
ឈុត«ស្ទាបភ្លៅ»ក្នុងកម្មវិធីទូរទស្សន៍ BBC ពីក្រុង Rio
បើសីតុណ្ហភាព នៅក្នុងប្រទេសប្រេស៊ីល ជាពិសេសក្នុងទីក្រុង រីយ៉ូ (Rio) ដែលកំពុងទទួលធ្វើកីឡាអូឡាំពិក ក្នុងឆ្នាំនេះ មានសភាពក្ដៅខ្លាំងនោះ តែសីតុណ្ហភាព នៅក្នុងស្ទូឌីយូកម្មវិធី ដែលផ្សាយផ្ទាល់ ពីកម្មវិធីកីឡាអូឡាំពិត នៅក្នុងកញ្ចក់ទូរទស្សន៍អង់គ្លេស «BBC» កាន់តែក្ដៅជាងសីតុណ្ហភាពនោះទៅទៀត។
ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃអាទិត្យ នៅពេលដែលកម្មវិធីនេះ កំពុងផ្សាយផ្ទាល់ ពីទីក្រុងរីយ៉ូ ជាមួយនឹងពិធីការិនី នាង ហេឡេន ស្កេតថុន (Helen Skelton) ដែលស្លៀកពាក់ខ្លី ជាមួយនឹងពិធីករម្នាក់ទៀត គឺលោក ម៉ាក ហ្វូស្ទ័រ (Mark Foster)។ ខណៈនោះ ទស្សនិកជនបានតាមដានឃើញដោយផ្ទាល់ នូវសកម្មភាពរបស់កីឡាការិនីខាងហែលទឹក អាយុ២៧ឆ្នាំ នាង រីប៊េកា អាដលីនថុន (Rebecca Adlington) ដែលបានយកដៃរបស់នាង ទៅស្ទាបភ្លៅរបស់ពិធីករ ម៉ាក ហ្វូស្ទ័រ អាយុ៤៦ឆ្នាំ ជាច្រើនវិនាទី (មើលក្នុងវីដេអូខាងក្រោម)។