អ៊ឺរ៉ូ២០១៦៖ ប្រទេសបារាំងទាំងមូល ចង់ចាប់គ្រីស្មាន់«ថើប»
៥នាទីធ្វើឲ្យប្រជាជាតិមួយយំ និងមួយទៀតសើច។ នេះហើយ ដែលគេហៅថា បាល់ទាត់!!!
នៅក្នុងរយៈពេល ត្រឹមតែ៥នាទីប៉ុណ្ណោះ កីឡាករ អង់ទ័ន គ្រីស្មាន់ (Antoine Griezmann) បានរកគ្រាប់បាល់ឲ្យ ក្រុមជម្រើសជាតិរបស់ខ្លួន បានដល់ទៅពីរគ្រាប់។ គ្រាប់ទីមួយ ដោយប្រើក្បាលបុកបញ្ចូលទី (នាទីទី៥៧) បន្ទាប់ពីទទួលបាល់បាន ពីស្លាបបម្រើខាងស្ដាំ និងគ្រាប់ទីពីរ ដោយទាន់បញ្ឆិតជើង (នាទីទី៦១) បន្ទាប់ពីទទួលបាល់បាន ពីខ្សែប្រយុទ្ធដូចគ្នា។
ការប្រកួតរវាងប្រទេសបារាំង និងប្រទេសអៀរឡង់ បានប្រព្រឹត្តិទៅ កាលពីរសៀលថ្ងៃអាទិត្យនេះ នៅក្នុងកីឡាដ្ឋានដ៏ធំ នៃទីក្រុងលីយ៉ុង ប្រទេសបារាំង។ នៅពាក់កណ្ដាលម៉ោងដំបូង ប្រទេសបារាំងទាំងមូលភ័យ បុកពោះមិនស្ទើរឡើយ ដោយសារក្រុមអៀរឡង់ បាននាំមុខមួយគ្រាប់មុន តាំងពីនាទីទី២ ដោយសារកីឡាករខ្សែបម្រើបារាំង «Paul Pogba» បានប្រព្រឹត្តិកំហុស នៅមុខទីខ្លួនឯង។