កម្មករថាបើគ្មានកាត ហាមទៅបន្ទប់ទឹក នៅរោងចក្រគានធិច
«រោងចក្រហ្នឹង ទាល់តែមានកាត បានទៅបន្ទប់ទឹកបាន បើគ្មានទៅមិនបានទេ បើទៅ សន្តិសុខឃើញចាប់ទៅព្រមាន បីដងដេញចេញពីរោងចក្រតែម្តង។ ចំងាយ ពីកន្លែងធ្វើការទៅបន្ទប់ទឹក ប្រមាណ១០០ម៉ែត្រ ថៅកែកំណត់ម៉ោង ឲ្យទៅតែ០៥នាទីប៉ុណ្ណោះ» ទាំងនេះជាកាលើកឡើង របស់ ស្រីនឿន ដែលជាកម្មការនីរោងចក្រ«គានធិច» នៅឯស្រុកត្រាំកក់ ខេត្តតាកែវ។
នៅក្នុងទឹកមុខមិនសូវស្រស់ ដែលកំពុងឈរកាន់បដា តវ៉ានៅពីមុខវិមានរដ្ឋសភា ស្រីនឿន បានស្រដីថា ថៅកែរោងចក្ររបស់នាង មិនព្រមគោរពតាមពាក្យសន្យានោះទេ ដែលនៅក្នុងកិច្ចសន្យាការងារនោះ បានសរសេរពីប្រាក់ខែគោល បន្ទាប់ពីធ្វើបានពីរខែ នឹងក្លាយជាបុគ្កលិកពេញសិទ្ធ ទទួលបានប្រាក់ខែ១២៨ ដុល្លាក្នុងមួយខែ។ តែបច្ចុប្បន្ន នាងធ្វើបាន០៥ខែហើយ បានតែ១២៣ដុល្លាប៉ុណ្ណោះ។ នាងបានបន្តថា មិនដូចអ្វី ដែលមាននៅក្នុងកិច្ចសន្យាទេ លុយអាហារក៏គ្មាន សិទ្ធសេរីភាពក៏លំបាក សូម្បីតែទៅបន្ទប់ទឹក ក៏កំណត់ម៉ោងដែរ។
[...]