«ជនរងគ្រោះថ្ងៃ៣០មីនា នឹងគ្មានយុត្តិធម៌ បើតុលាការមិនឯករាជ្យ»
ក្នុងពិធីរំលឹកខួប លើកទី១៨ នៃការបោកគ្រាប់បែក នៅមុខអតីតរដ្ឋសភា លើសួនច្បារមុខវត្តបទុមវតី កាលពីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់សាច់ញាតិ អ្នកដែលស្លាប់ និងជនរងគ្រោះ ដែលបានរងរបួសថា លោកនឹងព្យាយាម ស្វែងរកយុត្តិធម៌ ដល់អ្នកស្លាប់ និងរបួស ដែលមិនមានកំហុសទាំងនោះ មិនឲ្យស្លាប់ និងរបួសដោយឥតអាសារ ដូច្នេះឡើយ។
នៅចំពោះមុខព្រះសង្ឃ ប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិ ប្រហែលជាង២០០នាក់ លោក កឹម សុខា បានសន្យាជាថ្មីថា នឹងស្វែងរកយុត្តិធម៌ ដោយសន្តិវិធី និងអហិង្សា តាមរយៈការជម្រុញ ឲ្យរដ្ឋាភិបាលបន្តស្វែងរក ចាប់ជនដៃដល់ពិតប្រាកដ ដែលបានបោកគ្រាប់បែក សម្លាប់ជនស្លូតត្រង់ ក្នុងហ្វូងបាតុកម្ម ដែលដឹកនាំដោយលោក សម រង្ស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧កន្លងមក។
យ៉ាងណាសម្រាប់ លោក កឹម សុខា ផ្ទាល់ ក៏បានបង្ហាញថា ភាពអយុត្តិធម៌នឹងបន្តនៅមាន [...]