រាំ ម៉ាឌីហ្សុនឡូយ៩ ទទួលបានទាំងការសរសើរ និងការរិះគន់
កម្មវិធីរាំ ចង្វាក់ ម៉ាឌីហ្សុន ឡូយប្រាំបួន ដើម្បីបំបែកឯកត្តកម្មពិភពលោក ដែលបានប្រព្រឹត្តទៅកាលពីរសៀល ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១២ នៅសួនច្បារវត្តបទមវត្តីកន្លងមក ត្រូវបានមហាជនខ្មែរទាំងក្នុង និងក្រៅប្រទេសមានការចាប់អារម្មណ៍ យ៉ាងខ្លាំង។ ទោះបីជាអ្នករៀបរៀងកម្មវិធី បាននិយាយថាជាការជោគជ័យដ៏ធំធេងក៏ដោយ ក៏គេបានសង្កេតឃើញមាន ប្រតិកម្មជាច្រើនបានធ្លាក់មក រួមមានទាំងការសរសើរ និងព្រមទាំងការរិះគន់ផងដែរ។ ការសរសើរ និងការរិះគន់ទាំងនោះ ត្រូវបានធ្វើតាមបណ្ដាញគេហទំព័រសង្គម ហ្វេសប៊ុក ប្លូងផ្សេងៗ និងគេហទំព័ររបស់ កម្មវិធីឡូយ៩ខ្លូនឯង នេះតែម្ដង។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នឹងយកចំណាប់អារម្មណ៍ទាំងនោះ មកធ្វើការអធិប្បាយឡើងវិញ។
ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមធ្វើការកែតំរូវ ក្នុងការហៅ ឡូយ៩ នៅក្នុងអត្ថបទរបស់ខ្លួនចេញផ្សាយមុននេះ ថាជាឈ្មោះរបស់ក្រុមហ៊ុនមួយ ដោយតាមពិតទៅ ឡូយ៩ ជាឈ្មោះរបស់គំរោងកម្នវិធី មួយដែលផលិតដោយ អង្គការ BBC Media Action និងផ្តល់មូលនិធិដោយ UNDP។ ឡូយ៩ គឺជាយុទ្ធនាការផ្សព្វផ្សាយដែលមានកម្មវិធីកំសាន្ត និងបំផុសគំនិត ហើយផ្សាយតាម បណ្ដាញវិទ្យុនិងទូរទស្សន៍ក្នុងស្រុក និងក៏មានផ្សាយតាមបណ្ដាញអាំងទើណែតផងដែរ។
សំរាប់ស្រទាប់យុវជនខ្មែរ ក្នុងសម័យបច្ចុប្បន្ន ពួកគេបានបញ្ចេញនូវទឹកចិត្តសប្បាយរីករាយ ដោយពួកគេទាំងនោះ បានទៅ ចូលរួមរាំកំសាន្ដជាមួយនឹងកម្មវិធីនេះ។ ពួកគេទាំងនោះយល់ថា នេះជារបៀបនៃការជួបជុំមួយដែលមាន លក្ខណៈថ្មី ស្រឡាង ពុំធ្លាប់មានពីមុន ហើយមានភាពសប្បាយរីករាយ សំរាប់គ្រប់អ្នកចូលរួមទាំងអស់។ ការជួបជុំនេះ មិនត្រឹមតែបាន បង្ហាញច្បាស់ពី រូបភាពសាមគ្គីភាពរវាងខ្មែរៗជំនាន់ថ្មីប៉ុណ្ណោះទេ តែវាថែមទាំងអាចអោយប្រទេសកម្ពុជា ទទួលបាននូវ កិត្តិនាមល្អ នៅលើឆាកអន្តរជាតិថែមទៀតផង។
សូមបញ្ជាក់ផងដែរថា កម្មវិធីជួបជុំ រាំម៉ាឌីហ្សុនឡូយប្រាំបួន អ្នករៀបចំកម្មវិធីបានអះអាងថា គេបានរៀបចំវាឡើង ក្នុង គោលបំណងដើម្បីប្រកួតប្រជែង ចុះក្នុងកំណត់ត្រាពិភពលោក គឺ សៀវភៅ Guinness Book ។ កម្មវិធីនេះ មានការចូលរួមពី សំណាក់យុវជនខ្មែរយ៉ាងច្រើនកុះករ ប្រមាណជាជាងមួយពាន់នាក់ ។
អ្នកខ្លះទៀត បានបង្ហាញភាពសោកស្ដាយ ដោយមិនបានទៅចូលរួមរាំនឹងគេ ឬក៏បានទស្សនាដោយផ្ទាល់ភ្នែក នូវកម្មវិធី នេះ។ អ្នកវិភាគខ្លះទៀតមានសុទិត្ថិនិយមថា វាអាចជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្របញ្ជាក់ផងដែរ ពីស្ថិរភាពខាងនយោបាយ និងអាចទាក់ទាញក្រុមអ្នកទេសចរណ៍ អោយចូលមកទស្សនាប្រទេសកម្ពុជា កាន់តែច្រើនឡើង។
តែសំរាប់អ្នកមានទស្សនៈអភិរក្សនិយម ឬក៏ជាអ្នកដែលមានទស្សនៈស្រឡាញ់វប្បធម៌ជាតិខ្មែវិញ ពួកគេបែជាបានលើក ឡើងផ្ទុយស្រឡះ ពីការអោយតំលៃខាងលើនេះទៅវិញ។ អ្នកទាំងនោះយល់ថា យុវជនខ្មែរក្នុងសម័យបច្ចុប្បន្ន ហាក់មិន ស្គាល់ពីតម្លៃខ្មែរខ្លួនឯង ខ្វះមោទនភាពជាខ្មែរ ហើយពួកគេភាគច្រើន ត្រូវបានមើលឃើញថា «ស្រលាញ់ ចូលចិត្ត តែវប្បធម៌បរទេស» ជាងវប្បធម៌ខ្មែរ ។
គួររំលឹកឡើងវិញ ពីកាលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលទើបតែកន្លងផុតទៅថ្មីៗនេះ គេមិនសូវជាបានឃើញអំពី ការជួបជុំ គ្នារវាងយុវជនៗខ្មែរទាំងនេះ ដើម្បីលេងល្បែងប្រជាប្រិយ ដែលដូនតាបានបន្សល់ទុកពីយូរយាណាស់មកហើយនោះទេ។ ប្រការទាំងនេះ វាបានបំផុស អោយមានកង្វល់ជាទូទៅមួយ របស់ពួកអ្នកស្រឡាញ់វប្បធម៌ជាតិ ដែលគិតថាវប្បធម៌ប្រពៃណី របស់ខ្មែរ អាចនឹងត្រូវបាត់បង់ ឬនឹងមិនត្រូវបានរាប់រកនៅក្នុងពេលអនាគត ប្រសិនណាជាគ្មានវិធានការណាមួយ ច្បាស់ លាស់ យកមកទប់ស្កាត់ទេនោះ។
កម្មវិធីជួបជុំ រាំម៉ាឌីហ្សុនឡូយប្រាំបួន ក៏ត្រូវបានក្រុមអ្នកមានទស្សនៈអភិរក្សនិយម ធ្វើការរិះគន់យ៉ាងខ្លាំងក្លា ដោយគេបាន បន្ទោសទៅ អ្នកកាន់កិច្ចការផ្សព្វផ្សាយ ភាគច្រើននៅប្រទេសកម្ពុជា និងអ្នករៀបចំកម្មវិធីឡូយប្រាំបួននេះ ថាមិនសូវយក ចិត្តទុកដាក់ ក្នុងការលើកតម្កើងវប្បធម៌ប្រពៃណីជាតិខ្មែរ បើសូម្បីតែឈ្មោះកម្មវិធី “ឡូយ៩” និង ចង្វាក់រាំ “ម៉ាឌីហ្សុន” ក៏មិនមែនជាខ្មែរ ដែរផងនោះ។
នៅក្នុងការបកស្រាយមួយទៀត និយាយពន្យល់ពីពាក្យ «ឡូយ» ដែលជាពាក្យសមញ្ញថ្មីមួយ ប្រើកាត់ខ្លីមកពីពាក្យ «ឡូយថូយ» សំដៅសេចក្តីថា ផ្តាស ផ្តេសផ្តាស ជាឧទាហរណ៍ មនុស្សឡូយ គំនិតឡូយ កុំឡូយពេកជាដើម។ ក្រុមអ្នកមានទស្សនៈអភិរក្សនិយម បានលើកជាចំងល់ថា ចង្វាក់ខ្មែរមានអោយគគោកដូចជា រាំរង់ រាំក្បាច់ សារាវ៉ាន់ ចូកកំពីស ។ល។ ហេតុអ្វីបានជាអ្នករៀបចំកម្មវិធី មិនព្រមលើកយកចង្វាក់ខ្មែរទាំងនោះ មកបង្ហាញវិញ? ក្រុមអ្នកគាំទ្របាន ឆ្លើយតបមកវិញថា វាអាចមានបញ្ហាកន្លែង ដោយសារតែអ្នករៀបចំកម្មវិធី មិនអាចរកកន្លែងអោយមនុស្សរាំជុំច្រើន ដូចជា រាំវង់នេះបានទេ។ តែសំនួរចោទសួរបន្ត ត្រឡប់ទៅវិញទៀតថា តើអ្នកដឹកនាំរៀបចំកម្មវិធី មានបានស្គាល់ អំពីចង្វាក់រាំ ប្រពៃណីជាតិទាំងនោះអស់ដែរឬទេ? ព្រោះចង្វាក់រាំខ្មែរ ដូចយ៉ាងចង្វាក់ «ចូកកំពីស» ជាដើម មានចង្វាក់ និងការប្រើប្រាស់ ទីកន្លែង មិនខុសប៉ុន្មានពី ចង្វាក់រាំ “ម៉ាឌីហ្សុន” នេះទេ។
អ្នកឯកទេសខាងកិច្ចការតែងនិពន្ធ អប់រំ និងវប្បធម៌ខ្មែរម្នាក់បានផ្ដល់អនុសាសន៍ តាមរយះទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ថា «ការជួបជុំគ្នានេះជារឿងល្អ តែអ្នករៀបចំកម្មវិធី គួរតែមានការសិក្សាឲ្យបានល្អិតល្អន់ជាមុន អំពីផលប៉ះពាល់នានា មកលើសង្គមវប្បធម៌ខ្មែរ»។ លោកបានបន្តទៀតថា «បើបំណាច់នឹងរៀបឲ្យមាន ព្រឹត្តិការណ៍ដ៏ល្អបែបនេះហើយ អ្នករៀបចំ កម្មវិធី គួរណាតែរៀបចំឲ្យមានការប្រលងរាំដូចគ្នា ជាមួយនឹងចង្វាក់រាំដ៏ល្បីៗរបស់ខ្មែរ ដើម្បីឲ្យពិភពលោក គេបានស្គាល់ ផងទើបជាការប្រសើរ។ ហើយអ្នកកាន់កិច្ចការផ្សព្វផ្សាយខ្មែរទាំងឡាយ ក៏គួរគិតគូរឲ្យបានល្អច្រើនជាងនេះ ក្នុងការលើក តម្លៃវប្បធម៌ប្រពៃណីជាតិខ្មែរ។ ជាពិសេស យុវជនខ្លួនឯង គួរណាស់តែមានការពិចារណា ឲ្យបានល្អិតល្អន់រាល់ទង្វើគាំទ្រ របស់ខ្លួន។ ការងារណាដែលមិនសូវជាចំណេញ ដល់ប្រយោជន៍វប្បធម៌ជាតិ គួរណាដែលចេះបញ្ចេញមតិកែលម្អ និងគួរតែ ចេះស្រលាញ់ គាំទ្រ លើកតម្កើង និងផ្សព្វផ្សាយឲ្យបានច្រើនពីវប្បធម៌ប្រពៃណីជាតិខ្មែរ ។»
ជាពលរដ្ឋដែលមានអត្តសញ្ញាណជាខ្មែរដ៏ផូរផង់ម្នាក់ៗ និងដែលដូនតាបានបន្សល់ទុកមក ពលរដ្ឋនោះ គួរកាត់បន្ថយការឲ្យ តម្លៃទៅលើវប្បធម៌បរទេស។ ការអោយតំលៃវប្បធម៌បរទេសងប់ និងជ្រុលហួសហេតុ ជាហេតុដែលអាចធ្វើអោយបាត់បង់ នូវអត្តសញ្ញាណរបស់ខ្លួនឯងជាខ្មែរនាពេលអនាគត។ វប្បធម៌បរទេសខ្លះ ដែលមានលក្ខណៈអាចនឹងទទួលយកបាន តែក៏ គួរតែកែសម្រួលយ៉ាងណាឲ្យវប្បធម៌នោះ មានលក្ខណៈស្របតាមផ្នត់គំនិត និង វប្បធម៌ខ្មែរជាមុនសិន។
រាល់កម្មវិធីដែលបានរៀបចំឡើងទាំងឡាយ តែងតែមានចំនុចវិជ្ជមាន និងចំនុចអវិជ្ជមាន។ តែបើមានចំនុចអវិជ្ជមាន ឬឃើញមានចំនុចខុសឆ្គងត្រង់ណា ពលរដ្ឋខ្មែរទាំងអស់មិនគួរនៅស្ងៀម ឬធ្វើព្រងើយកន្តើយឡើយ តែផ្ទុយទៅវិញ ពួកគេគួរតែចូលរួមកែលម្អទាំងអស់គ្នា ហើយត្រូវតែជួយរកវិធីដោះស្រាយណាល្អៗ អាចនឹងទទួលយកបាន ឲ្យទៅអ្នក រៀបចំកម្មវិធី។ ហើយអ្នករៀបចំកម្មវិធី នោះទៀតសោត ក៏ត្រូវតែចេះធ្វើស្វ័យតិះតៀន និងមើលថាចំនុចអវិជ្ជមាន អាចមានដូចជា ពួកគេទាំងនោះថាដែរឬទេ? បើពិតជាមានមែននោះ អ្នករៀបចំកម្មវិធី ត្រូវតែហ៊ានទទួលសារភាព ទទួលកំហុស និងធ្វើការកែលំអរ សំរាប់កម្មវិធីលើកក្រោយៗទៀត ដូចពាក្យខ្មែរ មួយឃ្លានិយាយថា «ថយមួយជំហ៊ាន ដើម្បីលោតបានឆ្ងាយ»៕
វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន!
ដោយ៖ គល់រាំង - ភ្នំពេញថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ
Crédit Photo : Kulrang/MONOROOM.info