រថយន្តដឹកខ្សាច់បុកម៉ូតូ បង្ករបួសបាក់ឆ្អឹង២នាក់
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង ១៥ និង ៥០នាទីរសៀល ដែលបង្កឡើង ដោយរថយន្តដឹកខ្សាច់ ដែលបានទៅបុកម៉ូតូ សងកូរ៉េ នៅតាមផ្លូវជាតិលេខ២ ក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ គ្រោះថ្នាក់បានបណ្ដាល ឲ្យអ្នកជិះម៉ូតូទាំងពីរនាក់ ស្រ្តីជាប្រពន្ធបាក់ភ្លៅទាំងពីរ ចំណែកប្តី បានបាក់ឆ្អឹងដងកាំបិត។
តាមប្រភព ពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញមានប្តីប្រពន្ធពីរនាក់ខាងលើ បានជិះម៉ូតូពណ៍ក្រហម ពាក់ស្លាក លេខ ភ 6595 ស.រ 1 តាមផ្លូវជាតិលេខពីរ ទិសដៅពីលិចទៅកើត ស្របទិសជាមួយរថយន្ត ធុន ហ៊ីណូ ពណ៌សរ មានស្លាកលេខភ្នំពេញ 3B 3248 ដែលជារថយន្តដឹកខ្សាច់ បើកបរដោយ បុរសមិនស្គាល់អត្តសញ្ញាណ។ ប៉ុន្តែរថយន្តធំនេះ បានបើកបរក្នុងល្បឿនលឿន លុះមកចំណុចកើតហេតុ ក៏បានបុកម៉ូតូពីក្រោយ ពេញមួយទំហឹង ធ្វើឲ្យប្រពន្ធម្ចាស់ម៉ូតូ ខ្ទាតចូលក្រោមរថយន្ត បណ្តោយឲ្យកិនរបួសទាំងពីរនាក់ [...]