បទយកការណ៍៖ ទស្សនៈជុំវិញសាលក្រម កាត់ទោសលោក ម៉ម សូណង់ដូ
លោក ម៉ម សូណង់ដូ ក្នុងវ័យ៧១ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោកស្រី ចាំង ស៊ីណាត ប្រធាន ក្រុមប្រឹក្សាជំនុំជម្រះ អមដោយព្រះរាជអាជ្ញារង មាស ចន្ទ័ពិសិដ្ឋ បានប្រកាសសាលក្រម កាលពីព្រឹកថ្ងៃទី០១ តុលា ឆ្នាំ២០១២ សម្រេចផ្តន្ទាទោសលោកឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ចោទពីបទ ជាប់ពាក់ព័ន្ធនឹងការបង្កើតតំបន់អប្បគមន៍នៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។ ជាមួយនឹងទោសនេះ លោក ម៉ម សូណង់ដូ នឹងចេញពីពន្ធនាគារ នៅអាយុ៩១ឆ្នាំ ដែលជាជីវិតសេសសល់ចុងក្រោយរបស់លោក។ ជីវិតក្នុងពន្ធនាគារ ដ៏យូររបស់លោក ហាក់បីដូចជាការទទួលទោសប្រហាជីវិត ឬទោសមួយជីវិត ដែលធ្វើឲ្យប្រជាពលរដ្ឋទូទៅនឹកឃើញ និងចងចាំមិនភ្លេច នូវសំនៀងកំណាព្យដែលសូត្រ និងនិពន្ធដោយលោកផ្ទាល់ តាមរយៈការចាក់ផ្សាយក្នុងវិទ្យុសំបុកឃ្មុំ។ កំណាព្យនោះមានចំណងជើងថា «តើខ្ញុំអាចរស់បានរហូតដល់ពេលណា?» បានបញ្ជាក់នូវអត្ថន័យដ៏មានខ្លឹមសា និងក៏ជា [...]