បក្សសង្គ្រោះជាតិ ថាការចាប់ខ្លួន អ៊ុំ សំអាន រំលោភរដ្ឋធម្មនុញ្ញ
គណបក្សសង្គ្រោះជាតិ បានថ្កោលទោសយ៉ាង«ដាច់អហង្ការ» ចំពោះការចាប់ខ្លួន លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប កាលពីយប់រំលងអាធ្រាត ចូលមកព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៦នេះ នៅខេត្តសៀមរាប។
នៅក្នុងសេចក្ដីថ្លែងការណ៍ របស់គណបក្សសង្គ្រោះជាតិ ដែលចេញផ្សាយឲ្យដឹង នៅព្រឹកថ្ងៃចន្ទទី ១១ ខែមេសានេះ និងដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ដែរនោះ បានសរសេរឲ្យដឹងថា ការចាប់ខ្លួនខាងលើនេះ ជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរ ទៅលើអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ ដែលត្រូវបានធានាដោយច្បាប់ និងរដ្ឋធម្មនុញ្ញកម្ពុជា។ សូមអានសេចក្ដីថ្លែងការណ៍នេះទាំងស្រុង នៅផ្នែកខាងក្រោមអត្ថបទ។
បន្ទាប់ពីបានចាកចេញ ពីប្រទេសអស់រយៈពេលជាង ៧ខែ ហើយបានត្រឡប់មកប្រទេសកម្ពុជាវិញ កាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែមេសា លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រ ដែលល្បីល្បាញខាងបញ្ហាព្រំដែន ត្រូវបានកងកម្លាំងអាជ្ញាធរចាប់ខ្លួន [...]