នៅពេលដែល ខឹម វាសនា ក្លាយជាវាគ្មិនស្នេហ៍ ដើម្បីរកចំណូល...
នាវេលានេះ ប្រធានគណបក្សនយោបាយម្នាក់ គួរតែត្រូវចេះដោះស្រាយវិបត្តិស្នេហ៍ ឲ្យប្រិយមិត្តរបស់ខ្លួន។ នេះ បើសិនជាគេយោងតាមកម្មវិធីថ្មីមួយ ដែលទើបត្រូវបានបង្កើតឡើង ដោយប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា គណបក្សជួង) ចាប់ផ្ដើមធ្វើ ពីល្ងាចថ្ងៃទី៧ ខែកញ្ញា វេលាម៉ោង១៧នេះតទៅ។ លោក ខឹម វាសនា ផ្ទាល់ នឹងក្លាយជាវាគ្មិនដោះស្រាយវិបត្តិស្នេហ៍ ទៅដល់ជនណាទាំងឡាយ ដែលចង់បានមតិយោបល់ ពីលោក។
យ៉ាងណាក៏ដោយ ក៏តួនាទីរបស់លោក នៅក្នុងកម្មវិធីថ្មី ត្រូវបានលោក ខឹម វាសនា ខ្លួនលោកបកស្រាយថា ជាការសាកល្បងមួយ ដើម្បីក្លាយជាវាគ្មិនធ្វើកិច្ចការងារនេះ ដោយធ្វើការផ្សាយផ្ទាល់ តាមហ្វេសប៊ុក។ ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ បានសរសេរ នៅលើគណនីហ្វេសប៊ុក របស់លោកថា៖ «អ្នកណាក៏ដោយ ឲ្យតែមានវិបត្តិស្នេហ៍ អញ្ជើញចូលមកចុះ ពូសាកល្បង ជួយឲ្យយោបល់សាកមើល។ ចង់រកមុខរបរបន្ថែមមួយទៀត [...]