សម្ភាស ជូង ជូងី៖ សាលក្រមរបស់សាលាដំបូងខេត្តកណ្តាល ជារឿង«នយោបាយ»
«ខ្ញុំជាមេធាវី។ ខ្ញុំបំពេញសិទ្ធិ ការពារកូនក្តីរបស់ខ្ញុំ។ នៅពេលដែលយកកូនក្តីខ្ញុំ ទៅដល់ពន្ធនាគារ មិនមានដីកាឃុំខ្លួន ខ្ញុំក៏តវ៉ា។ (...) ខ្ញុំមិនបានគាស់ទ្វារបង គ្មានកាំភ្លើងគម្រាម គ្មានប្រើហិង្សា ក្រៅពីសំដីតវ៉ា។ មន្រ្តីពន្ធនាគារ ក្រឡាបញ្ជីបរាជ័យ មិនអាចឃុំខ្លួនកូនក្តីខ្ញុំបាន កូនក្តីខ្ញុំក៏ចេញទៅផ្ទះវិញ។ ក្រោយមកតុលាការ ក៏ចោទប្រកាន់ខ្ញុំ ថាផ្តល់មធ្យោបាយរត់។» នេះជាការថ្លែង របស់លោកមេធាវី ជួង ជូងី ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី១៤ ខែមីនានេះ។
ការលើកឡើង របស់លោកមេធាវី បានធ្វើឡើង បន្ទាប់ពីប្រធានចៅក្រមជំនុំជម្រះ នៃតុលាការខេត្តកណ្តាល លោក គឹម ម៉េង បានសម្រេចប្រកាសសាលក្រម កាលពីថ្ងៃទី១៣ ខែមីនា ម្សិលម៉ិញ ទៅលើសាលក្រមកំបាំងមុខ កាលពីខែកក្កដា ឆ្នាំ២០១៤ ដែលបានចោទប្រកាន់លោក មេធាវី ជូង ជូងី និងលោក ចាន់ ចេង អ្នកតំណាងរាស្ត្រខាងគណបក្សសង្គ្រោះជាតិ [...]