ព្រះរាជពិធី និងបុណ្យ «ច្រត់ព្រះនង្គ័ល»

តាំងតែពីបុរាណកាលមកម្លេះ សេដ្ឋកិច្ចប្រទេសកម្ពុជា តែងពឹងពាក់ជាសំខាន់លើវិស័យកសិកម្ម។ ប្រជាជនជាង៨០% ជាកសិករ។ ដើម្បីធ្វើស្រែចំការ ខ្មែរតែងប្រើមធ្យោបាយភ្ពួររាស់ បំផុសដីឲ្យបានល្អជាមុនដើម្បីដាំដំណាំ។ នៅក្នុងភាសា វប្បធម៌ ភាសាព្រះរាជា លោកហៅការភ្ជួររាស់ថា ច្រត់ព្រះនង្គ័ល។ តើពិធីភ្ជួររាស់ ឬបុណ្យច្រត់ព្រះនង្គ័ល មានប្រវត្តិ​ទាក់-​ទងគ្នា ដូចម្តេចខ្លះរវាងព្រះរាជា និងប្រជារាស្ត្រខ្មែរ? សូមអញ្ជើញលោកអ្នក មេត្តាតាមដាននូវការបកស្រាយ ជាមួយ​យើងខ្ញុំដូចខាងក្រោម៖
Loading...
  • ដោយ: គល់រាំង
  • កែប្រែចុងក្រោយ: May 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាំងតែពីបុរាណកាលមកម្លេះ សេដ្ឋកិច្ចប្រទេសកម្ពុជា តែងពឹងពាក់ជាសំខាន់លើវិស័យកសិកម្ម។ ប្រជាជនជាង៨០% ជាកសិករ។ ដើម្បីធ្វើស្រែចំការ ខ្មែរតែងប្រើមធ្យោបាយភ្ពួររាស់ បំផុសដីឲ្យបានល្អជាមុនដើម្បីដាំដំណាំ។ នៅក្នុងភាសា វប្បធម៌ ភាសាព្រះរាជា លោកហៅការភ្ជួររាស់ថា ច្រត់ព្រះនង្គ័ល។ តើពិធីភ្ជួររាស់ ឬបុណ្យច្រត់ព្រះនង្គ័ល មានប្រវត្តិ​ទាក់-​ទងគ្នា ដូចម្តេចខ្លះរវាងព្រះរាជា និងប្រជារាស្ត្រខ្មែរ? សូមអញ្ជើញលោកអ្នក មេត្តាតាមដាននូវការបកស្រាយ ជាមួយ​យើងខ្ញុំដូចខាងក្រោម៖


បុណ្យច្រត់ព្រះនង្គ័ល ដែលប្រារព្ធនៅរាជធានីបូរាណខ្មែរអង្គរ ថ្ងៃ០២ឧសភា ឆ្នាំ២០១០កន្លងទៅ។
រូបថត ៖ cambodge-post.com

ក. និយមន័យ ច្រត់ព្រះនង្គ័ល ៖

តាមវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត៖

  • ច្រត់ មានន័យថា សង្កត់ដោយដៃ ឬដោយឈើច្រត់
  • នង្គ័ល(plow) មានន័យថា ប្រដាប់សម្រាប់ភ្ជួរដែនដី។

ឧទាហរណ៍៖

យើងជាកសិករ បានភ្លៀងមកអរ រៀបចំនង្គ័ល
រនាស់រាល់ប្រាណ ហើយបានខ្វាយខ្វល់ សាបព្រោះរចល់
ឲ្យទាន់វេលា ។

តាមវចនានុក្រមភាសាអង់គ្លេស លោកបានពន្យល់ថា៖

  • ភ្ជួរ មានន័យថា បំបែកដីជាបំណែកៗ និងផ្ងារដីទៅលើស្នាមភ្ជួរ ។
  • នង្គ័ល មានន័យថា ឧបករណ៍សម្រាប់ធ្វើកសិកម្មដែលមានផ្លែកាំបិតមុត ឬពពួកកាំឧបករណ៍ដែលមានមុខស្រួច ដើម្បី បំបែកដីតាមស្នាមភ្ជួរ ជាទូទៅគេយកទៅធ្វើការអូសទាញដោយម៉ាស៊ីនអូស ឬក៏សត្វពាហនៈមានគោ ក្របីជាដើម ។
  • នង្គ័ល ជាប្រភេទ ឧបករណ៍សម្រាប់យកទៅកាត់សំអាតព្រិលទឹកកកដែលមានធ្លាក់នៅលើផ្លូវធ្វើដំណើរ ។

សរុបមកច្រត់ព្រះនង្គ័ល ជាសកម្មភាព​ ឬដំណើរនៃព្រះរាជា ដែលទ្រង់សង្កត់យាមនង្ក័ល ដោយព្រះហស្ថរបស់ព្រះអង្គ ដើម្បីភ្ជួររាស់ព្រះស្រែជានិមិត្តរូប សម្រាប់ប្រជានុរាស្ត្ររបស់ព្រះអង្គ ។

គ. ប្រភពនិងបុព្វហេតុ៖

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានរៀបចំប្រារព្ធឡើងយ៉ាងអធិកអធម ជារៀងរាល់ឆ្នាំនៅក្រោមព្រះអធិបតីភាព នៃ ព្រះមហាក្សត្រ ប្រចាំនគរ រួមទាំងមន្ត្រី អ្នកមុខអ្នកការ និងប្រជានុរាស្ត្រគ្រប់ជាន់ថ្នាក់ មកពីគ្រប់ខេត្តក្រុងនៅទីលាន វាល​ព្រះមេរុនៅភ្នំពេញ ឬទីលានជល់ដំរីនៅខេត្តសៀមរាប។ ព្រះរាជពិធីនេះ ជាពិធីមង្គលមួយដែលព្រះករុណា ព្រះមហាក្សត្រ ចាត់ទុក ថា ជាការចាប់ផ្តើមប្រកក់ប្រសិទ្ធឲ្យដល់ប្រជាកសិករក្នុងការធ្វើស្រែចម្ការនៅរដូវវស្សា ឲ្យទទួលបានទិន្នផលខ្ពស់ ព្រមទាំង បង្ហាញឲ្យប្រជាកសិករទូទាំងនគរឲ្យបានដឹងថា ដល់ពេលដែលត្រូវចាប់ផ្តើម​ការដាំដុះហើយ ។

ពិធីនេះត្រូវបានប្រារព្ធឡើងដោយមានបុរសម្នាក់ឈ្មោះថា(ស្តេចមាឃ)ដែលកាន់នឹម និងនង្គ័ល, និងស្ត្រីម្នាក់ ឈ្មោះថា (ព្រះម៉ែមេ ហួរ) ដែលសាបពូជស្រូវ ដើរតាមក្រោយនង្គ័ល។

គេមានជំនឿថា ពិធីនេះត្រូវបានគេរៀបចំតាមលំនាំសាសនាព្រហ្មញ្ញ ដោយផ្សងទឹកភ្លៀងតាមរយៈការដាក់ភោគផល ឬ អាហារ៧យ៉ាង រៀបដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង ១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុដើម្បីឲ្យគោឧសភរាជស៊ីផឹកតាមចិត្តរយៈពេលពេញមួយកម្មវិធីផ្សងនេះ ។

ទាក់ទងនឹងពេលវេលា កាលពីបុរាណ ពិធីនេះត្រូវបានគេប្រារព្ធរយៈពេល ៣ថ្ងៃ។ តែក្រោយមកដោយការវិវត្តជឿនលឿន នៃសង្គម និងម្យ៉ាងដោយ ព្រះរាជា មន្ត្រីដែលជាអ្នកមុខអ្នកការ រួមទាំងប្រជារាស្ត្រមានភាពមមារញឹកផងនោះ ទើប​ព្រះរាជាលោក ក៏បានសម្រេចការប្រារព្ធពិធីនេះមកនៅត្រឹមរយៈពេលមួយថ្ងៃវិញ ពោលគឺចំថ្ងៃ ៤ រោច ខែពិសាខ ជារៀង​រាល់ឆ្នាំ ។

ឃ. សារសំខាន់៖

បុណ្យច្រត់ព្រះនង្គ័លត្រូវបានគេមើលឃើញពីសារសំខាន់មួយចំនួនដូចជា៖

  • ជាពិធីមួយដើម្បីផ្សងប្រផ្នូរកម្រិតទឹកភ្លៀងនិងភោគផលប្រចាំឆ្នាំនៅគ្រប់តំបន់ ខេត្តក្រុងទូទាំងនគរខ្មែរតាមរយៈ ការ សោយ ព្រះស្ងោយរបស់គោឧសភារាជ ។
  • ជាសញ្ញាប្រាប់ដល់ប្រជានុរាស្ត្រខ្មែរទាំងអស់ដែលមានមុខរបរជាកសិករ អ្នកស្រែចំការឲ្យលោកដឹងថា ដល់ពេល ដែលត្រូវ ចាប់ផ្តើមធ្វើស្រែចំការហើយ ។
  • ជាពេលវេលាដែលព្រះរាជា ថ្នាក់ដឹកនាំរដ្ឋ មានឱកាសជួបជុំ សួរសុខទុក្ខប្រជារាស្ត្រដែលមាននាទីជាកសិករ ។
  • ជាពេលវេលាដែលថ្នាក់ដឹកនាំគ្រប់ខេត្តក្រុង មានឱកាសរៀបចំការដាក់តាំងភោគផលកសិកម្ម ប្រចាំខេត្តក្រុងរបស់ ខ្លួន ឲ្យមហាជនបានដឹង និងងាយស្រួលលក់ភោគផលនៅពេលក្រោយ។
  • ជាពេលវេលានៃការដឹងគុណព្រះម៉ែធរណី និង ព្រះភិរុណដែលបានបង្អុលទឹកភ្លៀង និងភោគផលគ្រប់គ្រាន់ នាពេល​កន្លងមក ។
  • ជាពេលវេលានៃការបួងសួងសុំទឹកភ្លៀង និង សុំភោគផលបានសម្បូរហូរហៀរក្នុងឆ្នាំថ្មីបន្តទៀត ។
  • ជាពេលវេលាដែលបង្ហាញឲ្យឃើញពីទិព្វព្រះទ័យ ឬការយកចិត្តទុកដាក់របស់ព្រះរាជា និងមន្ត្រីគ្រប់ជាន់ថ្នាក់ ចំពោះ ប្រជារាស្ត្រទូទៅដែលជាកសិករ ។

ង. បម្រែបម្រួលនៃមុខរបរកសិកម្មខ្មែរ ៖

កាលដើមឡើយខ្មែរមានភាពល្បីល្បាញជាងគេ ខាងវិស័យកសិកម្មនៅក្នុង តំបន់អាស៊ីអាគ្នេយ៍យើងនេះ។ ដំណាំស្រូវ ត្រូវ បានបុព្វបុរសខ្មែរចាត់ទុកថា មានសារសំខាន់ជាងគេនាសម័យអង្គរ។ ធារាសាស្ត្រសម័យបុរាណ ត្រូវបានអ្នកប្រាជ្ញ គ្រប់ ជំនាន់ មើលថាមានការរីកចម្រើនសម្បើម ។

ប៉ុន្តែ អាស្រ័យដោយមូលហេតុនៃការប្រែប្រួលខាង វិទ្យាសាស្ត្រ ការប្រែប្រួលខាងអាកាសធាតុ និងការកើនឡើង នូវការ ប្រកួតប្រជែងខាងសេដ្ឋកិច្ច រួមផ្សំលើការយល់ដឹងប្រជាជនមានកម្រិត ព្រមទាំងបំលាស់ប្តូររៀបរបបរស់នៅ របស់សង្គម ផងនេះ កសិកម្មខ្មែរនានាម័យនេះត្រូវបានគេសន្និដ្ឋានថា នៅមានលក្ខណៈអន់ថយនៅឡើយ និងមិនទាន់អាចឈានដល់ ការប្រកួតប្រជែងឈ្នះ ជាមួយប្រទេសជិតខាងបាននៅឡើយទេ។ ប្រជាជនខ្មែរមួយចំនួនធំជាពិសេស យុវជនបាន​បោះ​បង់ចោលការងារ កសិកម្មស្ទើរតែអស់ទៅហើយ ដើម្បីមករកការងារធ្វើនៅទីក្រុង ដែលពួកគេកំពុងតែគិតការងារ នៅ​ទីក្រុង មានភាពងាយស្រួលជាងការងារស្រែចំការ ។

ច. វិធីសាស្ត្រដើម្បីឲ្យកសិកម្មខ្មែរមានការរីកចម្រើន៖

តើយើងគួរធ្វើដូចម្តេចដើម្បីឲ្យកសិកម្មខ្មែរមានការរីកចម្រើនបានកាន់តែប្រសើរជាងមុន?

ខ្មែរគួរយកចិត្តទុកដាក់ឲ្យបានខ្ពស់ តាមកត្តាមួយចំនួនដូចតទៅ៖
១. បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋខ្មែរឲ្យបានយល់ច្បាស់ពីសារសំខាន់នៃការប្រើប្រាស់ជីធម្មជាតិ ។
២. បង្កើនប្រព័ន្ធធារាសាស្ត្រឲ្យមានលក្ខណៈសំបូរបែបទាំងបែបវិទ្យាសាស្ត្រនិងបែបប្រណៃណី ។
៣. អប់រំប្រជាពលរដ្ឋខ្មែរឲ្យមានការយល់ដឹងបានច្បាស់ពីរបៀបប្រើប្រាស់បច្ចេកទេសតាមបែបវិទ្យាស្ត្រ (ពន្យល់ទាំងផល ប្រយោជន៍ និង ទាំងផលប៉ះពាល់ ។
៤. ចលនាប្រជាជនឲ្យបង្កើតសមាគមន៍កសិករឲ្យបានច្រើនដើម្បីជៀសវាងការទំលាក់ថ្លៃកសិផលពីឈ្មួញទុច្ចរិតនានា ។
៥. ជួយស្វែរកទីផ្សារ និង សម្រួលដល់ប្រព័ន្ធលក់ដូរកសិផរបស់ប្រជាពលរដ្ឋឲ្យបានល្អ ។
៦. ការពារការបាត់បង់សត្វគោ ក្របី សេះ ដំរី ដែលជាប្រភពកម្លាំងអូសទាញដ៏សំខាន់របស់ប្រជាកសិករខ្មែរ ។
៧. ជួយទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងសាំង ម៉ាស៊ូត នៅកម្ពុជាឲ្យបានល្អ ។
៨. បង្កើនការយល់ដឹង និង បំផុសគំនិតច្នៃប្រឌិតឲ្យបានច្រើនដល់ប្រជាកសិករខ្មែរ ។
៩. ពន្យល់ឲ្យបានច្បាស់ដល់ប្រជាពលរដ្ឋពីសារប្រយោជន៍នៃការធ្វើកសិកម្មនៅប្រទេសកម្ពុជា ។
១០. បង្កើនការស្រាវជ្រាវ ឲ្យបានច្រើនលើមុខរបរកសិកម្ម ដើម្បីទទួលបាននូវការអភិវឌ្ឍកាន់តែប្រសើរ ។

ឆ. ខេត្តល្បីល្បាញខាងដំណាំស្រូវរបស់ខ្មែរ ៖

តំបន់ល្បីល្បាញខាងស្រូវជាងគេមាន ខេត្តបាត់ដំបង បន្ទាប់មកមានខេត្តនៅជុំវិញ បឹងទន្លេសាប និងតាមដងទន្លេ មេគង្គ ក្រោម ដូចជាខេត្ត៖ កណ្តាល កំពង់ឆ្នាំង ពោធិសាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ស្វាយរៀង និង ព្រៃវែង ។

ជ. ប្រភេទស្រូវនិងនង្គ័លសំខាន់ៗរបស់ខ្មែរ ៖

ខ្មែរមានប្រភេទស្រូវល្បីច្រើនមុខស្ទើររាប់មិនអស់ដូចជា៖ ស្រូវសែនពិដោរ ស្រូវសុម៉ាលី ស្រូវផ្កាខ្ញី ស្រូវឆ្មាព្រុំ ស្រូវនាងម៉ិញ ស្រូវស ស្រូវដំណើបស ស្រូវដំណើបខ្មៅ ស្រូវខា ស្រូវប្រដេញទឹក ស្រូវឡើងទឹក នាងផល....។ល។

ឈ. ប្រភេទសត្វពានៈសំខាន់ៗដែលបម្រើនឲ្យវិស័យកសិកម្មរបស់ខ្មែរ ៖

ប្រភេទសត្វដែលបម្រើឲ្យការអូសទាញក្នុងវិស័យកសិកម្មរួមមាន៖ គោ ក្របី សេះ ដំរីដែលសត្វទាំងនេះខ្មែរ និយមប្រើ​តាំងពីសម័យបូរាណមកម្លេះ ។


បុណ្យច្រត់ព្រះនង្គ័ល ដែលប្រារព្ធនៅរាជធានីបូរាណខ្មែរអង្គរ ថ្ងៃ០២ឧសភា ឆ្នាំ២០១០កន្លងទៅ។
រូបថត ៖ cambodge-post.com

សរុបមក ពិធីច្រត់ព្រះនង្គ័ល ពិតជាមានអត្ថន័យជ្រាលជ្រៅណាស់ សម្រាប់ប្រទេសកម្ពុជាយើង ។ យើងម្នាក់ៗ គួរស្វែង យល់ ឲ្យបានច្បាស់ហើយត្រូវស្រលាញ់ និងចូលរួមថែរក្សា ឲ្យបានរីកចម្រើន និងឋិតឋេរយូរអង្វែង តទៅមុខទៀត ។

-------------------------------------------------
និពន្ធន៍ដោយ៖ គល់រាំង - ភ្នំពេញថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ

ពន្យល់ពាក្យ

  • ភ្ជួរ (plow) មានន័យថា រម្លើងដីដោយនង្គ័លឲ្យរបើកជាអាចម៍បំណះ ។ ឧទារណ៍៖ ភ្ជួរដីស្រែ ភ្ជួរដីចំការ ។
  • រាស់ មានន័យថា កាយកាវដោយរនាស់ដៃ ឬរនាស់ធំបង្អូសកិនលើដី ។ រនាស់ មានន័យថា ប្រដាប់មានមេ ដង ធ្មេញ សម្រាប់ប្រើការរាស់។ ឧទាហរណ៍៖ រនាស់ឈើ រនាស់ដែក រនាស់គោ រនាស់ក្របី ។
  • គោ មានន័យថា សត្វពាហនៈសម្រាប់ប្រើទឹម ដឹកអូស ជាសត្វមានប្រយោជន៍យ៉ាងសំខាន់សម្រាប់មនុស្ស ។
  • ក្របី មានន័យថា សត្វពាហនៈចតុប្បាទស្នែងវែងរៀវស្រួច មានរង្វង់កោង ជាពាហនៈសម្រាប់ទឹមដូចគោដែរ ។ ក្របីខ្មៅ ពណ៌ខ្មៅ ក្របីឃ្លៀច សម្បុរស ។
  • សេះ មានន័យថា បសុសត្វចតុប្បាទ មាឌខ្ពស់ស្រឡះ មានក្រចកជើងបួនកន្តុបៗឥតឆែក មានសក់កំប៉ោយ សក់លើក សក់ស្វាយ មានដងកន្ទុយខ្លី ស្រោបដោយសក់កន្តុបវែងៗជាសំណុំ សម្រាប់ប្រើជិះ ឬទឹមរថ (អ្នកប្រទេសខ្លះគេប្រើការភ្ជួររាស់ផង ក៏បាន) ។
  • ដំរី មានន័យថា សត្វចតុប្បាទមានរូបធំសម្បើម មានស្បែកក្រាស់ មានដៃហៅថា ប្រមោយ ខ្លះមានភ្លុក ខ្លះមានចែ ។

ពាក្យគន្លឹះទាក់ទងនឹងអត្ថបទ

  • បុណ្យច្រត់ព្រះនង្គ័ល (ព្រះរាជពិធីច្រត់ព្រះនង្គ័ល) គោឧសភរាជ
  • ព្រះស្រែ ព្រះភិរុណ គោឧសភរាជ នង្គ័ល រនាស់ ស្រែ រទេះ ថ្នាល ស្នាច រហាត់ អូ ស្ទឹង បឹង ទឹក ស្រូវ ល្ងរ សណ្តែក ចេក អំពៅ ដូង ស្មៅ ប្រេង ការតាំងពិពណ៌ ប្រផ្នូរ ការទស្សទាយ ការព្យាករណ៍ ភោគផល ស្តេចមាឃ ព្រះមេហួ វាលព្រះមេរុ ស្តេចមាឃ ព្រះម៉ែ មេហួ ។

ឯកសារពិគ្រោះ៖
១) សៀវភៅ វចនានុក្រម សម្តេចព្រះ សង្ឃរាជ ជួន ណាត
២) គំនិតយល់ឃើញនិងបទពិសោធន៍របស់ គល់រាំង
៣) គេហទំព័រពត៌មានក្នុងស្រុក និងក្រៅស្រុកមួយចំនួន

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...