រកឃើញតួយន្ដហោះ AirAsia ធ្លាក់ក្នុងសមុទ្រ ខណៈសាកសព៣ ទើបនឹងរកឃើញ (vdo)
រហូតមកដល់ពេលនេះ មានសាកសពតែចំនួនបីនាក់ប៉ុណ្ណោះ ដែលត្រូវបានស្រង់ពីសមុទ្រ ហ្សារ៉ា (Java) ដោយក្រុមអ្នករុករកយន្ដហោះ បាត់ខ្លួនកាលពីថ្ងៃអាទិត្យ របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេសៀ (AirAsia)។ នេះជាការថ្លែងបញ្ជាក់ជាថ្មី របស់លោក ប៊ំបង សេលីស្ទីអូ (Bambang Soelistyo) នាយកទីភ្នាក់ងារជាតិ ខាងការរុករក និងជួយសង្គ្រោះរបស់ប្រទេសឥណ្ឌូនេស៊ី។ ការលើកឡើងរបស់លោកនាយករូបនេះ បានធ្វើឡើង បន្ទាប់ពីអ្នកទទួលខុសត្រូវមួយរូបផ្សេងទៀត នៃក្រុមរុករកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានមុននេះថា គេបានស្រង់សាកសពបានជាង៤០នាក់ហើយ។
លោក ប៊ំបង សេលីស្ទីអូ បានថ្លែងឡើងថា៖ «នៅម៉ោង ០១ និង២៥នាទីរសៀល ថ្ងៃទី៣០ ខែធ្នូនេះ យើងបានឃើញវត្ថុអណ្ដែតឡើងជាច្រើន ដែលអាចជាសាកសពនៃជនរងគ្រោះ នៅលើយន្ដហោះ»។ [...]