ភេវរកម្មនៅដាណឺម៉ាកស្លាប់ម្នាក់ ក្នុងជំនួបមួយអំពីអ៊ីស្លាមនិយម
បុរសម្នាក់ជាជនស៊ីវិល ដែលគេនៅមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយ ត្រូវបានបាញ់ស្លាប់ និងភ្នាក់ងារនគរបាលបីនាក់ទៀត ដែលទទួលបន្ទុកការពារតំបន់នោះ បានរងរបួស។ នេះបើតាមផ្សាយឲ្យដឹង ពីកងកម្លាំងនគរបាល នៃប្រទេសដាណឺម៉ាក។ តុល្យភាពដំបូងនេះ ត្រូវបានផ្សាយឲ្យដឹង បន្ទាប់ពីការផ្ទុះអាវុធប្រមាណជា២០០គ្រាប់ ត្រូវបានគេស្ដាប់ឮនៅខាងក្រៅអាគារមួយ ដែលជាមជ្ឈមណ្ឌលវប្បធម៌ កណ្ដាលរាជធានីកូផេនអាក ប្រទេសដាណឺម៉ាក កាលពីរសៀលថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈនេះ។ អាគារនោះ ជាទីកន្លែងដែលជំនួបមួយ ត្រូវបានរៀបចំធ្វើ ដើម្បីជជែកអំពី«អ៊ីស្លាមនិយម» និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។
នគរបាលបានឲ្យដឹងទៀតថា បុរសពីរនាក់ជាខ្មាន់កាំភ្លើង និងជិះនៅក្នុងរថយន្ដមួយគ្រឿង កំពុងត្រូវបានអាជ្ញាធរដាណឺម៉ាក តាមស្វែងរកចាប់ខ្លួន។ ជនទាំងពីរពាក់មុខបិទជិត បានជិះរថយន្ដធុនតូច យីហោ វុលវ៉ាហ្គ័ន ប៉ូឡូ (volkswagen polo) ដែលគេស្គាល់ស្លាកលេខច្បាស់។
[...]