អាមេរិកនិងសម្ព័ន្ធមិត្ត ជំរុញឲ្យអនុវត្តន៍ទណ្ឌកម្មប្រឆាំងព្យុងយ៉ាង បន្ទាប់ពីបាញ់កាំជ្រួចជាថ្មី
បន្ទាប់ពីកិច្ចប្រជុំជាបន្ទាន់ដោយបិទទ្វាជិត របស់ក្រុមប្រឹក្សាសន្ដិសុខ របស់អង្គការសហប្រជាជាតិ អស់រយៈពេល២ម៉ោង កាលពីល្ងាចថ្ងៃពុធនេះរួចមក អ្នកស្រី សាម៉ាន់ថា ផាវើរ (Samantha Power) ឯកអគ្គរដ្ឋទូតអាមេរិក និងលោក កូរ៉ូ បេសស្សូ (Koro Bessho) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា សមាជិកជាច្រើននាក់ របស់ក្រុមប្រឹក្សាសន្តិសុខ បានប្រកាសថ្កោលទោស យ៉ាងខ្លាំងក្លា ចំពោះការបាញ់កាំជ្រួចបាលីស្ទីក របស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃពុធ ដែលបានចូលជាលើកទីមួយ ទៅក្នុងដែនទឹកជប៉ុន។
អ្នកស្រី ផាវើរ បានថ្លែងឡើងថា អ្នកស្រីមិនបានគិតខុសទេ ដែលថាក្រុមប្រឹក្សសន្តិសុខ នឹងមានលទ្ធភាព ក្នុងការរួបរួមគ្នា យ៉ាងឆាប់រហ័ស និងជាធ្លុងមួយ ដើម្បីបរិហារការបាញ់កាំជ្រួចចុងក្រោយបង្អស់ របស់ប្រទេសកុម្មុយនីសកូរ៉េ ដែលអ្នកស្រីវាយតម្លៃថា ជាការគម្រាមដ៏ធ្ងន់ធ្ងរ ដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ [...]