សង្គមស៊ីវិលនៅតែចោទប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ថា«មិនទាន់»ឯករាជ្យ
ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ត្រូវបានគេវាយតម្លៃជាទូទៅថា មិនទាន់មានភាពឯករាជ្យគ្រប់គ្រាន់នៅឡើយទេ។ ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ ជារឿយៗ តែងទទួលបានការរិះគន់ពីជ្ឍដ្ឋានទូទៅថា មិនបានពាំនាំនូវព្រឹត្តិការណ៍ គ្រប់ជ្រុងជ្រោយនៃសង្គម ជូនដល់ប្រជាពលរដ្ឋ លើពីនេះមានការផ្សាយព័ត៌មានលំអៀងទៀតផង។
រូបភាពកាត់ត រវាងរូបភាព និងនិមិត្តសញ្ញារបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ (រូបថត Mekhea)
យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយមជ្ឈមណ្ឌលកម្ពុជាដើម្បី ប្រព័ន្ធផ្សព្វផ្សាយ ហៅកាត់ថា (CCMI)ឱ្យដឹងថា រដ្ឋាភិបាលមិនត្រឹមតែត្រួតត្រា លើស្ថានីយទូរទស្សន៍ទាំងអស់នោះទេ តែក៏បានគ្រប់គ្រងស្ថានីយវិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយផ្នែកបោះពុម្ពស្ទើរតែទាំងអស់ ដូច្នេះប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជា គឺនៅតែមិនទាន់មានសេរីភាព ក្នុងការចាក់ផ្សាយនោះទេ។
លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជាបានពន្យល់ថា៖ «ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបច្ចុប្បន្ន ភាគច្រើនទទួលរងនូវសម្ពាធ និងមានការភ័យខ្លាច»។ លោកបន្តថា មានវិទ្យុ ទូរទស្សន៍ កាសែត និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតៗ មិនហ៊ានផ្សព្វផ្សាយ ឬជួលម៉ោងផ្សាយដល់ គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ដែលហ៊ានរិះគន់ បរិហារ ឬការតស៊ូរមតិ នូវចំណុចអវិជ្ជមានរបស់រដ្ឋាភិបាល ស្របពេលដែលបក្សប្រឆាំង មិនទាន់ទទួលបានយុត្តិធម៌ក្នុងការប្រើបាស់ប្រព័ន្ធផ្សព្វផ្សាយ។
លោកបន្ថែមថា ដើម្បីឲ្យប្រព័ន្ធព័ត៌មានឯករាជ្យ រដ្ឋាភិបាលចាំបាច់ត្រូវធានា អំពីសិទ្ធិសេរីភាពសារពត៌មាន ដោយមិនត្រូវមានការដាក់សម្ពាធនយោបាយ លើអង្គភាពព័ត៌មានដោយផ្ទាល់ឬប្រយោលនោះទេ។
នាប៉ុន្មានឆ្នាំកន្លងមកនេះ បញ្ហាជម្លោះដីធ្លី និងផ្ទះសម្បែង ក្នុងសហគមន៍តំបន់បឹងកក់ ដីក្រហម បូរីកីឡា ដែលត្រូវបានបណ្តេញចេញ ដោយហិង្សា និងការចាប់ខ្លួនសកម្មជនតវ៉ា ជាទូទៅពុំត្រូវបានរាយការណ៍ឡើយ ក្រៅពីប្រព័ន្ធពត៌មានឯករាជ្យមួយចំនួនតូច។
លោក ឈុំ សុជាតិ នាយខុទ្ធការល័យក្រសួងព័ត៌មាន បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើបញ្ហានេះទេ ដោយលោកលើកហេតុផលថា កំពុងជាប់រវល់។
ខ្លឹមសារដែលមាននៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះក៏បានបង្ហាញថា ក្រសួងពត៌មានកម្ពុជា បានហាមសូម្បី តែការផ្សាយបន្តរបស់វិទ្យុក្នុងស្រុកពីស្ថានីយវិទ្យុបរទេស ក្នុងអំឡុងពេលឃោសនាបោះឆ្នោត បើទោះជាក្រោយមកក្រសួងព័ត៌មាន បានលប់ចោលបំរាមនោះវិញ បន្ទាប់ពីមានប្រតិកម្មខ្លាំង ពីគ្រប់មជ្ឍដ្ឋានយ៉ាងណាក្តី។
លោកស្រី ជា វណ្ណាត ជាអ្នកវិភាគឯករាជ្យបានពន្យល់ថា៖ «ស្ថានភាពសេរីភាពសារពត៌មាន នៅកម្ពុជាបច្ចុប្បន្ន គឺមានភាពប្រសើរឡើង ប៉ុន្តែបើប្រៀបធៀបជាមួយស្តង់ដារអន្តរជាតិ គឺនៅមានកម្រិតនៅឡើយទេ»។ លោកស្រី បញ្ជាក់ថា បណ្តាញទូរទស្សន៍ នៅកម្ពុជាបច្ចុប្បន្ន មិនទាន់មានភាពឯករាជ្យពេញលេញ នៅឡើយទេ។ លោកស្រីរំពឹងថាអនាគត នៅកម្ពុជានឹងអាចមានទូរទស្សន៍ ដែលផ្សាយពត៌មាន មានតុល្យភាពជាងនេះ។
សូមរម្លឹកថា កាលថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៣ យ៉ាងហោចណាស់ ក៏មានអង្គការសង្គមស៊ីវិលចំនួនសាមសិបមួយ បានចេញនូវសេចក្តីថ្លែងការណ៍រួមមួយថា ពួកគេនឹងបោះឆ្នោត គាំទ្រគណបក្សណា ដែលផ្តល់សេរីភាពសារពត៌មានដល់ពួកគេ និងប្រជាពលរដ្ឋ។ តាមរយៈសេចក្តីថ្លែងការណ៍រួមនេះ ក្រុមអង្គការសង្គមស៊ីវិល ក៏បានស្មើរសុំឲ្យមានការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយពត៌មាន ឲ្យបានស្មើរភាពសម្រាប់គណបក្សនយោបាយទាំងអស់ ខណៈដែលប្រជាពលរដ្ឋត្រូវការពត៌មានពិតមិនលំអៀង មិនបំភ្លើស និងប្រកបដោយវិជ្ជាជីវៈ។
------------------------------------
ដោយៈ អ៊ុំ បូរី-ភ្នំពេញថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាង៖ដោយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ