និស្សិតសកម្មជនកាពារព្រៃអារ៉ែង រងការព្យួការសិក្សាពីសាលា
អស់រយៈពេលជិត១ឆ្នាំហើយ គិតចាប់តាំង ពីថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៤ ដែលយុវជនពីរនាក់ បានត្រូវកងកម្លាំងសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីក្រុមហ៊ុន ស៊ិនូហាយដ្រូ (SINOHYDRO) និងអាជ្ញាធរព្យាយាម ចូលទៅកាន់តំបន់អារ៉ែង។ ជុំ ហួត និង ជុំ ហួរ ដែលជានិស្សិតមកពីខេត្តបាត់ដំបង រៀនឆ្នាំទី២ និងទី៣ ផ្នែកអក្សរសាស្រ្តអង់គ្លេស នៅមហាវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) បានត្រូវមហាវិទ្យាល័យនេះ ព្យួការសិក្សារយៈពេល៧ខែ និងពិន័យជាប្រាក់ ជាង២០០ដុល្លា រួមទាំងការប្រលងសងឡើងវិញ។ មូលហេតុ ដោយសារអ្នកទាំងពីរ ជាប់មមាញឹក ក្នុងការចូលរួមសកម្មភាព ជាមួយក្រុមចលនាមាតាធម្មជាតិ នៅតំបន់អារ៉ែង។
យុវជន ជុំ ហួត ដែលជាប្អួន បានប្រាប់ឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹង នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥នេះថា សាលារបស់យុវជនហាក់លំអៀងណាស់ ព្រោះមាននិស្សិតមួយក្រុមផ្សេងទៀត ដែលគេស្គាល់ថា ជាក្រុម«និស្សិតសម្តេចតេជោ» [...]