ខឹម វាសនា ថា ឈឹម ផលវរុណ ជាមនុស្ស«ថោក»-បីគណបក្ស
យុទ្ធនាការស្វែងរកយុត្តិធម៌ ក្រៅប្រព័ន្ធតុលាការ របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន ដើម្បីប្រជាធិបតេយ្យ ជុំវិញករណីបណ្ដឹង ឡើងដល់សាលាឧទ្ទរណ៍ របស់កសិករ ឌុក មឿង ប្ដឹងលោក ខឹម វាសនា ពីបទឆបោកនោះ ហាក់ដូចជាបានពង្រីកវិសាលភាព កាន់តែធំឡើង។ សម្រាប់រូបលោក ខឹម វាសនា បានចាត់ទុកការប្ដឹងផ្ដល់នោះថា ជាបណ្ដឹងដ៏អយុត្តិធម៌ ដែលកើតឡើង ព្រោះតុលាការ«ខ្វាក់ភ្នែក» និងដោយសារមានលោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ស្ថិតនៅពីក្រោយ។
ថ្លែងនៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥ ក្នុងទីស្នាក់ការគណបក្ស «ជួង»របស់លោក លោក ខឹម វាសនា បានធ្វើការវាយប្រហារធ្ងន់ៗ ទៅលើលោក ឈឹម ផលវរុណ ដោយបានហៅអតីតអ្នកវិភាគ តាមទូរទស្សន៍ក្នុងស្រុករូបនេះ ថាជា«មនុស្សថោក»។ នៅលើទំព័រហ្វេសប៊ុក របស់លោក ខឹម វាសនា បានសរសេរអមជាមួយវីដេអូមួយថា៖ «បក្សប្រជាជនថា គណះកម្មការកណ្តាល គណបក្សមិនងាយមានអ្នកណា អាចចូលបានទេ [...]