ម៉ែឪអភ័យឯកសិទ្ធិ ឬជីដូនជីតាអភ័យឯកសិទ្ធិ?
អ្វីទៅជាអភ័យឯកសិទ្ធិ? សម្រាប់ប្រទេសកម្ពុជា បញ្ហាអភ័យឯកសិទ្ធិ ត្រូវបានមន្ត្រីនៅក្នុងជួររដ្ឋាភិបាល យកមកធ្វើការបកស្រាយ យ៉ាងប្លែកៗ។ ហើយនេះជាករណី របស់លោក សឺន សាលី មន្ត្រីបម្រើការឲ្យការិយាល័យឧត្តមស្នងការ របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលកន្លងមកត្រូវបានលោក ហ៊ុន សែន ថ្លែងព្រមានមិនខ្វល់ពីអភ័យឯកសិទ្ធិ របស់មន្ត្រីរូបនេះឡើយ។
អនុសញ្ញាឆ្នាំ១៩៤៦ ស្ដីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់សហប្រជាជាតិ បានសរសេរថា មន្ត្រីសហប្រជាជាតិមានអភ័យឯកសិទ្ធិ រួចផុតពីដំណើរការផ្លូវច្បាប់ ទាក់ទងនឹងពាក្យនិយាយស្ដី ឬសរសេរជាលាយលក្ខណ៍អក្សរ និងទង្វើទាំងអស់ ដែលពួកគេធ្វើក្នុងសមត្ថភាពផ្លូវការ របស់ខ្លួន។ ហើយប្រទេសកម្ពុជា ដែលជាសមាជិកមួយ របស់អង្គការសហប្រជាជាតិ ចាំបាច់ត្រូវមានកាតព្វកិច្ច គោរពតាមអនុសញ្ញាទាំងនោះ។ [...]