២១ឆ្នាំកន្លងទៅហើយ ឯណាទៅឃាតករ?
កាលពី២១ឆ្នាំមុន ក្នុងថ្ងៃដដែលនេះ លោក ធុន ប៊ុនលី អ្នកសារព័ត៌មាន និងជាបណ្ណាធិការកាសែត ឧត្ដមគតិខ្មែរ ត្រូវបានជនមិនស្គាល់មុខ ប្រដាប់ដោយអាវុធពីរនាក់ បាញ់សម្លាប់ ខណៈលោកកំពុងជិះម៉ូតូ នៅតាមដងផ្លូវមួយ កណ្ដាលរាជធានីភ្នំពេញ។ ជនដៃដល់ ដែលប្រព្រឹត្តិអំពើមនុស្សឃាតនេះ មិនដែលត្រូវអាជ្ញាធរកម្ពុជា ចាប់យកមកផ្ដន្ទាទោសនោះទេ រហូតមកដល់ថ្ងៃនេះ ហើយគ្រួសារជនរងគ្រោះ ក៏មិនដែលត្រូវបានគេនឹកនារ ដើម្បីនិយាយពីយុត្តិធម៌នោះដែរ។
អង្គការអន្តរជាតិមួយ ឈ្មោះ គណៈកម្មការការពារអ្នកកាសែត (The Committee to Protect Journalists) ដែលមានទីស្នាក់ការធំ នៅក្នុងទីក្រុង ញ៉ូយក សហរដ្ឋអាមេរិក បានកត់ត្រាពីឃាតកម្ម ទាំងកណ្ដាលថ្ងៃ ទៅលើលោក ធុន ប៊ុនលី ថាត្រូវបានធ្វើឡើង ដោយការបាញ់ប្រហារ ចំនួន៣គ្រាប់កាំភ្លើង៖ ១គ្រាប់ចំដៃ និងពីគ្រាប់ទៀត [...]