សំ ប៉ូលីដា សុំ ប៊ុន រ៉ានី ឲ្យជួយដោះស្រាយរឿង«ប្ដីវាយ»
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ សីហា ២០១៦
- កែប្រែចុងក្រោយ: August 13, 2016
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងរយៈពេល មិនដល់២៤ម៉ោងផង តែ«ការពិត»ដែលមានប្រភព ពីអ្នកនាង សំ ប៉ូលីដា បានកើតឡើងដល់ទៅ២ ផ្សេងគ្នា។ ប៉ុន្តែ«ការពិត»ចុងក្រោយ ដែលបង្កភាពវិលវល់មិនតិចដល់សាធារណជននេះ បានបញ្ជាក់ដោយខ្លួនអ្នកនាងថា អ្នកនាងពិតជារងការវាយធ្វើបាប ពីសំណាក់ស្វាមីពាក់ស័ក្ដិ៤របស់ខ្លួន សឹងមិនលួសពេលឡើយ ជាពិសេសការវាយតប់ លើកចុងក្រោយបង្អស់ នៅថ្ងៃទី៣ ខែសីហាកន្លងមក។
នៅក្នុងឃ្លីបវីដេអូមួយ ដែលត្រូវបានយកមកបង្ហោះ នៅលើបណ្ដាញសង្គម នៅប៉ុន្មានប៉ុន្មានម៉ោងមុននេះ តារាកំប្លែងស្រីសំដីបាន អ្នកនាង សំ ប៉ូលីដា បានសារភាពសារពីអំពើហិង្សា និងបានធ្វើការអំពាវនាវ ទៅអ្នកស្រី ប៊ុន រ៉ានី ភរិយានាយករដ្ឋមន្ត្រី ឲ្យជួយខ្លួនទាក់ទងនឹងទង្វើហិង្សា វាយតប់លើអ្នកនាង សឹងមិនលួសពេល ប្រព្រឹត្តិដោយស្វាមីអ្នកនាង គឺលោក ស្វាយ ស៊ីសុថា ដែលជាមន្ត្រីរាជអាវុធហត្ថ ពាក់ស័ក្ដិ៤។ អ្នកនាងបានថ្លែងឡើងថា៖ «ខ្ញុំសូមឲ្យឮដល់លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ដែលគាត់បានចងដៃខ្ញុំ ៥០០០ដុល្លារ ពេលខ្ញុំការ។ អញ្ចឹងសូមឲ្យគាត់ ជួយដោះស្រាយឲ្យខ្ញុំ ដែលមន្ត្រីរាជការបែបនេះ ស័ក្ដិដល់ទៅបួន មកធ្វើបាបខ្ញុំជាសិល្បៈករម្នាក់។ អញ្ចឹងថា ត្រូវធ្វើយ៉ាងម៉េច?»
វីដេអូនេះ ទំនងជាត្រូវបានថត នៅមួយថ្ងៃក្រោយពេលកើតហេតុភ្លាមៗ។ បើទោះជានៅក្នុងវីដេអូ មិនបានបញ្ជាក់ថា ជាទង្វើរបស់ស្វាមីអ្នកនាងនោះទេ តែស្លាកស្នាមជាក់ស្ដែង មានដូចជារបួសបាក់ជើង រយះខ្ទង់ច្រមុះ និងជាំមួយចំហៀងមុខ វាពិបាកធ្វើឲ្យគេជឿថា ជាស្លាកស្នាមដែលអ្នកនាងជួបគ្រោះថ្នាក់ ត្រឹមតែដួលធម្មតា ឬដោយសារពាក់ស្បែកជើងកែង ហើយរអិលបុកនឹងជ្រុងទូទឹកកក។ ការរងគ្រោះដួលរអិលជើង ដែលជាការអះអាងរបស់អ្នកនាង សំ ប៉ូលីដា នៅក្នុង«ការពិត»មួយទៀត។
យ៉ាងណា នៅក្នុងវីដេអូ«ការពិត»ថ្មីមួយនេះ អ្នកនាងបាននិយាយថា លោក ស្វាយ ស៊ីសុថា ហៅ ខ្យា គឺជាជនញៀនល្បែង ជាបុគ្គលខ្មោចចេញខ្មោចចូល ដោយតែងប្រើប្រាស់អំពើហិង្សាគ្រប់ពេលមិនថា អ្នកនាងសរសៃខ្ចីនោះឡើយ។ អ្នកនាងបានបន្តទៀតថា សកម្មភាពវាយតប់នេះ គឺវាយតាំងពីអ្នកនាងកើតកូនបាន២ថ្ងៃ និងជាពិសេស នៅពេលដែលលោក ស៊ីសុថា មានស្រី និងចាញ់អាប៉ោង។ តារាកំប្លែងបាននិយាយថា ក្រោយពេលមានការប្ដឹងប៉ូលិសម្ដងៗ គឺប៉ូលិសព្រែកឫស្សី ហាក់មិនបានអើពើនោះផងទេ។
» វីដេអូ«ការពិត»ថ្មី ដែលត្រូវបានយកមកបង្ហោះ នៅតាមបណ្ដាញសង្គម៖
ដំណឹងចុងក្រោយ ដែលទើបនឹងត្រូវបានបង្ហោះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់អ្នកស្រី ប៊ុន រ៉ានី បានឲ្យដឹងថា អ្នកស្រីភរិយាលោក ហ៊ុន សែន រូបនេះ បានចាត់ឲ្យក្រុមការងារ ចុះទៅសួរសុខទុក្ខ និងប្រគល់ថវិកាមួយចំនួន ដល់អ្នកនាង សំ ប៉ូលីដា ដែលបានរងគ្រោះថ្នាក់បាក់ជើង និងរងរបួសលើផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ។ សំណេរនោះ មិនបានបញ្ជាក់ឲ្យដឹង ពីទឹកប្រាក់ថាមានចំនួនប៉ុន្មានទេ តែបើតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា មានប្រមាណជា៥លានរៀល៕
» រូបថត នៅមុនអ្នកនាង សំ ប៉ូលីដា ចូលរោងការជាមួយលោក ស្វាយ ស៊ីសុថា៖