
សត្រូវធំជាងគេរបស់អ៊ឺរ៉ុប ដែលជាជនសង្ស័យក្នុងភេរវកម្មនៅប៉ារីស ត្រូវបានចាប់ខ្លួន
នៅទីបំផុត សត្រូវដ៏ធំជាងគេរបស់អ៊ឺរ៉ុប និងជាជនសង្ស័យចុងក្រោយ នៅក្នុងព្រឹត្តិការណ៍ភេរវកម្ម ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង ត្រូវបានចាប់ខ្លួន«ទាំងរស់»ហើយ បន្ទាប់ពីរងការតាមប្រម៉ាញ់ អស់រយៈពេល ១២៥ថ្ងៃ។ នៅពេលចាប់ខ្លួន ក្នុងសង្កាត់ ម៉ូឡង់ប៊ិច (Molenbeek - ស្ថិតនៅជុំវិញរាជធានី ប្រ៊ុយសែល ប្រទេសប៊ែលហ្សិក) កាលពីល្ងាចថ្ងៃសុក្រទី១៨ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ១៦និង៤០នាទី ជននេះបានរងរបួសត្រង់ជើង ដែលបណ្ដាលមកពីការបាញ់តបតរគ្នា ជាមួយនឹងកងកម្លាំងអាជ្ញាធរ។ ជននេះ មានឈ្មោះ សាឡាហ៍ អាបដេស្លាម (Salah Abdeslam) មានសញ្ជាតិបារាំង តែកើតនៅក្នុងប្រទេសប៊ែលហ្សិក ពីត្រកូលដែលមានដើមកំណើត ជាជនជាតិម៉ារុក មកពីប្រទេសអាល់ហ្សេរី។
បើតាមអ្នកនាំពាក្យ នៃស្ថាប័នព្រះរាជអាជ្ញាសហព័ន្ធ របស់ប្រទេសប៊ែលហ្សិក បានថ្លែងឲ្យដឹងនៅវេលាយប់ឡើងថា អាជ្ញាធរបានធ្វើការចាប់ខ្លួន ជន៤នាក់ទៀត [...]