ប៉ូឡូញ៖ រកឃើញ«ផ្នូរ»របស់ខ្មោចជញ្ជក់ឈាម
អ្នកបូរាណវិទូ បានរកឃើញកាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសប៉ូឡូញ គ្រោងឆ្អឺងដាក់ក្បាលជាច្រើន ដែលមានឆ្អឹងក្បាលដាក់នៅពីលើជើង។ ការរៀបបញ្ចុះសាកសពរបៀបនេះ អាចជាសាកសពរបស់មនុស្ស ដែលត្រូវបានគេចោទប្រកាន់ថាជា«ខ្មោចជញ្ជក់ឈាម»។
រូបលាលាដ៍ក្បាលដែលមានដុំឥដ្ឋញ៉ាត់ក្នុងមាត់ ដើម្បីបង្ក្រាបខ្មោចជញ្ជក់ឈាម ត្រូវបានរកឃើញ នៅជិតទិក្រុងវើនីសប្រទេសអ៊ីតាលី។
កាសែតរបស់អង់គ្លេស ឌឺតេលេហ្គ្រាហ្វ (The Telegraph) បានរាយការណ៍ថា គ្រោងឆ្អឺងទាំងនោះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររកឃើញ នៅក្នុងតំបន់កំណាយបូរាណវត្ថុមួយ ដែលជាផ្លូវធ្វើដំណើរនៅក្បែរទីក្រុងតូចមួយ ឈ្មោះគ្លីវីស (Gliwice) ផ្នែកខាងត្បូងនៃប្រទេសប៉ូឡូញ។ ការរៀបបញ្ចុះរបៀបនេះ បានបង្ហាញថាជនដែលស្លាប់ក្នុងសម័យនោះ ត្រូវបានគេចោទប្រកាន់ថា ជា«ខ្មោចជញ្ជក់ឈាម» ហើយត្រូវបានគេសម្លាប់តាមបែបជំនឿពិសេសមួយ ដើម្បីធានាថាជនទាំងនោះពិតជាស្លាប់មែន។
បែបផែនពីរយ៉ាង ត្រូវបានគេរកឃើញទាក់ទងនឹងការប្រហារជីវិតនេះ។ អាចថា ជនទាំងនេះត្រូវបានគេកាត់កភ្លាមៗ ឬម្យ៉ាងទៀត ត្រូវបានគេព្យួរករ ហើយគេត្រូវចាំរហូតដល់សាកសពរលួយអស់ ហើយក្បាលជ្រុះពីស្មា។ តែទោះជាយ៉ាងណាក៏ដោយ ក៏ក្បាលត្រូវបានគេយកមកដាក់ពីលើជើង នៃសាកសពទាំងមូលវិញ ដោយសង្ឃឺមថាជនដែលស្លាប់ទៅនេះ មិនអាចរកក្បាលខ្លួនឯងឃើញ និងមិនអាចងើបមកវិញបាន។
ប៉ុន្តែបញ្ហាដែលគេចង់ដឹងថា ផ្នូរខ្មោចទាំងនេះ មានរយៈកាលតាំងពីសម័យកាលណាមកនោះ នៅមិនទាន់អាចរកឃើញនៅឡើយ។ បូរាណវិទូមួយរូប បាននិយាយថាគ្រោងឆ្អឺងទាំងនោះ ត្រូវបានរកឃើញដោយគ្មានវត្ថុមានតម្លៃ គ្មានក្បាលខ្សែក្រវាត់ គ្មានឡេវ និងគ្មានអ្វីផ្សេងទៀតទាំងអស់ ដែលអាចឲ្យគេកំណត់បាន ពីពេលវេលានៃថ្ងៃបញ្ចុះរបស់អ្នកដែលស្លាប់។
កាលពីឆ្នាំ២០១០ ក្រុមអ្នកបូរាណវិទូអ៊ីតាលី ក៏បានរកឃើញប្រហាក់ប្រហែលគ្នានេះដែរ នៅលើកោះមួយកណ្ដាលសមុទ្រក្បែរទីក្រុងវើនីស នូវគ្រោងឆ្អឹងរបស់ស្ត្រីម្នាក់អាយុប្រមាណជា៦០ឆ្នាំ ដែលធ្លាប់មានជីវិតរស់នៅក្នុងអំឡុងសតវត្សទី១៦។ អ្វីដែលពិសេសនោះ ដុំឥដ្ឋមួយដុំត្រូវបានគេញាត់ចូល ទៅក្នុងមាត់នៃគ្រោងឆ្អឺងរបស់ស្ត្រីនោះ ដែលអ្នកបូរាណវិទូនិយាយថា វាជាធ្វើយុទ្ធសិល្ប៍បង្ក្រាប«ខ្មោចជញ្ជក់ឈាម»៕
--------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ