អង់គ្លេស៖ កាយ​ឃើញ​ឆ្អឹង​ខ្មោច​មួយ​គូរ​កាន់​ដៃ​គ្នា តាំង​ពី​៧០០​ឆ្នាំ​មុន

តើ«ប្រវត្តិស្នេហ៍ជាអមតៈ» ដែលធ្វើឲ្យរំជួលចិត្ត នៅលើលោកនេះ មានរូបរាងពិតប្រាកដមែនឬ? គ្រោងឆ្អឹង​ដែល​គេ​ទើប​នឹង​កាយ​បាន នៅផ្នែកកណ្ដាលនៃប្រទេសអង់គ្លេសនេះ អាចជាតឹកតាងមួយ សម្រាប់មនុស្សស្រករក្រោយ ហើយ​វា​មាន​ប្រវត្តិ​តាំង​ពី​ជាង​៧០០​ឆ្នាំ​មក​ហើយ នៅលើទឹកដីនៃវិមានបុរាណមួយ។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី២៣ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 24, 2014
  • ប្រធានបទ: ស្នេហ៍អមតៈ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុង​ការ​ធ្វើ​កំណាយ នា​ទីក្រុង​ដ៏​តូច​មួយ​ឈ្មោះ ហាឡាតុន (Hallaton) ភាគ​កណ្ដាល​នៃ​ចក្រភព​​អង់គ្លេស ក្រុម​បូរាណ​វិទូ​នៃ​សកល​វិទ្យាល័យ ឡីសេស្ទ័រ (Leicester) មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដោយ​បាន​រក​ឃើញ​គ្រោង​ឆ្អឹង​នៃ​គូរ​ស្នេហា ដែល​មាន​ដៃ​កាន់​ជាប់​គ្នា​មួយ​គូរ និង​មាន​អាយុ​កាល​តាំង​ពី​៧០០​ឆ្នាំ​មុន។ ការ​ជីក​រក​ឃើញ​នេះ ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​គ្រោង​ឆ្អឹង របស់​អតីត​ព្រះ​មហាក្ស​អង់គ្លេស ព្រះ​អធិរាជ រីឆាដ ទី៣ (Richard III) ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្រោម​ចំណត​រថយន្ដ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សកល​វិទ្យាល័យ ឡឺសេស្ទ័រ កាល​​ពី​ឆ្នាំ​២០១៣ ទៅ​ម៉ិញ។

គ្រោងឆ្អឹង​ទាំង​មូល​នៃ​គូរ​ស្នេហ៍ ត្រូវ​បាន​គាស់​ឃើញ​ពី​កូន​ភ្នំ​មួយ ដែល​ធ្លាប់​ជា​កន្លែង​កប់​ខ្មោច និង​ជា​ទីតាំង​របស់​​វិមាន​បូរាណ​មួយ​កន្លែង នៅ​ក្នុង​សតវត្ស​ទី​១៤។ គេ​បាន​ស្គាល់​ថា វិមាន​នោះ​មាន​ឈ្មោះ​ថា ស៊ាំង ម័រែល (Saint Morrell) សង់​ក្នុង​ឆ្នាំ​១៥៣២ ប៉ុន្តែ​វិមាន​នេះ ទើប​នឹង​ត្រូវ​បាន​ប្រវត្តិ​វិទូ​មួយ​រូប រក​ឃើញ​មក​វិញ ក្នុង​​ពេល​ថ្មីៗ​​នេះ​ប៉ុណ្ណោះ។

ស្មោះស្ម័គ្រជាអមតៈ

កំណាយធ្វើទៅលើតំបន់នោះ មិនមានភាពអំណោយផលប៉ុន្មានទេ។ លើសពីគ្រោងឆ្អឹងបុរសស្ត្រីមួយគូរ ដែល​មានអាយុប្រហាក់ប្រហែលនឹងវិមាន ស៊ាំង ម័រែល គេបានរកឃើញប្រមាណជា១១គ្រោងឆ្អឹងទៀត ដែល​មាន​សភាពសឹងតែនៅដូចដើម និងប្រាក់សេន ដែលគេបានប្រើប្រាស់ នៅក្នុងសម័យ​កាលរវាង​ពី​សតវត្សន៍​ទី១១ និងទី១៥។

បើតាមក្រុមអ្នកបូរាណវិទូ បាននិយាយថា គ្រោងឆ្អឹងដែលត្រូវបានរកឃើញ ទំនងជាគ្រោង​ឆ្អឹងរបស់ក្រុម​អ្នក​ត្រាច់ចរតាមបែបសាសនា ដើម្បីស្វែងរកទឹកដីស័ក្ដិសិទ្ធិ។ អ្នកស្រាវជ្រាវបានបន្តថា ទីក្រុង ហាឡាតុន នៅ​ក្នុងសតវត្សន៍ទី១៤ ជាតំបន់ដ៏សំខាន់មួយ សម្រាប់ក្រុមអ្នកត្រាច់ចរតាមបែបសាសនា ធ្វើដំណើរ​កាត់​តាម និង​មួយចំនួនបានស្នាក់នៅទីនេះ។

នៅក្នុងពេលនេះ រឿងរ៉ាវពិតប្រាកដ របស់គ្រោងឆ្អឺងគូរស្នេហ៍ នៅមិនទាន់ត្រូវបាន​អ្នកស្រាវជ្រាវ​អះអាងបាន​យ៉ាង​ដូចម្ដេចនៅឡើយ តែគេគ្រាន់តែដឹងថា ពួកគេទាំងពីរនាក់ត្រូវបានបញ្ចុះនៅក្នុងវាលកប់ខ្មោច ដែល​សម្រាប់​បញ្ចុះតែសមាជិកសាសនា ឬ​អ្នក​ស្មោះស្ម័គ្រ ប៉ុន្តែមិនមែនសម្រាប់អ្នកភូមិនោះទេ។ ជំហានដំបូង ក្រុម​បូរាណ​វិទូ បានបញ្ជាក់ថា ពួកគេ​ស្មោះ​ស្ម័គ្រ​នឹងព្រះជាម្ចាស់ តែក៏បាន«ស្មោះស្ម័គ្រជាអមតៈ» ជាមួយ​នឹង​​សេចក្ដី​ស្នេហា​របស់ពួកគេដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...