សារមន្ទីរ​ទាំង​​១០ ដែល​មាន​រូបរាង​អស្ចារ្យ​ចម្លែកៗ​ជាង​គេ​ក្នុង​ពិភពលោក

មានសំនួរជាច្រើន ទាក់ទងនឹងសារមន្ទីរ​ដែលអ្នកបានស្គាល់ ដូចជា តើនៅក្នុងសារមន្ទីរនេះ មានការតាំងពិពណ៍ស្ដីអំពីអ្វី? ជាវត្ថុបូរាណ ឬជាការបង្ហាញនូវការរកឃើញថ្មីៗ នៃវិទ្យាសាស្ត្រ? ប៉ុន្តែសំនួរទាំងនេះ មិនពិបាកក្នុងការរកចម្លើយទេ ព្រោះអ្នកបានស្គាល់សារមន្ទីនេះរួចហើយ។ ច្រើនណាស់ អ្នកគ្រាន់តែចូលទៅក្នុងសារមន្ទីរ អ្នកនឹងដឹងពីប្រធានបទ ដែលសារមន្ទីរចង់តាំងបង្ហាញភ្លាម។ តែសំខាន់ត្រង់ថា តើមានសារមន្ទីរប៉ុន្មានហើយ ដែលអ្នកបានស្គាល់ ? មនោរម្យព័ងអាំងហ្វូ សូមនាំមកជម្រាបជូនលោកអ្នក គ្រាន់ជាចំណេះដឹងបន្ថែមក្នុងការស្វែងយល់ នូវសារមន្ទីរចំនួន១០ ដែលមានរូបរាងអស្ចារ្យចម្លែកៗជាងគេក្នុងពិភពលោក។
Loading...
  • ដោយ: ដ. កែវ
  • កែប្រែចុងក្រោយ: April 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មានសំនួរជាច្រើន ទាក់ទងនឹងសារមន្ទីរ​ដែលអ្នកបានស្គាល់ ដូចជា តើនៅក្នុងសារមន្ទីរនេះ មានការតាំងពិព័រណ៍​ស្ដី​អំពីអ្វី? ជាវត្ថុបូរាណ ឬជាការបង្ហាញនូវការរកឃើញថ្មីៗ នៃវិទ្យាសាស្ត្រ? ប៉ុន្តែសំនួរទាំងនេះ មិនពិបាកក្នុងការរក​ចម្លើយ​ទេ ព្រោះ​អ្នកបានស្គាល់សារមន្ទីនេះរួចហើយ។ ច្រើនណាស់ អ្នកគ្រាន់តែចូលទៅក្នុងសារមន្ទីរ អ្នកនឹងដឹង​ពី​ប្រធានបទ ដែល​សារមន្ទីរចង់តាំងបង្ហាញភ្លាម។ តែសំខាន់ត្រង់ថា តើមានសារមន្ទីរប៉ុន្មានហើយ ដែលអ្នកបាន​ស្គាល់ ?

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមនាំមកជម្រាបជូនលោកអ្នក គ្រាន់ជាចំណេះដឹងបន្ថែមក្នុងការស្វែងយល់ នូវ​សារមន្ទីរចំនួន១០ ដែលមានរូបរាងអស្ចារ្យចម្លែកៗជាងគេក្នុងពិភពលោក។


សារមន្ទីរ គន់ស្ថាអូស (Kunsthaus) នៅទីក្រុងហ្គ្រាស នៃប្រទេសអូទ្រីស។

នៅបស្ចឹមលោកពីពេលមុនក៏ដូចជានៅកម្ពុជា វត្ថុតាំងពិពណ៌ត្រូវបានគេតាំងនៅក្នុងសារមន្ទីរ។ ប៉ុន្តែសម្រាប់​សម័យ​កាល​បច្ចុប្បន្ន នៅប្រទេសលោកខាងលិចជាច្រើន គំនិតនេះត្រូវបានវិវត្ត ដោយគេបានគិតថា គឺសារមន្ទីរខ្លួនឯង ជាវត្ថុ​សិល្បៈ​ដែលគួរតែគេចង់ទស្សនា សូម្បីតាំងរូបរាងពីខាងក្រៅ។

បណ្ដាស្ថាបត្យករក្នុងប្រទេសទាំងនោះ បានរចនារូបរាងរបស់សារមន្ទីរ ដែលពួកគេត្រូវសង់ ទៅតាមគំនិត​ផ្សេងៗ​ពីគ្នា។ គំនិតខ្លះ ស្ថាបត្យករបានដកស្រង់ ចេញពីស្នាដៃសិល្បៈសូន្យរូបរបស់វិចិត្រករ ឬអ្នកឆ្នៃម៉ូដណាមួយ។ គំនិត​ខ្លះទៀត ត្រូវ​បញ្ចេញទៅតាមការស្រមើស្រមៃហួសពីការស្មាន និងពិបាកក្នុងការសាងសង់នោះក្រៃលែង។ ជាពិសេសទៅទៀត ស្នាដៃ​ស្ថាបត្យកម្មខ្លះនៃសារមន្ទីរទាំងនេះ ត្រូវចំណាយទឹកប្រាក់ រហូតដល់ទៅរាប់សិបរយ​លាន​អ៊ឺរ៉ូ។

សូមទស្សនា សារមន្ទីដ៏អស្ចារ្យៗទាំង១០ដូចតទៅ៖

សារមន្ទីរ ហ្គូសេនហេម ដឺប៊ីបាវ (Guggenheim de Bilbao) នៅប្រទេសអេស្ប៉ាញ ជាសារមន្ទីរដែលដាក់​តាំងសិល្បៈ​ទំនើប និងការឆ្នៃគំនិតថ្មី។ ស្ថាបត្យកររបស់សំណង់នេះ មានឈ្មោះថា ហ្វ្រង់ ហ្គេរី (Frank Gehry) ជាជនជាតិ​អាមេរិកាំង កាត់​កាណាដា។ សារមន្ទីរនេះ ជាសារមន្ទីរមួយនៃ មូលនិធិសូឡូម៉ុង រ. ហ្គូសេនហេម (Solomon R. Guggenheim) ដែលមាន​សារមន្ទីរជាច្រើន ជាកម្មសិទ្ធិរបស់ខ្លួន។

មជ្ឈមណ្ឌល ប៉ុមពីឌូ (Pompidou) នៃទីក្រុងម៉េស ប្រទេសបារាំង ស្ថិតនៅចន្លោះរវាងឧទ្យានកំសាន្ដមួយ និងចំណត​អាយស្ម័យាន។ សំណង់របស់វាបានបញ្ចប់នៅឆ្នាំ២០១០ នៅពេលដែលមានការរៀបចំឡើងវិញ នូវសង្កាត់​រោង​ល្ខោន​មួយក្នុងតំបន់នោះ។ ដោយសារវាមានទីតាំងដ៏ពិសេសមួយទៀត នៅជាប់នឹងប្រទេសបីនៅអ៊ឺរ៉ុប (អាឡឺម៉ង់ លុចស៊ំប៊ួរ និងប៊ែលហ្សិក) មជ្ឈមណ្ឌលនេះ ទទួលបានការចូលមកទស្សនាច្រើនជាងតំបន់ផ្សេង នៅក្នុងប្រទេស​បារាំង (លើកលែង​សារមន្ទីរនៅក្នុងទីក្រុងបារីស)។

សារមន្ទីរ អូស្ការ នីម៉ៃយើរ (Oscar Niemeyer) នៅទីក្រុងកួរីទីបា (Curitiba) នៃប្រទេសប្រេស៊ីល។ សារមន្ទីរនេះ ត្រូវបាន​សម្ភោធដាក់ឲ្យប្រើប្រាស់ ក្នុងឆ្នាំ២០០២ ដោយដាក់ឈ្មោះដំបូងថា សារមន្ទីរថ្មី។ ប៉ុន្តែនៅក្រោយ​ពេល​មានការពង្រីក​ការជួសជុល និងបន្ថែមផ្នែកខ្លះៗនៅជុំវិញអាគារនេះ សារមន្ទីរត្រូវបានសម្ភោធសារជាថ្មី នៅថ្ងៃទី៨​ខែកក្កដា ឆ្នាំ២០០៣ ហើយបានផ្លាស់ប្ដូរឈ្មោះ ដើម្បីជាកិត្តិយសដល់ស្ថាបត្យករដ៏ល្បី ដែលបានចូលរួម​ធ្វើគម្រោង​នេះ ខណៈនៅពេលនោះ លោកមានអាយុ៩៥ឆ្នាំទៅហើយ។ ដោយសារទម្រង់របស់វានេះផង គេក៏បានហៅ​សារមន្ទីរ​នេះ ថាជាសារមន្ទីរភ្នែក អញ្ចឹង​ដែរ។

សារមន្ទីរ អ៊ីអឹមភី (EMP ពាក្យកាត់មកពី Experience Music Project) ជាសារមន្ទីរមួយដែលមិនស្វែងរកកម្រៃ សម្រាប់​​បម្រើឲ្យរប្បធម៌ប្រជាជន នៃសម័យកាលថ្មី។ សារមន្ទីរនេះស្ថិតនៅទីក្រុងសៀថល នៃសហរដ្ឋអាមេរិក។ វាត្រូវបាន​សាងសង់នៅឆ្នាំ២០០០ ដោយសហស្ថាបនិកនៃក្រុមហ៊ុនយក្សខាងព័ត៌មានវិទ្យា មីក្រូសូហ្វ៍ (Microsoft) លោក ផូល អ័លេន (Paul Allen)។

មជ្ឈមណ្ឌលជាតិ នៃសិល្បៈ នៃទីក្រុងតូក្យូ ប្រទេសជប៉ុន។ សារមន្ទីរនេះបានសង់ឡើងនៅលើចំណែកមួយ នៃ​សកល​វិទ្យាល័យតូក្យូ និងមានជារួម ៦០០បន្ទប់ ហើយដាក់តាំងរូបគំនូរភាគច្រើន ដែលមាន​អាយុរវាងពី​សតវត្សន៍​ទី២០​មក​សតវត្សន៍ទី២១។

សារមន្ទីរសិល្បៈឥស្លាម នៅទីក្រុងដូហា នៃប្រទេសកាតា។ នៅទីនោះ សារមន្ទីរនេះ មានទំហំធំជាងគេ និងធំជាង​សូម្បី​សារមន្ទីរជាតិរបស់ប្រទេស។ វាបានប្រមូលស្នាដៃសិល្បៈនៃពិភពឥស្លាម ដែលមានអាយុពីសតវត្សន៍ទី៧ មកដល់​សតវត្សន៍​​ទី១៤ មកដាក់តាំងបង្ហាញ។ សំណង់រូបរាងរបស់សារមន្ទីរដែលចំណាយអស់ទឹកប្រាក់ជាង ២៥០លានអ៊ឺរ៉ូ ជាស្នាដៃរបស់ស្ថាបត្យករ អាយអូ មីង ពៃ (Ieoh Ming Pei)។ ស្ថាបត្យកររូបនេះ ធ្លាប់បានមកសង់​រូបសាជី របស់សារមន្ទីរ​លូវ្រ៍ នៃទីក្រុងប៉ារីសដែរ។

សារមន្ទីរស៊ូម៉ាយ៉ា (Soumaya) នៃប្រទេសម៊ិចស៊ិច។ សារមន្ទីរនេះ បានបើកទ្វាទទួលសាធារណជននៅថ្ងៃ​ទី២៨​ខែ​មិនា​ឆ្នាំ២០១១។ វាត្រូវបានសាងសង់ឡើងនៅលើទីតាំងចាស់របស់រោងចក្រផលិតក្រដាស ប៉ូឡង់កូ នៅផ្នែក​ខាង​ជើងនៃ​ទីក្រុងម៊ីចស៊ិចកូ។ សារមន្ទីរនេះ ជាកម្មសិទ្ធរបស់មូលនិធិកាឡូស ស្លីម អេស៊ី (Carlos Slim A.C.) និង​បាន​តាំងបង្ហាញ ពីវត្ថុមានតម្លៃទាំងឡាយរបស់មូលនិធិ ព្រមទាំងវត្ថុសិល្បៈអន្តរជាតិ។

ពិភពរបស់ ប៊ីអឹមដាប់ប៊ែលយូ (BMW) ជាគ្រឹស្ថានមួយរបស់ក្រុមហ៊ុន ប៊ីអឹមដាប់ប៊ែលយូ អេជី (BMW AG) ដែល​សម្រាប់​ដាក់តាំងបង្ហាញនូវផលិតផលទាំងឡាយរបស់ក្រុមហ៊ុន។ វាមានទីតាំងនៅទីក្រុងម៉នីក (Munich) ប្រទេស​អាឡឺម៉ង់ នៅ​ក្បែរនឹងទីស្នាក់កណ្ដាលរបស់ក្រុមហ៊ុន ប៊ីអឹមដាប់ប៊ែលយូ។ គេបានប្រើប្រាស់វា ជាសាល​សន្និសិទ ឬសម្រាប់ធ្វើកិច្ច​ប្រជុំ​អ្វីផ្សេងៗម្ដងម្កាលដែរ។

សារមន្ទីរភូមិន្ទ នៃអ៊ុងតារីយ៉ូ (Ontario) ជាសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ ដែលធំជាងគេនៅប្រទេសកាណាដា។ វាស្ថិតនៅ​ទីក្រុងតូរ៉ុងតូ (Toronto) ហើយទទួលអ្នកចូលមកទស្សនាប្រមាណជា ជាងមួយលាននាក់ក្នុងមួយឆ្នាំ។

សារមន្ទីរ គន់ស្ថាអូស (Kunsthaus) នៅទីក្រុងហ្គ្រាស នៃប្រទេសអូទ្រីស។ វាត្រូវបានសាងសង់ឡើង នៅជាប់ស្ទឹង មៀរ (Mur) ក្នុងពេលមានការត្រៀមរៀបចំព្រឹត្តិការណ៍វប្បធម៌នៅឆ្នាំ២០០៣ ខណៈដែលទីក្រុងហ្គ្រាសបានក្លាយ​ជាទីក្រុង​វប្បធម៌របស់អ៊ឺរ៉ុប។ កម្មវិធីរបស់សារមន្ទីរ ផ្ដោតសំខាន់ទៅលើសិល្បៈទំនើប ចាប់តាំងពីឆ្នាំ១៩៧០មក​ដល់​បច្ចុប្បន្ន៕

----------------------------------------------------
ដោយ៖ ដ. កែវ - ប៉ារីស ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...