ISIS ប្រកាសទទួលស្គាល់ភេរវកម្មដ៏រង្គាល នៅប៉ារីស
ក្រុមរដ្ឋអ៊ីស្លាម ដែលកំពុងកាន់កាប់ទឹកដីមួយភាគ នៃប្រទេសស៊ីរី និងប្រទេសអៀរ៉ាក់ បានចេញមុខ ប្រកាសទទួលស្គាល់ ការវាយប្រហារភេរវកម្ម នារដ្ឋធានីប៉ារីសប្រទេសបារាំង ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ ១២៨នាក់ និងរបួសជាង២៥០នាក់ (តុល្យភាព មកដល់ម៉ោងនេះ)។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ជាផ្លូវការមួយ នៅតាមបណ្ដាញអ៊ិនធើណែតរបស់ខ្លួន ក្រុមរដ្ឋអ៊ីស្លាម បានសរសេរឲ្យដឹងថា៖ «បងប្អូនស្ម័គ្រប្រយុទ្ធ ចំនួន៨នាក់ ដែលមានពាក់ខ្សែក្រវ៉ាត់ ផ្ទុកដោយគ្រាប់បែក និងដែលប្រដាប់ដោយកាំភ្លើងធុនធ្ងន់ បានធ្វើការវាយប្រហារ ទៅលើតំបន់ជាច្រើន ដែលត្រូវបានជ្រើសរើសឡើង យ៉ាងម៉ត់ចត់ កណ្ដាលបេះដូងនៃរដ្ឋធានីប៉ារីស»។
ការប្រកាសទទួលស្គាល់ របស់ក្រុមចលនាអ៊ីស្លាមនិយមតឹងមួយនេះ បានធ្វើឡើងនៅក្រោយតែបន្តិចប៉ុណ្ណោះ នៃការប្រកាសរបស់ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ ដែលប្រកាសតាមកញ្ចក់ទូរទស្សន៍ ទម្លាក់ការទទួលខុសត្រូវ [...]