មន្ត្រីទាំង៥រូប បានចេញពីពន្ធនាគារនិងជួបជុំជាមួយគ្រួសារ
មន្ត្រីសមាគមអាដហុកទាំងបួននាក់ រួមមានលោក នី សុខា - លោក យី សុខសាន្ត - លោក ណៃ រ៉ង់ដា - អ្នកស្រី លឹម មុន្នី និងអគ្គលេខាធិការរង គ.ជ.ប មួយរូបទៀត គឺលោក នី ចរិយា ត្រូវបានដោះលែង ចេញពីពន្ធនាគារព្រៃស នៅវេលាយប់ ថ្ងៃទី២៩ ខែមិថុនានេះ ហើយបានត្រឡប់ទៅជួបជុំ ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្រវិញហើយ។
មន្ត្រីទាំងបួនរូប របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) បានជ្រើសរើសទីស្នាក់ការកណ្ដាល របស់សមាគម កណ្ដាលរាជធានីភ្នំពញ ដើម្បីជួបជុំគ្នាជាដំបូងសិន មុននឹងបែកផ្លូវគ្នា ទៅកាន់គេហដ្ឋានរៀងៗខ្លួន នៅពេលក្រោយមក។
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា មន្រ្តីទាំង៥រូបនេះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្ន នៅក្រោមលក្ខខណ្ឌចំនួន៣៖ ហាមមិនឲ្យដូរទីលំនៅ និងចាកចេញពីកម្ពុជា ដោយគ្មានការអនុញ្ញាត ពីតុលាការ ហើយត្រូវបង្ហាញខ្លួន នៅរាល់ការកោះហៅ ពីសំណាក់តុលាការ។ [...]