យុវជន និងការព្រួយបារម្ភ ក្រោយមានច្បាប់ NGO
ក្រុមយុវជននៃសភាត្រាប់ ប្រមាណជិត៥០នាក់ មកពីតាមសកលវិទ្យាល័យ និងបណ្តាខេត្តក្រុងនានា បានបង្ហាញពីក្តីកង្វល់របស់ខ្លួនថា នឹងបាត់បង់អ្វីៗច្រើន សម្រាប់យុវជន ក្រោយសេចក្ដីព្រាងច្បាប់ គ្រប់គ្រងអង្គការសង្គមស៊ីវិល នៅក្នុងដៃសភា នឹងត្រូវអនុម័ត ដោយគ្មានការទទួលយកអនុសាសន៍ ពីសង្គមស៊ីវិល។ ក្ដីកង្វល់ទាំងនោះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពីការព្រួយបារម្ភរបស់ក្រុមយុវជន ដែលនឹងត្រូវបាត់បង់ នូវឱកាសជាច្រើន តាមរយៈអង្គការសង្គមស៊ីវិល ប្រសិនជាសេចក្តីព្រាងច្បាប់ខាងលើ ត្រូវរដ្ឋសភាអនុម័ត។
យុវជន ហេង កឹមហុង ជាប្រធានគណកម្មការច្បាប់ នៃក្រុមយុវជនសភាត្រាប់ បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនោះ មានការប៉ះពាល់យ៉ាងខ្លាំង ចំពោះយុវជន។ លោកបានបង្ហាញ នូវហេតុផលមួយចំនួន ដូចជាក្នុងមាត្រា៣២ នៃសេចក្តីព្រាងច្បាប់នោះ ថាបានបិទសិទ្ធិ សេរីភាពរបស់យុវជន ក្នុងការចុះជួយតាមសហគម [...]