គ្រូបង្វឹក រៀលម៉ាឌ្រីត៖ «យើងនៅមិនទាន់ឈ្នះអ្វីទាំងអស់»
ទ្រាំមិនសរសើរមិនបាន។ ព្រោះជាបទពិសោធ ដែលលោក ហ្សីនឌីន ហ្សីដាន់ (Zinedine Zidane) បានក្លាយជាគ្រូបង្វឹកជាលើកដំបូង នៅក្នុងជីវិតរបស់លោក តែលោកបានដឹកនាំក្រុមរៀលម៉ាឌ្រីត (Real Madrid) ឲ្យទទួលបានជ័យជំនះ ឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួត ដណ្ដើមពានរង្វាន់ជើងឯកអ៊ឺរ៉ុប «Champions League» ឆ្នាំ២០១៦ បន្ទាប់ពីបានបំបាក់ក្រុម មេនឆេស្ទ័រស៊ីធី (Manchester City) កាលពីយប់ថ្ងៃពុធ នៅក្នុងកីឡាដ្ឋានដ៏ធំរបស់ខ្លួន។ ក្រុមរៀលម៉ាឌ្រីត នឹងត្រូវទៅជួបជាមួយក្រុម អាត្លេទីកូម៉ាឌ្រីត (Atletico Madrid) នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវរៀបចំធ្វើ នៅក្នុងក្រុង មីឡង់ (Milan) ប្រទេសអ៊ីតាលី នាថ្ងៃទី២៨ ខែឧសភាខាងមុខនេះ។ ក្រុមទាំងពីរនេះ ស្ថិតនៅម្ខាងម្នាក់ នៃរាជធានី ម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។



