ចិន៖ រកឃើញករណីជម្ងឺផ្ដាសាយបក្សី«ដំបូងគេ» កើតនៅប៉េកាំង
អាជ្ញាធរសុខភាពចិន បានប្រកាសនៅថ្ងៃសៅរ៍នេះ ថាក្មេងស្រីម្នាក់អាយុ៧ឆ្នាំ រស់នៅទីក្រុងប៉េកាំង បានផ្ទុកមេរោគផ្ដាសាយបក្សី ដែលមានឈ្មោះជាអក្សរកាត់ថា H7N9។ ជាករណីប្រកាសជាផ្លូវការ លើកដំបូងគេបង្អស់ ដែលបានកើតនៅក្នុងរដ្ឋធានី ខណៈដែលជម្ងឺនេះ បានកើតមានទៅលើបណ្ដាជនជាង ៤០នាក់រួចទៅហើយ នៅប៉ែកខាងកើតនៃប្រទេស។
កសិដ្ឋានចិញ្ចឹមសត្វស្លាបមួយ នៅក្បែរទីក្រុងសៀងហៃ ប្រទេសចិន។
មេរោគ H7N9 នៃជម្ងឺផ្ដាសាយបក្សី ដែលរហូតមកដល់ពេលនេះ ចម្លងត្រឹមតែពីសត្វមកមនុស្សនេះ បានកើតមានទៅលើមនុស្សជាង៤០នាក់រួចមកហើយ នៅផ្នែកខាងកើតនៃប្រទេសចិន ជាពិសេសនៅទីក្រុងសៀងហៃ និងនៅតំបន់ជុំវិញ។ រីឯករណីទីមួយ ដែលទើបនឹងកើតនៅក្នុងរដ្ឋធានីនៃប្រទេស បានបង្ហាញពីសញ្ញានៃការរីករាលដាល របស់មេរោគនេះ ដ៏គួរអោយព្រួយបារម្ភ។
[...]