ស្ថានទូតអាមេរិកប្រចាំកម្ពុជា ប្រតិកម្មនឹងការប៉ុនប៉ងចាប់ខ្លួន កឹម សុខា
ប្រតិកម្មពីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានធ្លាក់មកដល់។ ស្ថានទូតប្រទេសមហាអំណាចដ៏ធំមួយនេះ បានចេញសេចក្ដីថ្លែងការណ៍នៅល្ងាចថ្ងៃព្រហស្បត្តិ៍នេះ បង្ហាញការព្រួយបារម្ភ«យ៉ាងខ្លាំង»របស់ខ្លួន អំពីព្រឹត្តិការណ៍ចុងក្រោយ នៅក្នុងប្រទេសកម្ពុជា ជាពិសេសការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា នៅព្រឹកថ្ងៃនេះ។
សេចក្ដីថ្លែងការណ៍របស់ស្ថានទូតអាមេរិក ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូត បានសរសេរថា ការដាក់ពង្រាយកងកម្លាំងអាជ្ញាធរ ឡោមព័ទ្ធទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ និងការប្រឈមមុខគ្នា ជាមួយនឹងក្រុមអ្នកគាំទ្រ របស់គណបក្សនេះ នៅថ្ងៃទី ២៦ ខែឧសភា បានបង្ហាញពីជំហានមិនសមាមាត្រ និងប្រកបដោយគ្រោះថ្នាក់។
ស្ថានទូតរបស់ប្រទេសមហាអំណាច បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា [...]



