ពលរដ្ឋពីរក្រុមតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែត តែគ្មានលទ្ធផល
ក្រុមអ្នកតវ៉ាមួយក្រុម ដែលមានកាន់បដា សរសេរអក្សរធំៗថា «ប្រជាពលរដ្ឋភូមិបាលិលេយ្យ២ ប្រឆាំងដាច់ខាតមិនឲ្យបុគ្គលណា យកដីផ្លូវធ្វើជាសម្បត្តិផ្ទាល់ខ្លូននោះទេ» បានឲ្យដឹងថា អ្នកដែលរស់នៅ សងខាងផ្លូវសារធារណៈ ប្រមាណជា១៣គ្រួសារ ត្រូវបានអាជ្ញាធរបិទផ្លូវមិនឲ្យចេញចូល និងគ្រោងដេញអ្នកទាំងនេះ ឈប់ឲ្យរស់នៅ ដោយមិនផ្តល់ជាទីតាំងថ្មីណាមួយឡើយ។ អ្នកទាំងនោះ បានផ្ទុះការតវ៉ានេះឡើង ដើម្បីសុំឲ្យសាលាក្រុងប៉ោយប៉ែត ជួយអន្តរាគមន៍ និងបញ្ឈប់ការដេញចេញ ហើយបើឲ្យចេញ សុំឲ្យមានសំណងសមរម្យ ដល់ពួកគាត់។
ដោយឡែក អ្នកតវ៉ាមួយក្រុមទៀត ដែលផ្ទុះការតវ៉ានៅក្នុងពេលតែមួយនេះ បានសរសេរអក្សរ នៅលើបដារបស់ពួកគាត់ថា «ពួកយើងទាំងអស់គ្នា សុំឲ្យរដ្ឋាភិបាលផ្តល់លំនៅដ្ឋាន ទាំង៤៣គ្រួសារផង។ យើងត្រូវការដី សង់លំនៅដ្ឋាន។» ក្រុមអ្នកតវ៉ា ប្រមាណ៤៣គ្រួសារនេះ បានស្រែកខ្លាំងៗថា ខ្លូនគ្មានដីសម្រាប់ការធ្វើលំនៅដ្ឋាន បានពិតប្រាកដនោះទេ។ [...]