ស៊ាំស៊ុងបង្ហាញហ្គាឡាក់ស៊ី អេស៤ហ្ស៊ូម មានម៉ាស៊ីនថត១៦ម៉េហ្គាភិចស្ស៊ែល
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហ៊ុនស៊ាំស៊ុង (Samsung) បានបង្ហាញនូវទូរស័ព្ទដៃវ៉ៃឆ្លាតស៊េរីថ្មីម៉ូដែល ហ្គាឡាក់ស៊ី អេស៤ហ្ស៊ូម ( Zoom) កាលពីថ្ងៃពុធ ដែលនាំមកនូវម៉ាស៊ីនថតទំហំ ១៦ម៉េហ្គាភិចស្ស៊ែល និងអាចទាញរូបភាពឲ្យធំបាន ១០តង់។
ទូរស័ព្ទដៃហ្គាឡាក់ស៊ីថ្មីរបស់ស៊ាំស៊ុង ដែលអាចថតរូបបានអស់ពីចិត្ត។
ហ្គាឡាក់ស៊ី អេស៤ហ៊្សូមនេះ ត្រូវបានគេហៅថា ជាកូនកាត់រវាង ហ្គាឡាក់ស៊ី អេស៤ម៉ីនី (Galaxy S4 Mini) និងហ្គាឡាក់ស៊ី កាមេរ៉ា (Galaxy Camera)។ ផ្នែកមួយរបស់វា ជាប្រភេទទូរស័ព្ទដៃវ៉ៃឆ្លាត និងមួយផ្នែកទៀត ជាកាមេរ៉ាប្រភេទស៊ីមូស (CMOS)។
ក្រុមហ៊ុនស៊ាំស៊ុង បានឲ្យដឹងថា «វាជាការរួមបញ្ចូលគ្នា រវាងទូរស័ព្ទដៃវ៉ៃឆ្លាត និងកាមេរ៉ា ដ៏មានឥទ្ធិពលមួយ។ ហើយវានឹងក្លាយជាឧបករណ៏មួយ ដែលនឹងមានតម្រូវការច្រើន សម្រាប់អ្នកប្រើប្រាស់។»
លក្ខណៈសម្បត្តិរបស់ ហ្គាឡាក់ស៊ី អេស៤ហ្ស៊ូម សំខាន់ៗមានដូចជា៖
• អេក្រង់ទំហំ៖ ៤.៣អ៊ីញ (៩៦០ X ៥៤០)
• ម៉ាស៊ីនទំហំ៖ ១.៥ជីហ្គាអែក, ប្រភេទឌូខរ Dual Core
• ប្រព័ន្ធប្រតិបត្តិការ៖ អេនដ្រយ ៤.២ ជេលីប៊ីន (Jelly Bean)
• កាមេរ៉ាក្រោយ៖ ១៦ម៉េហ្គាភិចស្ស៊ែល អាចហ្ស៊ូមបាន ១០តង់
• កាមេរ៉ាមុខ៖ ១.៩ម៉េហ្គាភិចស្យ៊ែល
• វិមាត្រ (បណ្តោយ X ទទឹង X កម្រាស់)៖ ១២៥.៥ X ៦៣.៥ X ១៥.៤មីលីម៉ែត្រ
• ថ្មទំហំ៖ ២.៣៣០មីលីអំពែម៉ោង
• ទម្ងន់៖ ២០៨ក្រាម
• អង់ចងចាំ (RAM) ទំហំ៖ ១.៥ ជីហ្គាបៃ
• អាចផ្ទុកបាន៖ ៨ជីហ្គាបៃនៅក្នុងម៉ាស៊ីនស្រាប់, អាចបន្ថែមកាតពីលើទៀត រហូតដល់ ៦៤ជីហ្គាបៃ
លោកជេឃេ ស្ស៊ីន (JK Shin) នាយកចែកចាយផលិតផលអេឡិចត្រូនិច របស់ក្រុមហ៊ុនស៊ាំស៊ុង បាននិយាយថា «ដោយសារតែឧបករណ៏ផ្នែកទំនាក់ទំនង មានការកើនឡើង នឹងតម្រូវការរូបភាពជាការចាំបាច់មួយ ហើយមនុស្សតែងតែចង់បាននូវរូបភាពច្បាស់ល្អ និងមានគុណភាពខ្ពស់នោះ ខ្ញុំជឿថាហ្គាឡាក់ស៊ី អេស៤ហ្ស៊ូមនេះ នឹងក្លាយជាទីពេញនិយមមួយ។»
ទោះបីជាយ៉ាងណា ទូរស័ព្ទដៃស៊េរី ហ្គាឡាក់ស៊ី អេស៤ ជំនាន់ចុងក្រោយគេនេះ ក្រុមហ៊ុនពុំទាន់ប្រកាសពីតម្លៃឲ្យដឹងនៅឡើយទេ។ ប៉ុន្តែក្រុមហ៊ុនគ្រាន់តែបង្ហើបឲ្យដឹងថា ឧបករណ៏នេះនឹងចេញលក់នៅប្រទេសអង់គ្លេសនៅរដូវក្តៅនេះ ហើយនឹងចរាចរណ៏ក្នុងទីផ្សារអាមេរិក និងអ៊ឺរ៉ុប នៅក្នុងត្រីមាសទី៤ឆ្នាំនេះ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ