ពលរដ្ឋនៅពោធិ៍សាត់ ថាក្រុមហ៊ុន ទ្រី ភាព ឈូសរំលោភដីធ្លីខ្លួន
ស្ថិតក្រោម នយោបាយអភិវឌ្ឍន៍ និងគ្រប់គ្រង របស់រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ដែលបានផ្ដល់ដី ប្រភេទសម្បទានសេដ្ឋកិច្ច ទៅឲ្យក្រុមហ៊ុនឯកជនកាន់កាប់ តែបែរជាប៉ះពាល់ ទៅលើដីរបស់ពលរដ្ឋ ដែលបានរស់នៅទីនោះ តាំងពីច្រើនឆ្នាំមកហើយ។ ជម្លោះដីធ្លីជាច្រើន មិនត្រូវបានអាជ្ញាធរថ្នាក់តំបន់ រកដំណោះស្រាយឲ្យបានឡើយ ដោយរុញឲ្យពលរដ្ឋរងគ្រោះ ឡើងមកថ្នាក់ជាតិ ដើម្បីធ្វើការតវ៉ា។ ការឡើងមកតវ៉ា ដល់ថ្នាក់ជាតិនៅឯភ្នំពេញ វាគ្រាន់តែជា «ការចុះទឹក ជួបក្រពើ និងការឡើងលើ ជួបខ្លា» ប៉ុណ្ណោះ ព្រោះរដ្ឋាភិបាល បានរុញករណីវិវាទដីធ្លីទាំងនោះ ត្រឡប់ទៅថ្នាក់មូលដ្ឋាន ឲ្យធ្វើការដោះស្រាយវិញដដែល។
នេះជាករណីវិវាទដីធ្លីមួយ ក្នុងខេត្តពោធិសាត់ ដែលបានកើតឡើង តាំងពីឆ្នាំ២០១០មកនោះ តែក្ដីសង្ឃឹមថា នឹងមានដំណោះស្រាយសមស្រប សម្រាប់ពលរដ្ឋ ហាក់នៅឆ្ងាយសន្លឹម។ ដីវិវាទនោះ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង រីឯក្រុមហ៊ុន [...]