សង្គ្រោះទារកម្នាក់ ដែលរកឃើញជាប់គាំងក្នុង«បំពង់លូបង្គន់»
- ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២៨ ឧសភា ២០១៣
- កែប្រែចុងក្រោយ: May 29, 2013
- ប្រធានបទ: មិនគួរឲ្យជឿ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមអ្នកជួយសង្គ្រោះបានកាត់ កែងបំពង់លូ ទីកន្លែងដែលទារកនេះជាប់ ដើម្បីសង្គ្រោះទារកដ៏កំសត់។ អ្នកដែលបានសង្ស័យដឹងរឿងដ៏រន្ធត់នេះមុនគេ ជាអ្នកជួលផ្ទះម្នាក់នៅក្នុងអាគារស្នាក់នៅនេះ ដែលបានជូនដំណឹងភ្លាមទៅអាជ្ញាធរ នៅក្រោយពេលដែលគាត់បានលឺសម្លេងក្មេងយំ យ៉ាងចម្លែងចេញពីក្នុងបំពង់លូ។
រូបភាពជួយសង្គ្រោះជាង២ម៉ោងជាវីដេអូ ត្រូវបានផ្សព្វផ្សាយយ៉ាងច្រើន នៅតាមបណ្ដាញទូរទស្សន៍ និងតាមអាំងធើណែត ជាពិសេសនៅក្នុងខេត្តជេជៀន (Zhejiang) ផ្នែកខាងកើតនៃប្រទេសចិន កាលពីថ្ងៃច័ន្ទនិងថ្ងៃអង្គារ។
ទារកដែលទើបនឹងកើតតូចនេះ ត្រូវបានបញ្ជូនជាបន្ទាន់ទៅកាន់មន្ទីរពេទ្យ ខណៈដែលសុខភាពរបស់ទារក បានចុះខ្សោយខ្លាំង តែនៅមានសង្ឃឹមនៅឡើយ។ ទារកមានទម្ងន់២,៨គីឡូក្រាម មានស្នាមរលាត់បន្តិចបន្តួច និងមានដំណើរបេះដូងបានចុះខ្សោយខ្លាំង តែគេហទំព័រផ្លូវការនៃខេត្តជេជៀន បានអះអាងថា ស្ថានភាពរបស់ទារកនៅអាចសង្គ្រោះបាន។
មនុស្សជាច្រើនបានប្រមូលផ្ដុំគ្នានៅខាងក្រៅមន្ទីរពេទ្យ ដើម្បីពាំនាំយកអំណោយបន្តិចបន្តួចទៅឲ្យទារក ដូចជាល្បែងលេង កំណាត់រំគូថ ម្សៅទឹកដោះគោ ហើយអ្នកខ្លះទៀតចង់សុំទារកនោះមកចិញ្ចឹមថែមទៀត។
នគរបាលបានបើកសំនុំរឿងស៊ើបអង្កេតមួយឡើង ពីបទមនុស្សឃាតដោយចេតនា។ ម្ដាយទារក ទំនងជាត្រូវបានគេរកឃើញហើយ តែការស៊ើបអង្កេតនៅបន្តធ្វើតទៅទៀត។ ម្ចាស់អាគារស្នាក់នៅ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ម្ដាយទារកមិនទំនងជាបានឆ្លងទន្លេ នៅក្នុងបន្ទប់ទឹកនោះទេ ដោយហេតុគេមិនបានរកឃើញស្នាមឈាម នៅទីនោះឡើយ។ ម្ចាស់អាគារក៏មិនបានធ្វើការកត់សម្គាល់ថា មានស្ត្រីពោះធំ នៅក្នុងចំណោមអ្នកជួលផ្ទះរបស់គាត់ដែរ។
ហេតុការណ៍នៃទារកបោះបង់ចោល កើតមានជាញឹកញាប់នៅប្រទេសចិន ហើយបានបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំង ទល់នឹងនយោបាយរឹតបន្តឹង របស់រដ្ឋាភិបាលកុម្មុយនីស ដែលដាក់កំហិតឲ្យប្រជាជនចិន មានកូនតែមួយប៉ុណ្ណោះ។ ទារកដែលត្រូវគេបោះបង់ចោល ច្រើនមានភេទជាស្រី ព្រោះសង្គមចិនឲ្យតម្លៃទៅកូនប្រុសសំខាន់ជាង៕
សូមទស្សនាវីដេអូ ស្ដីពីព្រឹត្តិការណ៍នោះ ដូចតទៅ៖