សម្ភាសខឹម វាសនា ៖ សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ត្រូវ​​«បន្ថយ​អំណាច»​នាយក​រដ្ឋមន្ត្រី

ប្រជាពលរដ្ឋកម្ពុជា តែងតែទន្ទឹងរង់ចាំនូវកាលកំណត់នៃការជ្រើសរើសនូវតំណាងជាថ្មីក្នុងរយៈប្រាំឆ្នាំម្តង ដែលជាវេលាមួយពលរដ្ឋខ្លះគិតថា«យូរ» និងពលរដ្ឋមួយចំនួនទៀតគិតថា«ឆាប់»។ ពលរដ្ឋភាគច្រើនតែងតែចង់បាននូវការសន្យាមួយ ដែលមានការធានាច្បាស់លាស់ ពីគណបក្សនយោបាយទាំងនោះ និងការគោរពប្រតិបត្តិតាមគោលនយោបាយរបស់ខ្លួនដែលបានកំណត់។ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការទទួលបាននូវព័ត៌មាន គ្រប់យ៉ាងពីការធ្វើនយោបាយរបស់គណបក្សនីមួយៗ។ មនោរម្យព័ងអាំងហ្វូ បានធ្វើកិច្ចសម្ភាសជាមួយលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នូវគោលនយោបាយសំខាន់ៗ របស់គណបក្ស ដើម្បីចូលរួមប្រគួតតាមរយៈការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ពេលខាងមុខ
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: June 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ របបប្រជាធិបតេយ្យសេរី-ពហុបក្សមាននៅកម្ពុជា ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ។ គ្រប់និន្នាការនយោបាយ ការឃោសនានា គណបក្សទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទទួលបាននូវសិទ្ធិ​ស្មើៗគ្នា តាមគ្រប់វិធី«សុច្ចរិត» ជាពិសេសតាមរយៈប្រពន្ធ័ផ្សព្វផ្សាយ ដែលបានរៀបចំដោយ គ.ជ.ប ក្នុងការទាញ​ប្រជាប្រិយភាព ការគាំទ្រ និងទំនុកចិត្តពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។


លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ (រូបថត គណបក្ស)

ប្រជាពលរដ្ឋកម្ពុជា តែងតែទន្ទឹងរង់ចាំនូវកាលកំណត់នៃការជ្រើសរើសនូវតំណាងជាថ្មីក្នុងរយៈប្រាំឆ្នាំម្តង ដែលជា​វេលាមួយពលរដ្ឋខ្លះគិតថា«យូរ» និងពលរដ្ឋមួយចំនួនទៀតគិតថា«ឆាប់»។ ពលរដ្ឋភាគច្រើនតែងតែចង់​បាននូវការ​សន្យាមួយ ដែលមានការធានាច្បាស់លាស់ ពីគណបក្សនយោបាយទាំងនោះ និងការគោរពប្រតិបត្តិតាមគោល​នយោបាយរបស់ខ្លួនដែលបានកំណត់។ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការទទួលបាននូវព័ត៌មាន គ្រប់យ៉ាងពី​ការ​ធ្វើនយោបាយរបស់គណបក្សនីមួយៗ។

មនោរម្យព័ងអាំងហ្វូ បានធ្វើកិច្ចសម្ភាសជាមួយលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នូវ​គោលនយោបាយសំខាន់ៗ របស់គណបក្ស ដើម្បីចូលរួមប្រកួតតាមរយៈការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ពេលខាងមុខ ដែលមានន័យដូចខាងក្រោម៖

មនោរម្យព័ងអាំងហ្វូ ៖ ដើម្បីចូលរូមក្នុងការបោះឆ្នោតនាពេលខាងមុខនេះ តើគណបក្សលោក មានគោលនយោបាយ​សំខាន់ៗអ្វីខ្លះ?

ខឹម វាសនា ៖ គោលនយោបាយរបស់យើង បើសរុបជារួមមកសំដៅតែមួយគត់ ទៅរកការកាត់បន្ថយ«អំណាច»​នាយករដដ្ឋមន្ត្រី ដើម្បីឲ្យមានតុល្យភាពរវាងអ្នកកាន់អំណាច ជាមួយនឹងប្រជាពលរដ្ឋដែលជាម្ចាស់អំណាច។ ចំពោះ​គោលនយោបាយនៃការការកាត់បន្ថយអំណាចនាយករដដ្ឋមន្ត្រីនេះមានប្រាំបីចំណុចដូចជា៖ ទីមួយកំណត់អាណត្តិ​នាយករដ្ឋមន្ត្រីត្រឹមពីរអាណត្តិ, ទីពីរមិនអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រី បង្កើតក្រុមអង្គរក្ស​ដោយខ្លួនឯង​, ទីបីតម្រូវឲ្យ​នាយករដ្ឋមន្ត្រីរស់នៅក្នុងនិវេសនដ្ឋានរដ្ឋ (ផ្ទះដែលរដ្ឋធ្វើសម្រាប់នាយករដ្ឋមន្រ្តី), ទីបួនបង្កើតតុលាការរដ្ឋបាល, ទីប្រាំ​ឋានន្តរសក្តិចាប់ពីឧត្តមសេនីយ៍យោធា និងនគរបាលត្រូវសុំសេចក្តីទុកចិត្តពីសភា, ទីប្រាំមួយអព្យាក្រិតមន្ត្រីរាជការ, ទីប្រាំពីរបោះឆ្នោតជ្រើសរើស និងបោះឆ្នោតដកតំណាងគ្រប់លំដាប់ឃុំ/សង្កាត់/ក្រុង/ស្រុក/ខណ្ឌ/ខេត្ត/រាជធានី ដោយប្រជាពលរដ្ឋផ្ទាល់ និងទីប្រាំបីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រតាម«ប្រព័ន្ធចម្រុះ» មិនមែនតាមប្រព័ន្ធ​សមមាត្រ​ទេ។

មនោរម្យព័ងអាំងហ្វូ ៖ មូលហេតុអ្វីបានលោកចង់ធ្វើការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោត ពីសមាមាត្រ មកជាប្រពន័្ធ​ចម្រុះ​វិញ?

ខឹម វាសនា ៖ យើងឃើញសព្វថ្ងៃស្ថាប័នរដ្ឋសភា មិនមែនជាស្ថាប័នតំណាងឆន្ទៈរបស់ប្រជាពលរដ្ឋ។ តាមរយៈ​នៃ​ប្រពន័្ធបោះឆ្នោតសមាមាត្រ ស្ថាប័ន«រដ្ឋាភិបាល»អាចមានអំណាចលប់ទៅលើស្ថាប័ន«រដ្ឋសភា» ដូច្នេះស្ថាប័ន​រដ្ឋសភាមិនឯករាជ្យទេ ដែលមិនអាចធ្វើមានច្បាប់ល្អសម្រាប់បំរើឆន្ទៈប្រជាពលរដ្ឋនោះ។ ដើម្បីរំដោះអ្នកតំណាង​រាស្រ្តចេញពី«ក្រញាំបក្ស» មិនពឹងផ្អែកលើឆន្ទៈរបស់អ្នកតំណាងរាស្រ្តទេ ពឹងផ្អែកទៅលើការផ្លាស់ប្តូរពី​«ប្រពន្ធ័​សមាមាត្រ» ទៅជា«ប្រពន័្ធចម្រុះ»វិញ ដោយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្រោយពេលដែលគណបក្ស​យើង​ទទួល​សម្លេងក្នុងការដឹកនាំប្រទេស។

មនោរម្យព័ងអាំងហ្វូ ៖ ភាពចម្រូងចម្រាសដែលកើតមានបច្ចុប្បន្នទាក់ទងទៅនឹងសិទ្ធិរស់នៅ និងសិទ្ធិលំនៅដ្ឋាន ក្រោមកិច្ចអភិវឌ្ឍន៍ ដូចជាតាមរយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ចជាដើម។ បើគណបក្សលោកឈ្នះឆ្នោត តើលោក​នឹង​ដោះស្រាយបញ្ហានេះយ៉ាងដូចម្តេច?

ខឹម វាសនា ៖ ក្នុងនាមជាអ្នកនយោបាយ ត្រូវស្វែងរក«ប្រភព»នៃបញ្ហា និងធ្វើការស្រាវជ្រាវរកឬសគល់​នៃប្រភព​នោះ។ ដោយសារ«ប្រពន្ធ័រដ្ឋបាល»មួយដែលឥតប្រសិទ្ធិភាព ក៏ព្រោះតែ«អំណាចប្រមូលផ្តុំ» បានធ្វើឲ្យការអនុវត្ត​ច្បាប់ផ្សេងៗទៅលើវិសយ័ទាំងនោះគ្មានប្រសិទ្ធិភាព។ ការដោះស្រាយនូវបញ្ហាទំាំងនេះ ក៏ដូចជាទៅលើវិស័យដ៏ទៃ ត្រូវមានការរៀបចំ«ប្រពន័្ធរដ្ឋបាលសាធារណៈ»មួយ ឲ្យមានប្រសិទ្ធិភាពជាមុនសិន។ «នេះជាទស្សនៈវិស័យគន្លឹះនៃ “បញ្ហា” ដែលគណបក្សយើងមើលឃើញ»។

មនោរម្យព័ងអាំងហ្វូ ៖ លោកបានលើកឡើងថា នឹងបង្កើតឲ្យមានតុលាការរដ្ឋបាល។ ប៉ុន្តែយើងសង្កេតឃើញថា តុលាការបច្ចុប្បន្នហាក់បីដូចជាមិនទាន់មានឯករាជ្យនៅឡើយ ចំពោះបញ្ហានេះគណបក្សលោក​នឹងមានដំពោះស្រាយ​យ៉ាងណា?

ខឹម វាសនា ៖ ដើម្បីចង់បានបស្ថាប័នណាមួយឯករាជ្យ យើងត្រូវស្គាល់ពាក្យថា «ឯករាជ្យ»ជាមុនសិន។ ឯករាជ្យ មាន​ន័យថារួចផុតសម្ពាធពីខាងក្រៅ ដូច្នេះត្រូវមានប្រពន័្ធរដ្ឋបាលសាធារណៈមួយ ដែលជាវិធានការនៃការកាត់បន្ថយ​អំណាចរបស់រដ្ឋាភិបាល និងក៏ជាវិធានការទីមួយ ដែលធ្វើឲ្យមាន«តុល្យភាពអំណាច» រវាងស្ថាប័នរដ្ឋសភា ស្ថាប័ន​រដ្ឋាភិបាល និងស្ថាប័នតុលាការ នោះដែរ។ បើកាលណារដ្ឋាភិបាលនៅមានអំណាច«ពោពាស» មិនអាចធ្វើឲ្យ​ស្ថាបន័​ណាមួយ​មានឯករាជ្យនោះទេ រួមទាំងតុលាការផងដែរ។

មនោរម្យព័ងអាំងហ្វូ ៖ លោកក៏មានគម្រោងផងដែរក្នុងការបង្កើតឲ្យមានស្ថាប័ន«តុលាការរដ្ឋបាល» តើលោក​អាច​បញ្ជាក់បានទេថា តុលាការរដ្ឋបាលដែលនឹងបង្កើតនេះមានឥទ្ធិពលលើអ្វីខ្លះ? ហើយមានដែនគ្រប់គ្រងត្រឹមណា?

ខឹម វាសនា ៖ បញ្ហាស្ថិតនៅលើការរំលោភអំណាចរបស់ស្ថាប័ននីមួយៗ។ ដើម្បីឲ្យស្ថាប័នទាំងនោះ មានដំណើរ​ការ​ល្អ ត្រូវតែមានច្បាប់គ្រប់គ្រង។ ច្បាប់នេះហើយដែលកំណត់នូវព្រំដែននៃអំណាច ប៉ុន្តែជួនកាលគេប្រើអំណាច ហួស​ព្រំដែនកំណត់ដោយច្បាប់ទៅទៀត។ ឧទាហរណ៍៖ ស្ថាប័នតុលាការមានបីថ្នាក់ ហើយនាយករដ្ឋមន្ត្រី​បាន​ប្រើ​ស.ជ.ណ ទៅសើររើសាលដីកាស្ថាពររបស់តុលាការកំពូល ដែលមិនអាចធ្វើឲ្យគេអនុវត្តបាន។ ស.ជ.ណ ជាលិខិត​ស្នាម ជាលិខិតរដ្ឋបាលមួយ នេះជាការលូកដៃចូលដល់ប្រពន័្ធតុលាការ នេះជាបញ្ហាមួយនៃការរំលោភអំណាច។ ដូច្នេះចាំបាច់ត្រូវមានស្ថាប័នតុលាការរដ្ឋបាល និងមិនឲ្យមានការផ្តុំអំណាចលើនាយករដ្ឋមន្រ្តីតែម្នាក់ ដោយដកសិទ្ធិ​មិនឲ្យនាយករដ្ឋមន្ត្រីនោះអាចធ្វើការជ្រើសរើសកម្លាំងប៉ូលីស ឬទាហានដោយខ្លួនឯងឡើយ។

មនោរម្យព័ងអាំងហ្វូ ៖ ក្នុងចំណុចទីបីនៃគោលនយោបាយ ដែលតម្រូវឲ្យនាយករដ្ឋមន្ត្រីត្រូវរស់នៅក្នុង​និវេសនដ្ឋាន​រដ្ឋ។ តើចំណុចនេះមានសារៈសំខាន់អ្វីដែរ?

ខឹម វាសនា ៖ បើពិនិត្យតាមស្ថានភាពជាក់ស្តែង ផ្ទះនាយករដ្ឋមន្ត្រីមាន«អាថ៌កំបាំង»ច្រើន ហាក់បីដូចជា​«បន្ទាយ​ទាហាន»​មួយ នេះជាការរស់នៅគ្មានតម្លាភាព។ ដើម្បីផ្លាស់ប្តូរស្ថានភាពអាក្រក់នេះ យើងចង់ធ្វើផ្ទះឲ្យ​នាយក​រដ្ឋមន្ត្រី​មួយ។ អ្នកណាក៏ដោយ ឲ្យតែមកកាន់តំណែងជានាយករដ្ឋមន្ត្រី ត្រូវមករស់នៅក្នុងផ្ទះនេះ ដែលជាតំណាង​ឲ្យ​ឆន្ទះ​ប្រជាពលរដ្ឋ ហើយពលរដ្ឋអាចធ្វើការតាមដានបាន និងក៏ជាការផ្តល់កិត្តិយសដល់នាយករដ្ឋមន្ត្រីផងដែរ។

មនោរម្យព័ងអាំងហ្វូ ៖ ដូចតាមការបញ្ជាក់របស់លោកក្នុងចំណុចទីមួយបានលើកឡើងថា នាយករដ្ឋមន្រ្តីត្រូវបាន​កំណត់អាណត្តិត្រឹមតែពីរអាណត្តិ តើមានមូលហេតុអ្វីដែលចាំបាច់ត្រូវកំណត់នូវអាណត្តិនេះ?

ខឹម វាសនា ៖ ដោយពិនិត្យឃើញប្រទេសខ្មែរស្ថិតក្នុងភាពគ្រោះថ្នាក់ ដែលតាមទម្លាប់អ្នកដឹកនាំតែងតែគិតថា មួយ​ប្រទេសនេះគ្មានអ្នកណាល្អជាងខ្លួនទេ ហើយធ្វើការកាន់អំណាច រហូតដល់ស្លាប់តែម្តង។ ដូច្នេះហើយទើបយើងធ្វើ​ការកំណត់នូវអាណត្តិនេះ ដើម្បីកុំឲ្យពួកគាត់យល់ថា«ឋានៈតួនាទីនេះជារបស់ខ្លួនផ្តាច់មុខ»។

មនោរម្យព័ងអាំងហ្វូ ៖ «គណបក្សសម្ពន័្ធដើម្បីប្រជាធិបតេយ្យ» តើលោកអាចបញ្ជាក់បានទេ ហេតុអ្វីបានជាកំណត់​យកឈ្មោះនេះ?

ខឹម វាសនា ៖ ប្រទេសយើងលិទ្ធិប្រជាធិបតេយ្យមានតែលើក្រដាស ដូច្នេះទើបយើងប្រើពាក្យថា«សម្ពន័្ធ» ក្នុងការ​ចងបាច់គ្នា និងពាក្យថា«ដើម្បី» មានន័យថាធ្វើឲ្យប្រាកដប្រជានូវ«លិទ្ធិប្រជាធិបតេយ្យ» ដែលមានពាក្យ​ស្លោកមួយ​ថា«មាតុភូមិមួយ ដែលពួកយើងរស់ដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់» គឺជាគោលដៅមួយ​ធ្វើឲ្យបាន​សម្រេច​នូវ​យន្តការប្រាំបីចំណុចខាងលើ។

មនោរម្យព័ងអាំងហ្វូ ៖ ជាចុងក្រោយ តើលោកមានសារអ្វីខ្លះសម្រាប់ផ្ញើរជូនប្រជាពលរដ្ឋ?

ខឹម វាសនា ៖ ក្នុងនាមពលរដ្ឋដែលមានសេចក្តីថ្លៃថ្នូរ មានការទទួលខុសត្រូវ មុននឹងធ្វើការបោះឆ្នោតជូនបក្ស​ណាមួយ បងប្អូនត្រូវគិតឲ្យបានច្បាស់លាស់ក្នុងចិត្តថា បងប្អូនបានទទួលព័ត៌មានល្អិតល្អន់ បានតាមដាននូវគោល​នយោបាយនៃបក្សនោះ មុននឹងធ្វើការទម្លាក់សន្លឹកឆ្នោតទៅក្នុងហឹបឆ្នោតដើម្បីគាំទ្រគណបក្សនោះ។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...