វ៉ន ពៅ៖ រឿងខ្ញុំជាមេរៀន ធៀបទៅនឹងរឿងអ្នកទាំង១១នាក់
ស្របពេលដែលសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះ សកម្មជនគណបក្សប្រឆាំងចំនួន១១នាក់ ដោយចោទពីបទដឹកនាំកុបកម្ម និងចូលរួមក្នុងចលនាកុបកម្ម ប្រព្រឹត្ដទៅនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៤ អ្នកគាំទ្រនៅខាងក្រៅសាលាដំបូងវិញ បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ជាពិសេសលោក វ៉ន ពៅ បានថ្លែងពីបទពិសោធន៍ដ៏ជូរចត់របស់ខ្លួន ជាមួយនឹងប្រព័ន្ធយុត្តិធម៌កម្ពុជា ថាមានលក្ខណៈមិនខុសគ្នា ពីករណីរបស់សកម្មជនទាំង១១នាក់នេះឡើយ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅមុខសាលាដំបូងរាជធានីភ្នំពេញ លោក វ៉ន ពៅ បានបង្ហាញនូវករណីនៃការចាប់រូបលោកផ្ទាល់ កាលពីដើមឆ្នាំ២០១៤នេះថា ក្នុងនាមលោកជាអង្គការសង្គមស៊ីវិល ដែលបានចូលខ្លួនទៅឃាត់មិនឲ្យមានអំពើហិង្សា តែត្រូវបានគេចោទប្រកាន់ មកលើរូបលោកទៅវិញ។
[...]