ហ៊ុន សែន៖ ប្រវត្តិសាស្ត្រមិនមែន«អាជនក្បត់ជាតិ សម សារី»ជាអ្នកសរសេរ!
សម្រាប់លោក ហ៊ុន សែន បុរសខ្លាំងកម្ពុជា គឺគ្មានទេអ្នកស្រាវជ្រាវ«ឯករាជ្យ» ដែលសរសេរប្រវត្តិសាស្ត្រ ដោយគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ និងសរសេរតែការពិត! ហើយបើតាមប្រសាសន៍របស់លោក ក្នុងព្រឹកថ្ងៃទី២៨ ខែមិថុនានេះ រូបលោក និងគណបក្សប្រជាជនកម្ពុជា ចាំបាច់ត្រូវ«ឈ្នះ»ជានិរន្តរ ដើម្បីសរសេរប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ទៅតាមអ្វី ដែលលោកហៅថា ដើម្បីការពារគណបក្សរបស់លោក ការពាររបបរាជានិយម និងព្រះមហាក្សត្រ។
ថ្លែងនៅចំពោះសមាជិក និងអ្នកគាំទ្ររាប់ពាន់នាក់ ក្នុងពិធីរំលឹកខួប៦៦ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា៖ «ប្រវត្តិសាស្ត្រ គឺអ្នកឈ្នះ ជាអ្នកសរសេរ ដូច្នេះគ្មានឱកាសឲ្យអ្នកដទៃ ជាអ្នកឈ្នះ ដើម្បីសរសេរប្រវត្តិសាស្ត្រនោះទេ»។
លោកនាយករដ្ឋមន្ត្រីបានយកឧទាហរណ៍ ក្នុងសម័យសង្គមរាស្ត្រនិយម [...]