ប៉ោយប៉ែត៖ សមត្ថកិច្ចខ្មែរលក់សំបុត្រ«ថ្លៃ» ដើម្បីចូលលេងវត្តថៃ ពេលចូលឆ្នាំ?
«អាជ្ញាធរនៅទល់ដែន មិនបានឃុបឃិតលក់សំបុត្រ ក្នុងតម្លៃថ្លៃ ដូចពលរដ្ឋមួយចំនួនបាននិយាយនោះទេ» នេះ ជាការលើកឡើង របសលោក ហាំ វណ្ណៈ មេបញ្ជាការវរៈសេនាតូច នគរបាល ប្រចាំនៅប៉ោយប៉ែត ដែលមានព្រំប្រទល់ នៅជាប់នឹងវត្ត«គោកស្បែក» ក្នុងប្រទេសថៃ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥។ លោកបានថ្លែងឡើងថា នៅរៀងរាល់ឆ្នាំ ពិតជាមានការលក់សំបុត្រមែន តែដោយឡែក នៅក្នុងឆ្នាំ២០១៥នេះ មិនមានទៀតទេ ព្រោះមានបទបញ្ជា ពីចៅហ្វាយខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឲ្យទៅលេង នៅវត្តក្នុងទឹកដីថៃ ដោយមិនឲ្យសមត្ថកិច្ចខ្មែរលក់សំបុត្រ ដោយគ្រាន់តែមានសិទ្ធ មើលការខុសត្រូវ ពីសន្តិសុខ សុវត្តិភាព នៅទីនោះប៉ុណ្ណោះ។
ការថ្លែងរបស់លោក ហាំ វណ្ណៈ បានធ្វើឡើង បន្ទាប់ពីមានពលរដ្ឋជាច្រើននាក់ បានសម្ដែងការរអ៊ូរទាំ ថាដើម្បីចូលទៅលេងបុណ្យចូលឆ្នាំថ្មី នៅក្នុងវត្ត«គោកស្បែក» ដែលជាវត្តថៃ នៅក្បែរព្រំដែននោះ ពលរដ្ឋត្រូវបង់ប្រាក់ ឲ្យសមត្ថកិច្ចខ្មែរ [...]