រកឃើញសពឆ្កែរំក្រណាត់៨លានក្បាល នៅក្នុងផ្នូរបូរាណអេហ្សីប
ប្រទេសអេហ្សីប នៅក្នុងសម័យបូរេប្រវត្តិ ត្រូវបានគេទទួលស្គាល់ ថាប្រទេសនេះ មានការចិញ្ចឹមសត្វពាហនៈ ដែលបម្រើម្ចាស់ យ៉ាងពិសេស។ ជាញ៉យដងណាស់ ដែលអ្នកបូរាណវិទូជាច្រើន តែងបានគាស់ចេញពីដី នូវសាកសពរំក្រណាត់ (ឬភាសាអង់គ្លេសហៅថា Mummy បារាំងហៅថា Momie) ដែលមិនមែនជាសាកសពមនុស្ស។ ប៉ុន្តែការរុករកថ្មីៗ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងផ្នូរបូរាណ ភាគខាងត្បូងនៃរដ្ឋធានី គែរ (Caire) ប្រទេសអេហ្សីប បានរកឃើញសាកសព ដែលរំដោយក្រណាត់ មានចំនួនដល់ទៅ ៨លានសាកសព។ សាកសពទាំងនោះ សុទ្ធសឹងជាសាកសព របស់សត្វឆ្កែ ហើយត្រូវបានគេដឹងថា បានបញ្ចុះ តាំងពីជាង២០០០ឆ្នាំមុន។
ក្រុមអ្នកស្រាវជ្រាវ មកពីសកលវិទ្យាល័យ «Cardiff» ភាគខាងលិចនៃចក្រភពអង់គ្លេស បានរៀបរាប់ពីការរកឃើញ របស់ពួកគេប្រាប់ព្រឹត្តិបត្រ «Antiquity» ថាសាកសពឆ្កែ រាប់លានក្បាលទាំងនេះ ស្ថិតក្នុងផ្នូរបូរាណ នៃប្រាសាទមួយ ដែលឧទ្ទិសឲ្យអាទិទេព «Anubis» ដែលមានក្បាលសេះ ខ្លួនជាមនុស្ស។ [...]