រក​ឃើញ​សព​ឆ្កែ​រំក្រណាត់​៨លាន​ក្បាល នៅ​ក្នុង​ផ្នូរ​បូរាណ​អេហ្សីប

ក្រុមបូរាណវិទូ ទើបនឹងរកឃើញ សាកសពសត្វឆ្កែរំក្រណាត់ ជាច្រើនលានក្បាល នៅក្នុងផ្នូរបូរាណមួយ ស្ថិត​នៅ​ខាង​ក្រោម​ប្រាសាទ របស់អាទិទេព «Anubis» មានក្បាលសេះ ខ្លួនជាមនុស្ស ភាគខាងត្បូងនៃរដ្ឋធានី គែរ ប្រទេស​អេហ្សីប។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ០៥ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 06, 2015
  • ប្រធានបទ: ស្រាវជ្រាវ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសអេហ្សីប នៅក្នុងសម័យបូរេប្រវត្តិ ត្រូវបានគេទទួលស្គាល់ ថាប្រទេសនេះ មានការចិញ្ចឹមសត្វពាហនៈ ដែលបម្រើម្ចាស់ យ៉ាងពិសេស។ ជាញ៉យដងណាស់ ដែលអ្នកបូរាណវិទូជាច្រើន តែងបានគាស់ចេញពីដី នូវ​សាកសពរំក្រណាត់ (ឬភាសាអង់គ្លេសហៅថា Mummy បារាំងហៅថា Momie) ដែលមិនមែនជា​សាកសព​មនុស្ស។ ប៉ុន្តែការរុករកថ្មីៗ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងផ្នូរបូរាណ ភាគខាងត្បូងនៃរដ្ឋធានី គែរ (Caire) ប្រទេសអេហ្សីប បានរកឃើញសាកសព ដែលរំដោយក្រណាត់ មានចំនួនដល់ទៅ ៨លានសាកសព។ សាក​សពទាំងនោះ សុទ្ធសឹងជាសាកសព របស់សត្វឆ្កែ ហើយត្រូវបានគេដឹងថា បានបញ្ចុះ តាំងពីជាង២០០០ឆ្នាំ​មុន។

ក្រុមអ្នកស្រាវជ្រាវ មកពីសកលវិទ្យាល័យ «Cardiff» ភាគខាងលិចនៃចក្រភពអង់គ្លេស បានរៀបរាប់ពី​ការ​រកឃើញ របស់ពួកគេប្រាប់ព្រឹត្តិបត្រ «Antiquity» ថាសាកសពឆ្កែ រាប់លានក្បាលទាំងនេះ ស្ថិតក្នុងផ្នូរបូរាណ នៃប្រាសាទមួយ ដែលឧទ្ទិសឲ្យអាទិទេព «Anubis»  ដែលមានក្បាលសេះ ខ្លួនជាមនុស្ស។ ប្រាសាទនោះ ស្ថិតក្នុងវាលកប់ខ្មោចដ៏ធំ ឈ្មោះ «Saqqara» ស្ថិតនៅភាគខាងត្បូង នៃរដ្ឋធានីគែរ របស់ប្រទេសអេហ្សីប។ រណ្ដៅផ្នូរបូរាណនោះ មានបណ្ដោយប្រវែង ១៧០ម៉ែត្រ និងទទឹង ១៤០ម៉ែត្រ។ ភាគច្រើននៃសាកសព​ឆ្កែ​រំ​ក្រណាត់ មិនមានសភាពល្អដូចដើមទេ ខណៈមួយចំនួនទៀត ត្រូវបានគាស់របើករហែក ដោយបណ្ដាល​ពី​ការលួចគាស់ កកាយផ្នូររបស់ក្រុមចោរ។

លោក ផូល នីឆូលសុន (Paul Nicholson) ប្រធានគម្រោងរុករក និងជាសាស្ត្រាចារ្យ នៅសកលវិទ្យាល័យ​ខាងលើ បានថ្លែងឲ្យដឹងថា៖ «គេពិបាកនឹងរកបាន នូវសាកសពរំក្រណាត់ ដែលនៅទាំងមូលស្អាតនោះ​ណាស់»។ ចំពោះចំនួនសាកសព ដែលមានដល់ទៅ៨លានក្បាល ត្រូវបានក្រុមអ្នកបូរាណវិទូធ្វើការ​គណនា ដោយយោងទៅនឹងទំហំ របស់ផ្នូរបូរាណ និងចំនួនសាកសព ដែលត្រូវបានរកឃើញសេសសល់ នៅ​ទីនោះ។

ផ្នូរបូរាណ ដែលទំនងជាសង់ឡើង នៅ៤សតវត្ស មុនគ្រឹស្ទ៍សករាជ្យនេះ ត្រូវបានគេរកឃើញម្ដងហើយ កាល​ពីសតវត្សទី១៩ ប៉ុន្តែនៅពេលនោះ ក្រុមអ្នកស្រាវជ្រាវមិនបានដឹងថា តើសាកសពរំក្រណាត់ មានចំនួន​ប៉ុន្មាន​ឡើយ រហូតមកទល់ នឹងការរកឃើញឡើងវិញ នាពេលថ្មីៗកន្លងមក។ នៅក្នុងផ្នូរ គេក៏បានរកឃើញដែរ នូវ​សាកសពរបស់សត្វចចក និងសាកសពដទៃទៀត ដែលស្ថិតក្នុងអម្បូរឆ្កែតែមួយ។

បើតាមអ្នកស្រាវជ្រាវ បានឲ្យដឹងថា កាលពីជំនាន់នោះ តំបន់ជុំវិញប្រាសាទ ធ្លាប់មានសកម្មភាព យ៉ាងរស់​រវើក។ ប្រាសាទទាំងនេះ បានផ្ដល់ទៅឲ្យអ្នកស្រុក នូវស្ថានភាពសេដ្ឋកិច្ចដ៏ប្រសើរ ជាមួយនឹងអ្នក​ទេសចរណ៍ អ្នកជំនួញ និងអ្នកចិញ្ចឹមសត្វ។ ហើយអ្នកទាំងនោះ បានយកសត្វឆ្កែ មករំនឹងក្រណាត់ទាំងរស់ ហើយដាក់​ចូល​ទៅក្នុងរណ្ដៅ ដើម្បីឧទ្ទិសទៅឲ្យព្រះអាទិទេព «Anubis»។ លោកសាស្ត្រាចារ្យ នីឆូលសុន បានថ្លែងឲ្យ​ដឹង​ទៀតថា៖ «តំបន់នេះ ទំនងជាមានមនុស្សចុះឡើង ច្រើនណាស់។ នោះ គឺជាសហគមន៍មួយ ដែល​បាន​រស់​នៅទីនេះ ព្រោះជំនឿសាសនា ដែលទាក់ទងនឹងសត្វ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...