
បុរសម្នាក់នេះ កំពុងព្យាយាមហែលឆ្លងមហាសាគរអាត្លង់ទីក
បន្ទាប់ពីការរៀបចំ ដែលប្រើរយៈពេលបីឆ្នាំកន្លះនោះមក លោក ប៊េន ហូភើរ (Ben Hooper) ជាតិអង់គ្លេសអាយុ៣៨ឆ្នាំ បានហក់ប្រូងទៅក្នុងទឹកសមុទ្រ នៅចំពោះអ្នកសារព័ត៌មានច្រើននាក់ កាលពីព្រឹកថ្ងៃអាទិត្យទី១៣ ខែវិច្ឆិកាកន្លងមក ដើម្បីឆ្លងមហាសមុទ្រអាត្លង់ទីក ដោយ«ការហែល»។ បុរសដ៏ក្លាហាន នឹងត្រូវហែលទឹកសមុទ្រ ក្នុងរយៈចំងាយប្រមាណជា ៣០២៧គីឡូម៉ែត្រ រវាងរដ្ឋធានី ដាកា នៃប្រទេសសេនេហ្គាល់ (ទ្វីបអាហ្វ្រិកខាងលិច) ឆ្ពោះទៅកាន់ឆ្នេរខាងកើត នៃប្រទេសប្រេស៊ីល។
ការចេញដំណើរនេះ ទទួលការខកខានជាច្រើនដងហើយ បើធៀបនឹងគម្រោង ដែលចង់ចេញដំណើរ នៅថ្ងៃទី១ ខែវិច្ឆិកា។ តែមកដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ លោក ប៊េន ហូភើរ បានហែលនៅក្នុងសមុទ្រ បានចំងាយប្រមាណជា ៦០គីឡូម៉ែត្រហើយ។ នេះ បើតាមការឲ្យដឹង នៅលើគេហទំព័រ «Swim The Big Blue» [...]