អាមេរិក៖ និស្សិតម្នាក់ ដើរចាក់មនុស្ស១៤នាក់ ជាមួយនឹងអាវុធ«ចុងស្រួច»
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 10, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មនុស្ស១៤នាក់ បានរងរបួស កាលពីថ្ងៃអង្គារទី០៩ខែមេសានេះ ដោយសារអាវុធស្រួច របស់និស្សិតអាមេរិកាំងម្នាក់ នៅក្នុងអន្តេវាសិកដ្ឋានមួយ នៃសកលវិទ្យាល័យ ឡូនស្ដារ មិនឆ្ងាយប៉ុន្មាន ពីទីក្រុង ប៊ូសស្តុន រដ្ឋតិចសាស។ អ្នករបួសពីរនាក់ បានស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ គួរអោយព្រួយបារម្ភ។
អន្តេវាសិកដ្ឋាន ស៊ីហ្វែរ នៃសកលវិទ្យល័យឡូនស្ដារ។
និស្សិតម្នាក់ បានធ្វើអោយមនុស្ស១៤នាក់រងរបួស ក្នុងនោះមានពីរនាក់របួសធ្ងន់ ជាមួយនឹងអាវុធស្រួច (កាំបិតស្នៀត ឬដាវសាមារ៉ៃ?) ដែលគេនៅមិនទាន់កំណត់បាននៅឡើយ នៅក្នុងអន្តេវាសិកដ្ឋានមួយ នៃសកលវិទ្យាល័យ ឡូនស្ដារ (Lone Star) ស្ថិតនៅក្បែរទីក្រុងប៊ូសស្តុន (Houston)។ នគរបាលបានប្រកាសប្រាប់ពីហេតុការណ៍នេះ ដោយបានបញ្ចាក់ថា និស្សិតរូបនោះត្រូវបានចាប់ខ្លួន នៅក្រោយពេលបង្កហេតុរួច។
នៅម៉ោងប្រមាណជា១១ ម៉ោងក្នុងស្រុក (ម៉ោង០៩យប់ ម៉ោងនៅកម្ពុជា) អាជ្ញាធរបានទទួលដំណឹងថា ជនប្រដាប់ដោយ អាវុធចុងស្រួច បានដើរ«ចាក់»គេឯង ដោយសេរី នៅក្នុងគ្រឹស្ថានទទួលអោយស្នាក់នៅ ឈ្មោះ ស៊ីហ្វែរ (Cyfair) នៃសកលវិទ្យាល័យនេះ។ នគរបាលប្រចាំតំបន់ បានថ្លែងថា «យើងមិនបានដឹងអោយពិតប្រាកដ ថាជាអាវុធអ្វី ដែលនិស្សិតប្រើនោះនៅឡើយ។ យើងមិនដឹងថា តើវាជាកាំបិត ឬជាអ្វីផ្សេងទៀតនោះនៅឡើយ។»
«យើងបានឃាត់ខ្លួន យុវជនស្បែកសររូបនេះ ដែលមានអាយុប្រហែលជា ២១ឆ្នាំ ហើយដែលជានិស្សិតមួយរូប នៅក្នុងសកលវិទ្យាល័យ» នគរបាលបាននិយាយបង្ហើប ពីរូបរាងជនប្រពឹត្តិ តែមិនបានបញ្ជាក់អោយលំអិតជាងនេះ ហើយក៏មិនបានពន្យល់ពីមូលហេតុ ដែលជម្រុយអោយយុវជននេះ យកអាវុធស្រួចទៅ«ចាក់»មនុស្សនៅទីនោះយ៉ាងដូច្នេះនោះដែរ។
នៅលើគេហទំព័ររបស់សកលវិទ្យាល័យ បាននិយាយពីជនសង្ស័យទីពីរ នៅក្រោយពីហេតុការណ៍នេះ តែត្រូវបានច្រានចោលដោយនគរបាល។ នគរបាលបានរៀបរាប់ថា យុវជនដ៏អស្ចារ្យ ត្រូវបានចាប់បោកទៅលើដី ដោយនិស្សិតម្នាក់ទៀត មុននឹងត្រូវបានឃាត់ខ្លួន។ នគរបាលបានបន្ថែមថា អ្នករបួសចំនួនបួននាក់ ត្រូវបានដឹកតាម ឧទ្ធម្ភាគចក្រ ទៅកាន់មន្ទីរ ពេទ្យ និងអ្នករបួសពីរនាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
សកលវិទ្យាល័យ .ដែលបានបិតទ្វាជាបណ្ដោះអាសន្ននោះ បានផ្សាយនៅលើគេហទំព័ររបស់ខ្លួន ថាអំពើរល្មើស បានកើតឡើងនៅជុំវិញ មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ហើយថា ព័ត៌មានស្ដីពីឈុតឆាក នៃឧក្រិដ្ឋកម្ម បានបន្តមានឥតឈប់ឈរ។ គ្រឹស្ថានអប់រំនេះ នឹងត្រូវបើកទ្វាឡើងវិញ នៅថ្ងៃពុធនេះ។
សូមបញ្ជាក់ថា នៅក្នុងអន្តេវាសិកដ្ឋាននេះ តែនៅផ្នែកផ្សេងមួយទៀត ក៏ត្រូវបានរងដោយ ការបាញ់បោះម្ដងរួចហើយដែរ កាលពីខែមករាឆ្នាំ២០១៣នេះ ដែលកាលនោះ ជនល្មើសបានបាញ់ ធ្វើអោយមនុស្សបីនាក់រងរបួស៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ