ប្លន់ប្រដាប់អាវុធយកម៉ូតូ រួចបាញ់ម្ចាស់រងរបួសធ្ងន់
ហេតុការណ៍ប្លន់ ប្រដាប់ដោយអាវុធនេះ បានបង្ករការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៥ នៅតាមផ្លូវលំមួយ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ រាជធានី ភ្នំពេញ។ រងគ្រោះ មិនត្រូវបានគេស្គាល់ អត្តសញ្ញាណទេ ក្នុងពេលភ្លាមៗ ហើយត្រូវបានបញ្ជូនចេញ ទៅសង្គ្រោះបន្ទាន់ ដោយសារមានរបួសធ្ងន់ធ្ងរ។
សាក្សីនៅកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា ដំបូងគេឃើញក្រុមចោរប្លន់ មានគ្នាពីរនាក់ បានជិះម៉ូតូពីក្រោយ ជនរងគ្រោះ លុះមកដល់កន្លែងកើតហេតុ អ្នកទាំងពីរបានហៅម៉ូតូឈប់ រួចធ្វើសកម្មភាពប្លន់តែម្តង។ សាក្សីបន្តទៀតថា នៅពេលនោះ មានការប្រតាយប្រតប់គ្នា តែគ្មានអ្នកណាហ៊ានចូលជួយទេ ព្រោះឃើញក្រុមចោរ មានកាំភ្លើងខ្លីនៅនឹងដៃ។ ដោយហេតុម្ចាស់ម៉ូតូតដៃ ដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួនដូច្នេះ ក្រុមចោរក៏បានបាញ់ ម្ចាស់ម៉ូតូមួយគ្រាប់ ចំត្រូវដៃ រួចយកម៉ូតូជនរងគ្រោះ ជិះគេចខ្លូនបាត់ស្រមោល។
[...]