
សពទារកម្នាក់ ខ្ចប់ក្រដាសទុកចោលនៅក្នុងបង្គន់យន្ដហោះ
សាកសពរបស់ទារកដ៏តូចម្នាក់ ត្រូវបានរកឃើញ ខ្ចប់នៅក្នុងកញ្ចប់ក្រដាស់អនាម័យ នៅក្នុងបន្ទប់បង្គន់របស់យន្ដហោះ នៃក្រុមហ៊ុនអាកាសចរណ៍ «Qatar Airways» ដែលបានមកចុះចត នៅព្រលានយន្ដហោះអន្តរជាតិ «Soekarno-Hatta» ក្បែររដ្ឋធានីចាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃអាទិត្យ។ ការរកឃើញដ៏អាណោចអាធមនេះ បានផ្ទុះឡើង បន្ទាប់ពីបុគ្គលិក ខាងបោសសំអាតយន្ដហោះ បានចូលទៅលាងជូតបង្គន់ របស់យន្ដហោះខាងលើ ដែលបានហោះចេញ ពីរាជធានី ដូហា (Doha) នៃប្រទេសកាតា (ក្នុងតំបន់ឈូងសមុទ្រពែរ្យ៍)។
អ្នកនាំពាក្យរបស់ព្រលានយន្ដហោះ លោក «Endang Sutrisna» បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា ទារករូបនោះ មានអាយុប្រមាណជា ៥ទៅ៧ខែ ហើយត្រូវបានខ្ចប់ ដោយក្រដាសអនាម័យ និងទុកចោល នៅក្នុងបន្ទប់បង្គន់។