អ៊ឺរ៉ូ២០១៦៖ បារាំងយកឈ្នះអាល់បានី ពីរគ្រាប់នៅចុងការប្រកួត
យប់ថ្ងៃពុធទី១៥ ខែមិថុនានេះ ជារាត្រីដ៏សប្បាយរីករាយ សម្រាប់បណ្ដាជនអ្នកគាំទ្រ ក្រុមជម្រើសជាតិបារាំង បន្ទាប់ពីក្រុមនេះបានឈ្នះក្រុមអាល់បានី ពីរទល់នឹងសូន្យ ហើយទទួលបាន៦ពិន្ទុ ឡើងទៅឈរនៅលើគេ នៃតារាងពូល A។ ការប្រកួតនេះ បានប្រព្រឹត្តិទៅនៅកីឡាដ្ឋាន «Velodrome» នៃក្រុងម៉ារសីយ៍ (Marseille) ភាគខាងត្បូងប្រទេសបារាំង។
បើនិយាយពីការប្រកួត តាំងពីនាទីទីមួយ រហូតដល់ចុងបញ្ចប់ ក្រុមបារាំងរកមិនឃើញចន្លោះច្រើនប៉ុន្មាន សម្រាប់ផ្ដួលក្រុមអាល់បានីឡើយ បើទោះជាខ្លួនមានឱកាស រួមជាមួយនឹងកីឡាករល្បីៗ ចំណានៗច្រើននាក់ក៏ដោយ។ បណ្ដាជនបារាំងត្រូវរង់ចាំរហូតដល់ចុងបញ្ចប់ នៃការប្រកួត ទើបកីឡាករ «Griezmann» បានប្រើក្បាល ទទួលបាល់ពីកីឡាករ «Payet» បុកបញ្ជូនបញ្ចូលទីរបស់ក្រុមអាល់បានី នៅនាទីទី៩០។
នៅ៦នាទីក្រោយ គឺនៅនាទីទី៩៦ (ក្នុងម៉ោងបន្ថែម) កីឡាករ «Payet» បានបណ្ដើរបាល់បញ្ឆោតខ្សែការពារអាល់បានី [...]



