកល្ហកផង ដែរ។ ពលរដ្ឋជាទូទៅរបស់ប្រទេសទាំងនោះ សុទ្ធតែមានចំណូលចិត្តអានសៀវភៅ មិនថាតែកុមារ យុវវ័យ ឬមនុស្ស ដែល មានវ័យចំណាស់ឡើយ។

នៅពេលទំនេរពីកិច្ចការងារ ឬការរៀនសូត្រ ពួកគេច្រើនតែនាំគ្នានិយាយអំពីសៀវភៅ ឬអានសៀវភៅ។ ខ្សែរភាពយន្ដ ហូលីវូធ ច្រើនណាស់ដែល យកលំនាំតាមសៀវភៅប្រលោមលោក ឬសៀវភៅរឿងនិទាន ខណៈសៀវភៅទាំងនោះ កំពុង តែល្បីគួជាទីពេញចិត្ត ក្នុងចំណោមអ្នកអានជាទូទៅ។

ឪពុកម្តាយគេ ភាគច្រើនយកសៀវភៅ ទុកធ្វើជាអំណោយ នៅថ្ងៃខួបកំណើតរបស់កូន ដើម្បីជាការបង្ហាញ នូវក្តីស្រលាញ់ដ៏ ជ្រាលជ្រៅចំពោះកូន ។ អ្នកខ្លះទៀតគេតែងនាំកូនចៅចូលបណ្ណាល័យស្វែងរកសៀវភៅល្អៗសម្រាប់អាន ឬទៅស្វែងរកទិញ សៀវភៅថ្មីៗពីបណ្ណាគារមកទុកអាននៅផ្ទះ ។

តើអ្នកណាដែលជាអ្នកជួយជម្រុញ ឲ្យកិច្ចការអំណានដំណើរការល្អដូចនេះ? ចម្លើយ គឺមានតែ បណ្ណារក្ខ នេះឯង ដែលជា អ្នកដើរតួនាទីសំខាន់បំផុត នៅក្នុងកិច្ចការនេះ។

តាមប្រសាសន៍លោក សេន សេង អតីតៈប្រធានបណ្ណាល័យ ហ៊ុន សែន ដែលមានឈ្មោះល្បីជាងគេ នៅប្រទេសកម្ពុជា លោកបានឲ្យដឹងថា នៅប្រទេសអាមេរិក គេមានការយកចិត្តទុកដាក់ លើកិច្ចការបណ្ណាល័យខ្លាំងណាស់ គឺថា ប្រធានាធិបតី មួយរូប ត្រូវសង់យ៉ាងហោចបណ្ណាល័យថ្មីធំមួយ សម្រាប់ប្រើប្រាស់ ក្នុងកិច្ចការស្រាវជ្រាវ ។ អ្នកដែលអាច មានតំណែង ជាបណ្ណារក្ខបាន លុះត្រាតែជាមនុស្សដែលប្រកបដោយសមត្ថភាព លើ ចំណេះដឹងទូទៅច្រើន ចេះភាសាជាតិ និងភាសា បរទេសតិចបំផុតមួយ មានចំណេះដឹង ខាងកិច្ចការគ្រប់គ្រង និងទំនាក់ ទំនងជាដើម ។ សម្រាប់តំណែងបណ្ណារក្ខម្នាក់ មានឋានៈ ស្មើនឹងរដ្ឋមន្ត្រីមួយរូប របស់អាមេរិក ។

បែរក្រឡេកមកមើលប្រទេសកម្ពុជា សម័យបច្ចុប្បន្នឯណេះវិញ តាមសាលានានា មិនថារដ្ឋ ឬឯកជន គេពុំសូវឃើញ មាន ការយកចិត្តទុកដាក់ ឲ្យមានបណ្ណាល័យអានសម្រាប់សិស្សប៉ុន្មានទេ ។ បើបែរជាមានវិញ គឺនៅមានការខ្វះចន្លោះជាច្រើន អន្លើ ដូចជាខ្វះអ្នកមើលថែសៀវភៅ ខ្វះអ្នកណែនាំអ្នកអានអំពីសៀវភៅ ខ្វះសៀវភៅសំបូរបែបសម្រាប់អាន ខ្វះបណ្ណារក្ខ ដែលមានឯកទេសត្រឹមត្រូវ ខ្វះបណ្ណាគារសម្រាប់ទិញសៀវភៅសំបូរបែប ខ្វះអាគារបណ្ណាល័យ ឬក៏មានសៀវភៅហើយ តែខ្វះអ្នកអានជាដើម ។ ពលរដ្ឋកម្ពុជាភាគច្រើន មិនសូវយល់ច្បាស់ និងឲ្យតម្លៃខ្ពស់ដល់ការងារបណ្ណារក្ខប៉ុន្មានទេ។

អ្នកវិភាគបានសង្កេតឃើញថា ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ ឬឯកជនភាគច្រើន បានចាត់ទុកថា បណ្ណារក្ខ គឺជាមនុស្សសាមញ្ញម្នាក់ ប៉ុណ្ណោះ ។ ការងារបណ្ណារក្ខ គឺមិនចាំបាច់ឲ្យមានបណ្តុះបណ្តាលពិសេស ណាមួយឡើយ ។ មនុស្សណា ក៏អាចកាន់ការងារ មួយនេះបានដែរ។ នាយកសាលារៀន ឬនាយកវិទ្យាស្ថាន ឬសកលវិទ្យាធិការភាគច្រើន តែងតែប្រគល់ការងារបណ្ណារក្ខ ដល់អ្នកណា ដែលគ្មានសមត្ថភាពជ្រៅជ្រះ។ ប៉ុន្តែបើបែរជាមានបណ្ណារក្ខណាមួយ ដែលមានសមត្ថភាពខ្ពស់ ខាងកិច្ចការ បណ្ណាល័យនោះវិញ ក៏មិនសូវជាត្រូវបានគេ ទទួលស្គាល់ប៉ុន្មានដែរ ។ ជីវភាពរបស់បណ្ណារក្ខនោះទៀតសោត ក៏នៅមាន កម្រិតនៅឡើយ ដោយហេតុ ការងារមានបន្ទុកធ្ងន់ធ្ងរ តែប្រាក់ចំណូលមិនធន់ល្មម នឹងរាល់ការចំណាយប្រចាំថ្ងៃ ដែលនឹង អាចអោយពួកគាត់ មានឱកាសដើម្បីការស្រាវជ្រាវថ្មីៗ​ និងអោយជ្រៅជ្រះបាន។

ក្នុងរយៈកាលចុងក្រោយថ្មីៗនេះ អ្នកវិភាគស្ថានការណ៍សង្គមខ្មែរ បានលើកពីសកម្មភាពវិជ្ជមានមួយចំនួនរបស់ អង្គការ សង្គមស៊ីវិល និងស្ថាប័នរដ្ឋខ្លះ ដែលលោកបានឲ្យតម្លៃជាបណ្ដើរៗ លើការងារបណ្ណារក្ខនោះ។ អង្គការស្ថាប័នទាំងនោះ រួមមាន អង្គការស៊ីប៉ា អង្គការដើម្បីភាពញញឹមនៃកុមារ អង្គការរូមធូរីត អង្គការមូនិធិអាស៊ី អង្គការដំរីស សាកលវិទ្យាល័យ- -ភូមិន្ទភ្នំពេញ សាកលវិទ្យាល័យបញ្ញាសាស្ត្រ វិទ្យាល័យបឹងត្របែក បណ្ណាល័យជាតិ បណ្ណាល័យន័រតុន បណ្ណាល័យ- -ពុទ្ធសាសនបណ្ទិត មជ្ឃមណ្ឌលវប្បធម៌បារាំង មជ្ឈមណ្ឌលបូផាណា ...។ល។ ដោយបានបង្កើតអោយមាន ជាបន្ទប់អាន សៀវភៅថ្មីៗល្អៗ និងបណ្ណារក្ខដែលមានការបណ្ដុះបណ្ដាល បច្ចេកទេសត្រឹមត្រូវ។ អង្គការបណ្ដុះបណ្ដាលវិជ្ជាជីវះខ្លះ ថែមទាំងបានកំណត់ម៉ោង ឬជាកាលវិភាគសំរាប់ សិស្ស និសិ្សត ឬសិក្ខាកាមរបស់ខ្លួន អោយត្រូវតែចូលទៅអានសៀវភៅ ក្នុងបណ្ណាល័យ នៅក្រោមការគ្រប់គ្រងរបស់បណ្ណារក្ខ នោះទៀតផង ។

ការបង្កើតអោយមានបណ្ណាល័យ នៅតាមស្ថាប័ន អង្គការក្រៅរដ្ឋាភិបាល ឬនៅតាមស្ថាប័នឯកជន ជារឿងមួយល្អរួចហើយ តែទាំងនេះ គ្រាន់តែជាការរីកបណ្ដុះបណ្ដាល ដែលមានលក្ខណៈបណ្ដោះអសន្នប៉ុណ្ណោះ។ អ្វីដែលជាកាត្វកិច្ចខានមិនបាន ក្នុងការទប់ស្កាត់ ទល់នឹងការធ្លាក់ចុះ នៃចំណេះដឹងជាមូលដ្ឋានរបស់ពលរដ្ឋ រដ្ឋគប្បីបង្កើតគោលការណ៍ ដើម្បីអោយ ការបង្កើតបណ្ណាល័យ និងវិស័យអាន មានលក្ខណៈជាទូទៅមួយនៅទូទាំងប្រទេស ជាពិសេស ទៅគ្រប់ បណ្ដាខេត្ត និងជនបទដាច់ស្រយ៉ាលឆ្ងាយៗ។ មានបណ្ណាល័យហើយ តែក៏គប្បីត្រូវរួមផ្សំជាមួយបណ្ណារក្ខ ដែលមានវិជ្ជាជីវះឯកទេស ពិតប្រាកដ ស្រឡាញ់សៀវភៅដូចជីវិតរបស់ខ្លួន ហើយរដ្ឋត្រូវផ្ដល់ជាមធ្យោបាយ ដើម្បីអោយពួកគាត់បានធ្វើការត្រឹមត្រូវ ក្នុងការផ្សព្វផ្សាយ ពីសៀវភៅ និងចំណេះដឹងទាំងឡាយ ទៅអោយរាល់បណ្ដាអ្នកសិក្សា ចង់ចេះចង់ដឹងទាំងឡាយ សំរាប់ ជាគ្រឹះ ក្នុងការកសាងខ្លួនឯង គ្រួសារ និងសង្គម។

ពលរដ្ឋកម្ពុជាគ្រប់រូប គួរតែយល់ឲ្យបានច្បាស់ ពីគុណតម្លៃនៃអំណាន និងពីគុណសម្បត្តិ៍របស់បណ្ណារក្ខទាំងឡាយ  ព្រោះថា អំណាន គឺជាមូលដ្ឋានគ្រឹះនៃវិជ្ជាសំខាន់ៗ ទាំងឡាយ រីឯបណ្ណារក្ខ គឺជាមនុស្សសំខាន់ជាងគេ ក្នុងការជួយឲ្យ ពលរដ្ឋទូទៅ ចូលចិត្តអំណាន។

ដើម្បីទុកជូនលោកអ្នក គ្រាន់ជាជំនួយខាងចំណេះដឹង និងបញ្ញាស្មារតី ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នឹងធ្វើការចុះផ្សាយ នូវអត្ថបទមួយ មានចំណងជើងថា «តើធ្វើដូចម្តេច ដើម្បីក្លាយជាបណ្ណារក្ខដ៏ល្អម្នាក់បាន?»

---------------------------------------------------
ដោយ៖ គល់រាំង - ភ្នំពេញថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូវូ

ឯកសារពិគ្រោះ៖
1) អាសយដ្ឋានពត៌មាន ជាភាសាខ្មែរ ( វិទ្យុអាស៊ីសេរី និង វិទ្យុបារាំងអន្តរជាតិ)

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...